ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំត្រៀមរៀបចំពិធីផ្សព្វផ្សាយប្រកាសស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃលេខាធិការដ្ឋានសម្រាប់គាំទ្រការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព

ចែករំលែក៖

 

ភ្នំពេញ : បើយោងតាមប្រភពពី នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី២១ ខែធ្នូនេះ បានបញ្ជាក់អោយដឹងថា, នាព្រឹកថ្ងៃពុធ ទី២១ ខែធ្នូ ឆ្នាំ២០២២ ក្រសួងមហាផ្ទៃ បានបើកកិច្ចប្រជុំត្រៀមរៀបចំពិធីផ្សព្វផ្សាយប្រកាសស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃលេខាធិការដ្ឋានសម្រាប់គាំទ្រការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ក្រោមអធិបតីភាពរបស់ លោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ ដោយមានសមាសភាពចូលរួមពី លោករដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ប្រធានក្រុមប្រឹក្សានីតិកម្ម និងតំណាងអង្គភាពនានាចំណុះក្រសួងមហាផ្ទៃ ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

នាឱកាសនោះ លោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា គោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ត្រូវបានដំឡើងកម្រិតគោលនយោបាយនេះជាកម្រិតរាជរដ្ឋាភិបាល កាលពីឆ្នាំ២០២១ ដែលត្រូវបានពង្រីកវិសាលភាពអនុវត្តស្ទើរគ្រប់ក្រសួង ស្ថាប័ន ដែលមិនមែនមានវិសាលភាពអនុវត្តត្រឹមសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ ដែលផ្ដោតតែទៅលើការងារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គមប៉ុណ្ណោះទេ គឺមានការពាក់ព័ន្ធដល់សមត្ថកិច្ចរបស់ក្រសួង ស្ថាប័ននានាពាក់ព័ន្ធនឹងការងារផ្ដល់សេវាសាធារណៈ បរិស្ថាន អនាម័យ សោភណ្ឌភាព ការគ្រប់គ្រងគ្រោះមហន្តរាយ ឬជំងឺឆ្លងកាចសាហាវផងដែរ។

លើសពីនេះ លោកប្រធានអង្គប្រជុំបានបញ្ជាក់ឱ្យដឹងថា ផ្អែកលើស្មារតីនៃគោលនយោបាយនេះ តម្រូវឱ្យក្រសួងមហាផ្ទៃបង្កើតលេខាធិការដ្ឋានមួយសម្រាប់គាំទ្រការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដែលមានតួនាទីសម្របសម្រួលជាមួយគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានគ្រប់ថ្នាក់ និងគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ដើម្បីឱ្យអនុវត្ត និងការរៀបចំចលនាប្រឡងប្រណាំងគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ទៅតាមវិស័យនីមួយៗ និងរាយការណ៍ជូនរាជរដ្ឋាភិបាលអំពីលទ្ធផលនៃការអនុវត្តគោលនយោបាយ។ ផ្អែកតាមស្មារតីនេះ ក្រសួងមហាផ្ទៃ បានដាក់ចេញនូវប្រកាសលេខ ៤៣៩៤ ប្រក ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃលេខាធិការដ្ឋានសម្រាប់គាំទ្រការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព។ ផ្អែកតាមកិច្ចពិភាក្សា អង្គប្រជុំគ្រោងនឹងរៀបចំពិធីផ្សព្វផ្សាយ​ប្រកាសខាងលើនេះ នាពេលខាងមុខ ដើម្បីផ្សព្វផ្សាយទៅដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានី ខេត្ត និងដៃគូអភិវឌ្ឍន៍ ដើម្បី​យល់ជ្រាបអំពីយន្តការ​ថ្មីនេះ។

ទន្ទឹមនេះ ដោយសារ​ប្រកាសស្តីពីការបង្កើតក្រុមប្រឹក្សា​ប្រឡងប្រណាំងអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព កាលពីឆ្នាំ២០១១ និង​សេចក្តីសម្រេចស្តីពីការចាត់តាំងក្រុមការងារទទួលខុសត្រូវដឹកនាំត្រួតពិនិត្យការអនុវត្តគោលនយោបាយ​ភូមិ ឃុំមានសុវត្ថិភាព កាលពីឆ្នាំ២០១០ មានការប្រែប្រួលសមាសភាពមួយចំនួន ហេតុនេះ ក្រសួងមហាផ្ទៃ កំពុងរៀបចំធ្វើការ​កែសម្រួលសមាសភាពថ្មី ដើម្បីរៀបចំយន្តការអ​នុវត្តការងារ ស្របតាមស្មារតីនៃគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល ៕

...

ដោយ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print