ភ្នំពេញ៖ បុរសម្នាក់បេីករថយន្តFord បញ្ច្រាសទិសដៅចរាចរណ៍ជ្រុលទៅបុករថយន្ជម៉ាកWULINGបណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៤៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៨ខែធ្នូឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ត្រង់ចំណុចមុខសាលាសង្កាត់ចោមចៅទី៣ ក្នុងភូមិថ្នល់បំបែក សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកWULING ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AP-3991បើកដោយជនជាតិចិនធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ក្នុងទិសដៅពីលិចទៅកើត ខណៈបើកមកដល់ចំណុចកើតហេតុខាងលើស្រាប់តែមានរថយន្តម៉ាកFord ពណ៌សពាក់ស្លាកលេខភ្នំពេញ2BG-5979ធ្វើដំណើរតាមបណ្តោយផ្លូវបេតុងសាលារៀនសុវណ្ណភូមិក្នុងទិសដៅពីត្បូងទៅជើងបត់ចូលផ្លូវជាតិលេខ៤ក្នុងទិសដៅពីកើតទៅលិចបញ្ច្រាសទិសចរាចរណ៍ជ្រុលទៅបុកគ្នាយ៉ាងពេញទំហឹងបណ្តាលឱ្យរងការខូចខាតរថយន្តទាំង២គ្រឿងយ៉ាងដំណំ តែសំណាងល្អគ្រាន់តែរងរបួសស្រាល២នាក់ប៉ុណ្ណោះ។
បន្ទាប់មកគេបានឃើញមានសមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែងកើតហេតុធ្វើការវាស់វែង រួចយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យដើម្បីរង់ចាំធ្វើការដោះស្រាយគ្នា៕ ដោយ៖សុខាសែនជ័យ