ការបោះជំរុំយុវជនជាសាកលលើកទី៨ ក្រោមប្រធានបទ «ការអភិវឌ្ឍយុវជនក្នុងសង្គមឌីជីថល៖ តារារះនាទិសឧត្តរ» នាជើងភ្នំគូលែន ស្រុកបន្ទាយស្រី

ចែករំលែក៖

 

ខេត្តសៀមរាប ៖ នារាត្រីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២​ លោក​ អ៉ឹង​ គឹមលាង​ អភិបាលរងខេត្តតំណាង លោក ទៀ​ សីហា​ អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជេីញចូលរួមពិធីបើកការបោះជំរុំយុវជនជាសាកលលើកទី៨ ក្រោមប្រធានបទ «ការអភិវឌ្ឍយុវជនក្នុងសង្គមឌីជីថល៖ តារារះនាទិសឧត្តរ» នាជើងភ្នំគូលែន ស្រុកបន្ទាយស្រី ខេត្តសៀមរាបក្រោមអធិបតីភាព លោកបណ្ឌិត ស៊ាន បូរ៉ាត រដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា និងមានការចូលរួមលោក​ លោកស្រី​ យុវជន​ យុវតីប្រមាណ១៥០នាក់។

ក្នុងឱកាសនោះដែរ លោក អ៉ឹង​ គឹមលាង អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ថា សាមគ្គីភាពអន្តរជំនាន់ នឹងធ្វើឲ្យការប្រាស្រ័យទាក់ទង និងការយល់ពីគ្នាទៅវិញទៅមកកាន់តែប្រសើររវាងអ្នកជំនាន់មុននិងអ្នកជំនាន់ក្រោយ ការរក្សាគុណតម្លៃសង្គមក្នុងភាពបត់បែនសម្រាប់ការផ្លាស់ប្តូរថ្មីៗ ការធ្វើសេចក្តីសម្រេចចិត្តប្រកបដោយចីរភាពកាន់តែប្រសើរ និងភាពប្រសើរឡើងនៃសមភាពអន្តរជំនាន់។ ដូច្នេះការបោះជំរំយុវជនជាសាកលលើកទី៨ ក្រោមប្រធានបទ «ការអភិវឌ្ឍយុវជនក្នុងសង្គមឌីជីថល៖ តារារះនាទិសឧត្តរ» ដែលបានរៀបចំឡើងដោយគណៈកម្មការអន្តរក្រសួង ដែលមានក្រសួងអប់រំ យុវជន និងកីឡាជាអ្នកដឹកនាំ ធ្វើឡើងក្នុងគោលបំណងអភិវឌ្ឍសមត្ថភាព និងបណ្តុះបណ្តាលយុវជនលើជំនាញបច្ចេកវិទ្យាព័ត៌មាន និងឌីជីថល ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្ត្រកំណែទម្រង់វិស័យអប់រំបែបឌីជីថលក្រោមក្របខណ្ឌនៃគោលនយោ បាយរដ្ឋាភិបាលឌីជីថលកម្ពុជា (២០២២-២០៣៥) ។ លោកអភិបាលរងខេត្ត មានប្រសាសន៍បន្តថា ជាមួយនឹងយុទ្ធសាស្ត្រកំណែទម្រង់វិស័យអប់រំបែបឌីជីថលនេះដែរ យុវជនចូលរួមនឹងទទួលបានការបណ្តុះបណ្តាលជំនាញ ការបង្កើតគំនិតថ្មី និងចាប់យកឱកាសការងារ និងអាជីពសមរម្យក្នុងយុគសម័យបដិវត្តឧស្សាហកម្ម៤.០ ។

លោកបណ្ឌិត ស៊ាន បូរ៉ាត មានប្រសាសន៍ថា ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍយុវជនកម្ពុជា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវ «គោលនយោបាយជាតិស្តីពីការអភិវឌ្ឍយុវជនកម្ពុជា» ដែលមានចក្ខុវិស័យវែងឆ្ងាយ ក្នុងការប្រមូលផ្តុំកម្លាំងគ្រប់មជ្ឈដ្ឋាន សំដៅរួមចំណែកអភិវឌ្ឍយុវជនឲ្យកាន់តែមានលក្ខណៈសម្បត្តិវិជ្ជមាន និងផ្តល់ឱកាសដល់យុវជន អភិវឌ្ឍសក្តានុពលរបស់ខ្លួន ទាំងនៅក្នុងការទទួលបានការអប់រំ របរការងារ សុខភាព ការចូលរួមធ្វើសេចក្តីសម្រេចចិត្ត និងការចូលរួមចំណែកអភិវឌ្ឍគ្រួសារ សហគមន៍ ប្រទេសជាតិ និងពិភពលោក។

អគ្គនាយកដ្ឋានយុវជន ការបោះជំរំយុវជនជាសាកលបានចាប់ផ្តើមតាំងពីឆ្នាំ២០១០ ក្រោមគំនិតផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ហើយក្នុងឆ្នាំ២០២១ ជាការផ្តល់ឱកាសដល់យុវជននៅតាមរាជធានីខេត្តបានជួបជុំ អគ្គនាយកដ្ឋានយុវជនបានធ្វើទំនើបកម្មលើកម្មវិធី និងទម្រង់នៃការបោះជំរំយុវជនជាសាកលលើកទី៧ តាមទម្រង់ឌីជីថល និងបច្ចេកវិទ្យាព័ត៌មានទាំងស្រុង។ ដោយឡែកសម្រាប់ការបោះជំរំយុវជនជាសាកលលើកទី៨ ក្រោមប្រធានបទ «ការអភិវឌ្ឍយុវជនក្នុងសង្គមឌីជីថល តារារះនាទិសឧត្តរ» នៅឆ្នាំ២០២២នេះ គឺប្រព្រឹត្តទៅរយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី១៩-២៤ ខែធ្នូ ឆ្នាំ២០២២ ដែលមានចំនួនយុវជនចូលរួមសរុប ១៨៣នាក់ មកពី ២៥រាជធានីខេត្ត ក្នុងនោះយុវជនជាប្រតិភូចំនួន ១៥៣នាក់ និងយុវជនស្ម័គ្រចិត្ត ៣០នាក់ផងដែរ៕

...

ដោយ ៖ សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print