ខេត្តស្វាយរៀង: ផ្លូវក្រាលក្រួសក្រហម ៧៣៦០ម៉ែត្រ លូកាត់ផ្លូវ៣កន្លែងក្នុងភូមិត្រស់ ភូមិតាសួសនិងភូមិពពួល ឃុំត្រស់ ស្រុករមាសហែកដែលជាចំណងដៃ ឆ្លើយតបដល់ការបើកវេទិកាកន្លងមកជូនដល់បងប្អូនប្រជាពលរដ្ឋ ត្រូវបានបើកការដ្ឋានស្ថាបនា ព្រមទាំងសមិទ្ធផល នានាជាច្រើនតាមបណ្ដាភូមិឃុំ ទាំង១៦ឃុំ ក្រោមការដឹកនាំរបស់លោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែកនាពេលបច្ចប្បន្ននេះ។
ជាក់ស្ដែងនាព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២នេះ លោក ស៊ូ ម៉ុល អភិបាលស្រុក បានដឹកនាំក្រុមការងារក្រោមឱវាទអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវចាក់ក្រួសក្រហមប្រវែង៧៣៦០ម៉ែត្រ មានកម្រាស់០.១៥ម៉ែត្រ ដាក់លូ៣កន្លែងដែលជាមូលនិធិគម្រោងរបស់ឃុំក្នុងឆ្នាំ២០២២ ត្រូវបើកកាដ្ឋាន និងបើកវេទិកាសាធារណៈជាមួយប្រជាពលរដ្ឋចំនួន៣ភូមិមានដូចជា ភូមិត្រស់ ភូមិតាសួស និងភូមិពពូល ស្ថិតក្នុងឃុំត្រស់ ស្រុករមាសហែកដោយមានអ្នកចូលរួមសរុប១៨០នាក់ស្រី១២៦នាក់។
លោក ស៊ូ ម៉ុល អភិបាលស្រុកបានថ្លែងថា ក្រោមការដឹកនាំចង្អុលបង្ហាញពីសំណាក់លោកស្រី ម៉ែន សំអន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានធ្វើឱ្យខេត្តស្វាយរៀងក៏ដូចជាក្នុងស្រុករមាសហែកមានការរីកចម្រើនលើគ្រប់វិស័យ។
ក្នុងឱកាសនោះ លោក ស៊ូ ម៉ុល បានពាំនាំការផ្ដាំផ្ញើសាកសួរសុខទុក្ខនឹងនឹករលឹកពីសំណាក់លោក សៅ សុខា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក ដែលជានិច្ចកាល លោកតែងតែយកចិត្តទុកដាក់ចំពោះជីវភាពរស់នៅរបស់ប្អូនប្រជាពលរដ្ឋ និងបានកសាងសមិទ្ធផលនានាជាច្រើននៅទូទាំងស្រុករមាសហែក។
លោក ស៊ូ ម៉ុល បានជំរុញឱ្យអាជ្ញាធរគ្រប់លំដាប់ក្នុងស្រុករមាសហែកបន្តការខិតខំអនុវត្តន៍គោលនយោបាយភូមិឃុំ មានសុវត្ថិភាពទាំង៧ចំណុចជូនបងប្អូនប្រជាពលរដ្ឋ ពិសេសបានធ្វើការផ្តាំផ្ញើដល់មន្រ្តី មេឃុំ ស្មៀន លោកនាយប៉ុស្តិ៍ មណ្ឌលសុខភាព និងមេភូមិដែលជាអ្នកដើរតួនាទីយ៉ាងសំខាន់ និងជាអ្នកដោះស្រាយនូវសំណូមពរនិងការផ្តល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន ទាំងនេះគឺត្រូវរួមគ្នាប្រឹងប្រែងដោះស្រាយជូនគាត់ឱ្យបានទាន់ពេលវេលា ។ លោកក៏បានណែនាំដល់បងប្អូនពលរដ្ឋថា ពេលបានផ្លូវល្អងាយស្រួលធ្វើដំណើរហើយសូមបងប្អូនចូលរួមថែរក្សាទាំងអស់គ្នា ព្រោះផ្លូវទាំងនេះជារបស់យើងទាំងអស់គ្នា មិនមែនជារបស់បុគ្គលណាម្នាក់ឡើយ ហើយចំពោះអ្នកម៉ៅការផ្លូវនេះសូមធ្វើឱ្យមានគុណភាពនិងត្រូវតាមលក្ខណៈបច្ចេកទេស ពិសេសសូមឱ្យអ្នកប្រើប្រាស់ផ្លូវចូលរួមគោរពច្បាប់ចរាចរណ៍ដើម្បីកាត់បន្ថយនូវការគ្រោះថ្នាក់ចរាចរណ៍។
បងប្អូនប្រជាពលរដ្ឋក្នុងស្រុករមាសហែកបានថ្លែងអំណរគុណយ៉ាងខ្លាំងដល់ថ្នាក់ដឹកនាំរដ្ឋបាលស្រុកដែលបានគិតគូរពីសុខទុក្ខរបស់ពួកគាត់ពិសេសលោកអភិបាលស្រុកដ៏សកម្មការងារតែងតែចុះមកផ្ទាល់ដល់មូលដ្ឋានមិនគិតថ្ងៃឈប់សម្រាក តាមបណ្ដាភូមិ ឃុំដោយមិនប្រកាន់ខ្លួននិងនិន្នាការនយោបាយនោះទេ ដោយលោកចង់ដឹងពី ទុក្ខលំបាកទុក្ខកង្វល់និងបញ្ហាសំណូមពរសំណើផ្សេងៗរបស់ពួកគាត់ដែលបានកើតឡើងផងដែរ៕ ដោយសុថាន