ខេត្តកណ្តាល ៖ មកទល់ពេលនេះអស់ រយៈពេល២ខែហើយដែលម្តាយនិងកូន អាយុ១១ខែបានស្លាប់ព្រមគ្នាក្នុងគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់កើតឡើងនៅលើស្ពានព្រែកក្តាម ក្នុងឃុំកោះចិន ស្រុកពញាឮដែលបង្កឡើងដោយរថយន្តដឹកទំនិញរបស់ក្រុមហ៊ុន ស វឿន ។ ប៉ុន្តែករណីនេះគេនៅមិនទាន់ដោះស្រាយនៅឡើយទេ បើទោះបីជាពេលនោះសមត្ថកិច្ចបានឃាត់ខ្លួនអ្នកបើករថយន្តក្តី។
យោងតាមបុរសជាប្តីនិងជាឪពុកជនរងគ្រោះបានឲ្យដឹងថា មកទល់ពេលនេះ មានរយៈពេលជិត២ខែហើយពន្លឺយុត្តិធម៌សម្រាប់រូបលោកនៅមិនទាន់ទទួលបាននៅឡើយទេ ដោយសមត្ថកិច្ចនិងតុលាការ ខេត្តកណ្តាលហាក់មិនមានចេតនាដោះស្រាយទាល់តែសោះខណៈដែលរូបលោកបានបាត់បង់ប្រពន្ធនិងកូនជាទីស្រលាញ់ស្មើជីវិត។
ចំពោះករណីនេះយើងមិនអាចទាក់ទងសុំការបំភ្លឺពីអយ្យការអមសាលាដំបូងខេត្តកណ្តាលដែលកាន់សំណុំរឿងនេះបានទេ។
ក្រោយកើតហេតុគេក៏បានឃាត់ខ្លួនអ្នកបើកបររថយន្តឈ្មោះ សែត សុផាត មានទីលំនៅក្នុងក្រុម៩ ភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ និងម្ចាស់រថយន្តបង្កឈ្មោះជា ដាណេ ភេទស្រី មានលំនៅឋានផ្ទះលេខ៣៦៧C ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានី ភ្នំពេញ៕
ដោយ៖ សុខ ខេមរា