ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ ២០១៦នេះ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយ លោកស្រី អឹុម ថាវី ប្រធានគណៈកម្មាធិការអនុសាខា ចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទៅចែកជូនដល់ប្រជាពលរដ្ឋចាស់ជរាក្រីក្រចំនួន ២២គ្រួសារ រស់នៅភូមិចំនួន១៦ ក្នុង សង្កាត់បឹងធំ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ក្នុងឱកាសនោះ លោកស្រីប្រធានគណៈកម្មាធិការអនុសាខា បានពាំនាំ ប្រសាសន៍លើកឡើងពីការយកចិត្តទុកដាក់គិតគូរខ្ពស់ជាប់ជានិច្ចពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ចំពោះសុខទុក្ខប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងផ្តាំផ្ញើសូមឲ្យបងប្អូនលោកយាយ លោកតា ទាំងអស់ត្រូវគិតគូរពីសុខភាពដោយ រស់នៅស្អាត ហូបស្អាត ផឹកស្អាត ដើម្បីជៀសវាងពីជំងឺដង្កាត់ផ្សេងៗមកបៀតបៀន។
អំណោយមនុស្សធម៌ផ្តល់ជូនគ្រួសារនីមួយៗទទួលបាន ៖ អង្ករ ៣០គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង ឃីត១ (មុង១ ភួយ១ ក្រមា១ សារុង១)។ ដោយឡែកអនុសាខាបានផ្តល់បន្ថែមនូវ ទឹកសុទ្ធ ១កេស ស្ករសរ ១គីឡូក្រាម ទឹកដោះគោ ២កំប៉ុង តែ ៥កញ្ចប់ ទឹកក្រូច ៣កំប៉ុង និងថវិកា ៥មឺុនរៀល៕
ដោយ៖ សីលា