នគរបាលកម្ពុជានិងអូស្រ្តាលីបន្តព្រមព្រៀងគ្នាបង្ក្រាបបទល្មើសឧក្រិដ្ឋកម្មឆ្លងដែន

ចែករំលែក៖

ភ្នំពេញ ៖ អគ្គស្នងការនគរបាលជាតិ កម្ពុជាលោកនាយឧត្តមសេនីយ៍ នេត សាវឿន និងអគ្គស្នងការនគរបាលសហ ព័ន្ធអូស្តា្រលី លោក Andrew Colvin AOM បានបន្តចុះហត្ថលេខាលើអនុស្សរណៈព្រមព្រៀងគ្នាបង្កើនកិច្ចសហប្រតិបត្តិការបង្រា្កបបទល្មើសឧក្រិដ្ឋកម្មឆ្លងដែននិងបទល្មើសគ្រឿងញៀន។

អគ្គស្នងការរងនិងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិលោកនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានថ្លែង ក្រោយពិធីចុះហត្ថលេខាថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៦ នៅអគ្គស្នងការដ្ឋាននគរបាល ជាតិថា តាមរយៈនៃការចុះហត្ថលេខាព្រមព្រៀងគ្នានាពេលនេះគឺអគ្គស្នងការនគរបាលសហព័ន្ធអូស្ត្រាលីថា នឹងបង្កើនឲ្យអស់ពីសមត្ថភាពអនុវត្តតាមខ្លឹមសារអនុស្សរណៈការផ្លាស់ប្តូរព័ត៌មានសន្តិសុខព័ត៌មានបទឧក្រិដ្ឋឆ្លងដែនដើម្បីជួយគ្នាទៅវិញទៅមកដោះស្រាយសភាពការណ៍ និងសហការទប់ស្កាត់បទល្មើសឆ្លងដែនទាំងនោះ។

នាយឧត្តមសេនីយ៍ គៀត ច័ន្ធថារិទ្ធ បន្តថា ក្នុងជំនួបនោះអគ្គស្នងការនគរបាលអូស្រ្តាលីបញ្ជាក់ថានឹងសិក្សាពិចារណាជួយដល់អង្គភាពថ្មីមួយគឺនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាដែលអគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជាទើបនឹងបង្កើតនាពេលកន្លងមកនេះ ហើយតាមរយៈនៃការជួយនោះគឺភាគីអូស្ត្រាលីនឹងចាត់មន្ត្រីនគរបាលជំនាញរបស់អូស្ត្រាលីមកធ្វើការជាមួយនគរបាលជាតិកម្ពុជា។

លោកបន្តទៀតថា ក្នុងឱកាសចុះហត្ថលេខានាពេលនេះផងដែរអគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ លោក នាយឧត្តមសេនីយ៍ សុខ ផល ក៏បាន ចុះហត្ថលេខា ព្រមព្រៀងគ្នាជាលើកដំបូង ជាមួយអគ្គស្នងការដ្ឋាននគរបាលសហព័ន្ធអូស្ត្រាលី និងជាមួយអគ្គស្នងការនគរបាលជាតិកម្ពុជាដើម្បីរួមសហការគ្នាប្រឆាំងនឹងបទល្មើសគ្រឿងញៀនឆ្លងដែន។ សម្រាប់ការបង្ក្រាបបទល្មើសនេះដែរភាគីនគរបាលកម្ពុជា និងអូស្ត្រាលីនឹងបង្កើតក្រុមស៊ើបអង្កេតរួមមួយទៀត ដោយផ្តោតលើបទល្មើសចរាចរណ៍ជួញដូរគ្រឿងញៀនខុសច្បាប់។

ទន្ទឹមនឹងនោះនគរបាលអូស្ត្រាលីនឹងដាក់នគរបាលជំនាញរបស់ខ្លួនមកធ្វើការជាមួយកម្ពុជាបណ្តុះបណ្តាលនគរបាលកម្ពុជានិងជួយជាធនធានដើម្បីឲ្យក្រុមការងារនេះប្រតិបត្តិការបង្រ្កាបបទល្មើសគ្រឿងញៀនបាន។

ក្នុងឱកាសនោះដែរអគ្គស្នងការនគរបាលសហព័ន្ធអូស្ត្រាលីបានផ្តល់ជំនួយម៉ាស៊ីនភ្លើងចំនួន១៦គ្រឿងដើម្បីដាក់ជូនប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន១៦កន្លែងដែលនគរបាលអូស្ត្រាលីបានសាងសង់អគារធ្វើការងារជូនកាលពីឆ្នាំ២០១៥កន្លងមក ៕

Untitled-1 copy

ដោយ៖ សីលា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print