ប្រធានាធិបតីបារាំងបាននិយាយថា បណ្តាប្រទេសនៅអឺរ៉ុបក្នុងអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) ចាំបាច់ត្រូវមានការអះអាងបន្ថែមទៀត និងកាត់បន្ថយការពឹងផ្អែកលើ សហរដ្ឋអាមេរិក។
យោងតាមកាសែត Wall Street Journalបានផ្សាយថា ប្រធានាធិបតីបារាំងលោក Emmanuel Macron កាលពីថ្ងៃទី ២១ ខែធ្នូ បានប្រាប់អ្នកសារព័ត៌មាន នៅលើយន្តហោះដែលកំពុងត្រឡប់ ពីការចូលរួមក្នុងកិច្ចប្រជុំកំពូលអន្តរជាតិនៅទីក្រុង Amman ប្រទេស Jordan ថា លោកមិនបាន ចាត់ទុកការងារលើកកម្ពស់ ការអភិវឌ្ឍវិស័យការពារជាតិអឺរ៉ុប ជាជម្រើសជំនួសណាតូនោះឡើយ។
ប្រធានាធិបតីបារាំងជឿជាក់ថា ទ្វីបអឺរ៉ុបដែលខ្លាំងជាង នឹងអនុញ្ញាតឱ្យទ្វីបនេះ កាន់តែមានស្វ័យភាពនៅក្នុងសម្ព័ន្ធភាពយោធារបស់ខ្លួន ដោយធ្វើសកម្មភាព “នៅក្នុងអង្គការណាតូ ប៉ុន្តែដោយមិនពឹងផ្អែក លើណាតូទាំងស្រុងនោះឡើយ”។
“យើងត្រូវគិតឡើងវិញ នូវស្វ័យភាពជាយុទ្ធសាស្ត្ររបស់យើង”។ លោក Macron បាននិយាយថា អឺរ៉ុបត្រូវការស្វ័យភាពបន្ថែមទៀត ទាក់ទងនឹងបច្ចេកវិទ្យា និងសមត្ថភាពការពារជាតិ រួមទាំងជាមួយសហរដ្ឋអាមេរិកផងដែរ។
មេដឹកនាំរដ្ឋាភិបាលបារាំង បានធ្វើការកត់សម្គាល់ខាងលើ ខណៈដែលប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky កំពុងបំពេញទស្សនកិច្ច នៅទីក្រុងវ៉ាស៊ីនតោន ដើម្បីជួបសមភាគីលោក Joe Biden និងថ្លែងទៅកាន់សភាអាមេរិក ដោយថ្លែងអំណរគុណ ចំពោះការផ្តល់សព្វាវុធ និងអំពាវនាវឱ្យមានជំនួយយោធា បន្ថែមទៀតដល់ទីក្រុងគៀវ ក្នុងជម្លោះរបស់ខ្លួនជាមួយរុស្ស៊ី៕ ដោយធីរីណា
រូបថត :Vietnamnet.vn