យោងតាមសារព័ត៌មាន Al Jazeera កាលពីថ្ងៃទី២១ ខែធ្នូ ក្នុងសន្និសីទចុងឆ្នាំ ជាមួយមេបញ្ជាការយោធារុស្ស៊ី រដ្ឋមន្ត្រីការពារជាតិលោក Sergei Shoigu បាននិយាយថា កងទ័ពរុស្ស៊ី ត្រូវតែពង្រីកពីទាហានបច្ចុប្បន្ន ១ លាននាក់ ដល់ ១.៥លាននាក់ រួមទាំងទាហានកិច្ចសន្យាស្ម័គ្រចិត្តចំនួន៦៩៥.០០០នាក់ផងដែរ។
រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី ក៏បានស្នើបន្ថែមអាយុកាតព្វកិច្ចយោធា សម្រាប់ពលរដ្ឋចាប់ពីអាយុ ២១ ដល់ ៣០ឆ្នាំ។ យោងតាមទីភ្នាក់ងារសារព័ត៌មាន Al Jazeera បានឱ្យដឹងថា នៅក្រោមច្បាប់បច្ចុប្បន្ន ជនជាតិរុស្ស៊ីដែលមានអាយុចន្លោះពី ១៨ ទៅ ២៧ឆ្នាំ អាចត្រូវបានហៅឱ្យចូលបម្រើយោធា។
ទោះជាយ៉ាងណាក៏ដោយ លោក Shoigu មិនបាននិយាយថានៅពេលណា ដែលយោធារុស្ស៊ីគ្រោងនឹងឈានដល់ចំនួនថ្មីនោះទេ។ នៅក្នុងសន្និសីទខាងលើ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានសន្យាផ្តល់ដល់កងកម្លាំងប្រដាប់អាវុធ នូវអ្វីដែលពួកគេបានស្នើសុំ ដើម្បីគាំទ្រដល់ប្រតិបត្តិការយោធានៅអ៊ុយក្រែន។ លោក ពូទីន បានសង្កត់ធ្ងន់ថា មិនមានដែនកំណត់ផ្នែកហិរញ្ញវត្ថុចំពោះអ្វី ដែលរដ្ឋាភិបាលនឹងផ្តល់ដល់យោធានោះទេ។
នៅថ្ងៃទី២១ ខែធ្នូ ប្រតិកម្មចំពោះព្រឹត្តិការណ៍ដែលប្រធានាធិបតីអ៊ុយក្រែន ធ្វើទស្សនកិច្ចនៅអាមេរិក វិមានក្រឹមឡាំងបាននិយាយថា ខ្លួនមិនបានឃើញការរំពឹងទុកនៃកិច្ចចរចា សន្តិភាពជាមួយអ៊ុយក្រែនបន្ទាប់ពីដំណើរទស្សនកិច្ចលើកនេះ។ រុស្ស៊ីក៏បានសង្កត់ធ្ងន់ថា ការបន្តផ្គត់ផ្គង់សព្វាវុធរបស់លោកខាងលិច ដល់អ៊ុយក្រែននឹងនាំទៅរក “ភាពធ្ងន់ធ្ងរ” នៃជម្លោះ និង “មិនល្អ” សម្រាប់អ៊ុយក្រែន៕ ដោយធីរីណា
រូបថត : AFP