ភ្នំពេញ៖ ក្រោយពីបញ្ចប់កម្មវិធីប្រគួតនៅប្រទេសឥណ្ឌូនេស៊ីអស់រយៈពេលជាច្រើនខែ កញ្ញាពេជ្រ វត្តីសារ៉ាវឌ្ឍី តំណែងរងទី៥កញ្ញាឯកMiss Grand International 2022 បានប្រកាសអំពីការត្រៀមខ្លួនរួចជាស្រេចក្នុងការវិលមកកាន់មាតុប្រទេសដើម្បីជួបអ្នកគាំទ្រដែលទន្ទឹងរងចាំនាងដោយក្តីនឹករលឹកជាពន់ពេក។
គេចាំបានថាក្រោយពីគ្រង់មកុដកញ្ញាឯកMiss Grand Cambodia 2022 ពេជ្រ វត្តីសារ៉ាវឌី្ឍ បានធ្វើឲ្យអ្នកគាំទ្រនៅកម្ពុជាពេញចិត្ត និងដាក់ក្តីរំពឹងខ្ពស់ថានឹងអាចដណ្តើមបានតំណែងណាមួយពីកម្មវិធីព្រោះតែនាងជាបេក្ខភាពលេចធ្លោរប្រកបដោយរូបសម្រស់ ភាពឆ្លាតវៃ បត់បែន និងទេពកោលសល្យខ្ពស់។ ចាប់តាំងពីលេចមុខក្នុងកម្មវិធប្រគួតចាប់ពីដើមខែតុលាមក នាងបានសាងភាពភ្ញាក់ផ្អើលខ្លាំង និងមិនធ្វើឲ្យអ្នកគាំទ្រខកចិត្តឡើយ។ ដើមខែវិច្ឆិកានាងបានបន្តធ្វើដំណើរទៅកាន់ប្រទេសថៃដើម្បីបន្តការងារនៅទីនោះដែលត្រូវបានគ្រប់គ្រងរៀបចំដោយស្ថាប័នMiss Grandនៅប្រទេសថៃ និងទទួលបានការពេញចិត្ត និងគាំទ្រច្រើន និងលេចធ្លោរខ្លាំងក្នុងចំណោមកញ្ញាឯកម្ចាស់មកុដទាំង១០រូប។ តាមការបញ្ជាក់ជាមួយអ្នកសារព័ត៌មានយើងតាមរយៈសារអេឡិចត្រូនិច កញ្ញាបានលើកឡើងដោយខ្លីថា នាងពិតជាត្រៀមវិលមកកម្ពុជាវិញឆាប់ៗនេះដើម្បីជួបអ្នកគាំទ្រហើយនាងពិតជានឹករលឹកខ្លាំង ប៉ុន្តែសម្រាប់ពេលវេលាជាក់លាន់នាងនៅមិនទាន់ហ៊ានកំណត់នៅឡើយ។ សារមួយចំនួន និងការបង្ហើបនេះក៏បានធ្វើឲ្យអ្នកគាំទ្រជាច្រើនរំភើបចិត្ត និងត្រៀមខ្លួនរួចជាស្រេចក្នុងការទទួលស្វាគមន៍នាងដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញតែម្តង ដែលគេដឹងដែរថា ដឹងតែកក្រើកតែម្តង ស្របពេលជារៀងរាល់ថ្ងៃក្រុមអ្នកគាំទ្របានតាមដានមិនដាច់អំពីសកម្មភាពសិល្បៈ និងការងារនាងដែលបាននិងកំពុងធ្វើនៅប្រទេសថៃ និងរំភើបចិត្តជួសនាងដែលទទួលបានទាំងតំណែង ការងារល្អៗ អាចរកចំណូលបានច្រើន ពិសេសទទួលបានការស្រលាញ់ចូលចិត្តច្រើនពីប្រជាជន និងអ្នកគាំទ្រនៅប្រទេសថៃ។ មានការបង្ហើបដែរថាការវិលមកកម្ពុជា នោះនាងនឹងបំពេញការងារជាច្រើននៅទីនេះដែលមិនទាន់បញ្ចប់ក្រោយការប្រគួតរួមទាំងការងារលើកិច្ចសន្យាមួយចំនួន។ ក៏មានការបង្ហើបដែរថា នាងក៏នឹងជួបជាមួយអ្នកជំនួញធំៗមួយចំនួនពិសេស លោកស្រី អ៊ឹម សុគន្ធា ដែលទើបនឹងទិញសិទ្ធិបានបន្តគ្រប់គ្រងកម្មវិធីMiss Grand Cambodia 2023 បន្តពីលោកអ៊ិន សុភិន នោះ៕
ដោយ៖ វឌ្ឍនា