ខេត្តតាកែវ៖ ជនសង្ស័យថ្លើមធំម្នាក់បានចូលទៅចាប់រំលោភសេពសន្ថវៈបានសម្រេចក្នុងផ្ទះជនរងគ្រោះព្រមទាំងដោះយកគ្រឿងអលង្ការមួយចំនួននិងប្រាក់ផងដែរ។
បើតាមរបាការណ៍របស់អធិការដ្ឋាននគរបាលស្រុកត្រាំកក់ បានបង្ហាញថា ករណីរំលោភសេពសន្ថវៈនេះកើតឡើងកាលពីវេលាម៉ោង៩និង៤៥នាទីយប់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦ ដែលបង្កឡើងដោយជនសង្ស័យឈ្មោះ ប៉ិច ស្រស់ អាយុ២៤ឆ្នាំ រស់នៅភូមិត្រពាំងជ្រៃ ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់ ខេត្តតាកែវ បានធ្វើសកម្មភាពឡើងទៅលើផ្ទះស្ត្រីរងគ្រោះឈ្មោះ ភិន សារឿន អាយុ៣៧ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា ដែលកំពុងដេកជាមួយនិងកូនរំលោភរហូតបានសម្រេចនិងបានដោះយកគ្រឿងអលង្ការមានខ្សែកមួយខ្សែទម្ងន់២ជី ចិញ្ចៀនមួយវង់ទម្ងន់១ជី ព្រមទាំងប្រាក់៥០០,០០០រៀល រួចក៏រត់គេចខ្លួន។
លុះព្រឹកឡើងស្ត្រីរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់ឲ្យជួយស្វែងរកចាប់ខ្លួនជនសង្ស័យ។ បន្ទាប់ពីកម្លាំងជំនាញនៃអធិការនគរបាលស្រុកបានទទួលពាក្យបណ្តឹងពីជនរងគ្រោះរួចមកក៏បានចុះស្រាវជ្រាវនិងធ្វើការឃាត់ខ្លួនជនសង្ស័យបាននៅល្ងាចថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៦ដើម្បីសាកសួរ។ ក្រោយការសាក់សួរជនសង្ស័យខាងលើបានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពឡើងទៅលើផ្ទះជនរងគ្រោះចាប់រំលោភសេពសន្ថវៈនិងដោះយកគ្រឿងអលង្ការនិងប្រាក់ដូចដែលស្ត្រីរងគ្រោះប្តឹងចោទនោះមែន។
បច្ចុប្បន្នជនសង្ស័យឈ្មោះ ប៉ិច ស្រស់ ត្រូវបានបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តតាកែវចាត់ការបន្តតាមនីតិវិធី៕
ដោយ៖ ជីសូរិកា