ភ្នំពេញ៖ ក្រសួងបរិស្ថាន នៅព្រឹកថ្ងៃចន្ទទី១៩ ខែធ្នូ ឆ្នាំ២០២២នេះ បានឱ្យដឹងថា កេសរកូល ប៉ារ៉ាឈ្មោល (ស្បែកជើងទេវតា) ដុះនៅតំបន់ទេសចរណ៍ធម្មជាតិភ្នំព្រះ ស្ថិតក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស។
ក្រសួងបរិស្ថាន បន្តថា កេសរកូល ប៉ារ៉ាឈ្មោល (ស្បែកជើងទេវតា) ពពួកដុះលើដី លីតូហ្វ៊ីត ស៊ាំប៉ូ ឌីយ៉ាល់ ដុះលើដីសំបូរជាតិស៊ីលីកាត និងដុះលើថ្មសំបូរស្លែនៅតំបន់ដែលត្រជាក់ នៅព្រៃបៃតងមានអ័ព្ទច្រើន ដុះរយ:កម្ពស់៧០០-១៨០០ម។
សូមជម្រាបថា រដូវចេញផ្កាខែមករា-មីនា ទំហំដើមមធ្យម ស្លឹកប្រវែង ៦-៨ X ១០-២០ស.ម កញ្ចុំផ្កាប្រវែង១៥-៥០ ស.ម ផ្កាមាន១-២ ប្រវែងផ្កានីមួយៗ៦-១០ ស.ម។
គួរបញ្ជាក់ដែរថា កាលពីម្សិលមិញនេះ ក្រសួងបរិស្ថាន ក៏បានបង្ហាញពីកេសរកូល ពងមាន់ក្រពុំ ដុះនៅតំបន់ទេសចរណ៍ធម្មជាតិកំឡូតផ្លាតូ ឧទ្យានជាតិជួរភ្នំក្រវ៉ាញ។
កេសរកូល ពងមាន់ក្រពុំ ពពួកអេពីហ្វ៊ីត លីតូហ្វ៊ីត និងស៊ាំប៉ូ ឌីយ៉ាល់ ដុះលើដីទំនាបព្រៃបៃតង មានសំណើមខ្ពស់ ដុះតាមច្រាំងថ្មចោតនៅក្បែរស្ទឹង ដុះរយ:កម្ពស់ ២០០-១២០០ម រដូវចេញផ្កាខែកញ្ញា-ធ្នូ ទំហំដើមតូច ដើមមានក្តៀង ទងផ្កាមានប្រវែង៥-៧ស.ម និងមានផ្កាក្រាស់ដុះជាន់ៗគ្នាជាច្រើន ហើយមានប្រវែង ៦-៨ស.ម៕ ដោយ៖សហការី