ភ្នំពេញ៖ ផ្ទះអ្នកលក់ឡេតាមអនឡាញម្នាក់ នៅក្នុងបុរីប៉េងហួត២ ត្រូវអគ្គិភ័យឆាបឆេះ បង្កការភ្ញាក់ផ្អើលសមត្ថកិច្ចជំនាញ ចុះជួយអន្តរគមន៍បាញ់ពន្លត់ទាំងកណ្ដាលអធ្រាត្រ បណ្ដាលឱ្យក្មេងអាយុ១ខួបម្នាក់រងរបួសស្រាល។ នេះបេីយោងតាមប្រភពព័ត៍មានពីរបាយការណ៍របស់នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គីភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងនៅព្រឹកថ្ងៃពុធទី២១ ខែធ្នូ ឆ្នាំ២០២២។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ២និង៣០នាទីយប់រំលងអធ្រាត្រថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ នៅក្នុងបុរីប៉េងហួត២ ផ្ទះលេខ២៥ ផ្លូវលេខ៦ ភូមិខ្ទរ សង្កាត់ ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ម្ចាស់ទីតាំងឈ្មោះ សិទ្ធ រីដា ភេទ ស្រី អាយុ ២៩ ឆ្នាំ មុខរបរលក់ឡេតាមអនឡាញ ។
មន្ត្រីជំនាញ បានឱ្យដឹងទៀតថា មូលហេតុបណ្តាលមកពីឆ្លងចរន្តអគ្គីសនី ។ ចំណែកខូចខាតសម្ភារមានដូចជា៖ ម៉ូតូចំនួន ០២ គ្រឿង កង់ចំនួន ០៣ គ្រឿង ម្សៅឡេរួមជាមួយសំភារះមួយចំនួននឹងរោលផ្សែងបន្តិចបន្តួចទៅអ្នកក្បែរខាងមួយចំនួន ។ ប៉ុន្តែមិនមានអ្នកស្លាប់នោះទេ គ្រាន់តែរងរបួសស្រាលក្មេងអាយុ០១ខួបម្នាក់ ។
សូមជម្រាបថា កងកម្លាំងអន្តរាគមន៍បង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានប្រើប្រាស់រថយន្តរបស់ការិយាល័យអគ្គិភ័យ ចំនួន ០៧ គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ០៥ រថយន្ត ស្មើរនឹង ២០ ម៉ែត្រគូប ។ រថយន្តជំនួយរបស់ក្រុមហ៊ុនOCICជ្រោយចង្វារ ចំនួន ០៣ គ្រឿងប្រើប្រាស់ទឹកអស់ ០២ រថយន្ត ស្មើនឹង ០៨ម៉ែត្រគូប។ ក្នុងប្រតិបត្តិការនោះពន្លត់ចប់ នៅវេលាម៉ោង ០៣ និង៣០នាទីរំលងអធ្រាត្រ នាថ្ងៃខែឆ្នាំដដែល៕ ដោយ៖សហការី