ខេត្តបន្ទាយមានជ័យ៖ រយៈពេលជិត១ម៉ោងក្រុងសិរីសោភ័ណមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង២ករណីបណ្តាលឱ្៦មនុស្ស២នាក់រងរបួសធ្ងន់ម្នាក់បាក់ជើងម្ខាងនៅយប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២កន្លងមកនេះ។
មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកខេត្តបន្ទាយមានជ័យបានប្រាប់ថា៖ រយៈពេលជិត១ម៉ោងពេលយប់នៅក្រុងសិរីសោភ័ណមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង២ករណីបណ្តាលឱ្យរបួសធ្ងន់២នាក់ម្នាក់បាក់ជើងម្ខាងត្រូវសង្គ្រោះបន្ទាន់ទៅកាន់មន្ទីរពេទ្យខេត្តឬមន្ទីរពេទ្យកម្ពុជា-ជប៉ុនមង្គលបុរី។
ករណីទី១កើតឡើងនៅវេលាម៉ោង៧ៈ៣០នាទីយប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២នៅតាមផ្លូវជាតិលេខ៥ត្រង់ចំណុចមុខរោងម៉ាស៊ីនទឹកកកស្ថិតក្នុងភូមិសង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ មានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយរថយន្តពាក់ស្លាកលេខបាត់ដំបង3A-1990បានបើកចេញពីរោងម៉ាស៊ីនទឹកកកទៅចាក់ប្រេងនៅសាលាក្រហម នៅពេលបើកចេញលើផ្លូវជាតិលេខ៥ត្រូវបានបុរសម្នាក់អាយុប្រមាណជិត៣០ឆ្នាំបានជិះម៉ូតូម៉ាកវ៉េវ ពាក់ស្លាកលេខបន្ទាយមានជ័យ1E-8908 ដែលបើកបរក្នុងទិសដៅស្របគ្នាបានបុកយ៉ាងពេញទំហឹងបណ្តាលឱ្យជនរងគ្រោះបាក់ជើងម្ខាងចេញឆ្អឹងមកក្រៅត្រូវបានសង្គ្រោះបន្ទាន់។
ករណីទី២កើតឡើងនៅវេលាម៉ោង៨យប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២នៅតាមផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ មានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយជនរងគ្រោះអាយុប្រមាណជិត៣០ឆ្នាំ បានជិះម៉ូតូម៉ាកវ៉េវពាក់ស្លាកលេខបន្ទាយមានជ័យ1J-9463បានបើកបរតាមផ្លូវត្រូវបានរថយន្តធុនធំមិនស្គាល់ម៉ាកបានដឹកស្រូវហើយបើកបរក្នុងទិសដៅស្របទិសគ្នាពីជើងមកត្បូងត្រូវបានរថយន្តកៀរបណ្តាលឱ្យដួលរងរបួសធ្ងន់ តែពាក់មួកសុវត្ថិភាពមិនគ្រោះថ្នាក់ដល់អាយុជីវិតគ្រាន់តែរបួសធ្ងន់ត្រូវបានសមត្ថកិច្ចដឹកយកទៅសង្ក្រោះបន្ទាន់៕ ដោយ៖ វណ្ណា