លោក ពុយ គា ក្រៅឆាក៖ ពេលដែលកម្ពុជាត្រូវលាភូមា

ចែករំលែក៖

ភ្នំពេញ ៖ ដូចការគ្រោងទុក កិច្ចប្រជុំស្តីពីបញ្ហាភូមាត្រូវបានធ្វើឡើងនៅលើទន្លេចៅប្រាយ៉ា ក្នុងទីក្រុងបាងកក កាលពីម្សិលមិញ (ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២)។ រដ្ឋមន្រ្តីនិងអនុរដ្ឋមន្រ្តីការបរទេស៥រូបបានហោះមកជួបគ្នាតែ២ម៉ោងកន្លះប៉ុណ្ណោះ ក្នុងនោះភូមាបាននាំរដ្ឋមន្រ្តី២រូបមកជាមួយ ប្រហែលជាការទុកបម្រុងទប់ទល់ជាមួយនឹងរដ្ឋមន្ត្រីការបរទេស៤រូបទៀតមកពីគ្រួសារអាស៊ានដីគោក៖ កម្ពុជា ឡាវ ថៃ និងវៀតណាម (អនុរដ្ឋមន្រ្តី) ក្រែងមានអ្វីត្រូវបំភ្លឺបន្ថែម។ កិច្ចប្រជុំលើកនេះជាទម្រង់ប្រជុំជាមួយអាហារថ្ងៃត្រង់។

នេះជាលើកទីមួយក្នុងរយៈពេលជិតពីរឆ្នាំ បន្ទាប់ពីរដ្ឋប្រហារយោធាកាលពីខែកុម្ភៈ ឆ្នាំមុន និងកូវីដ-១៩ ដែលរដ្ឋមន្ត្រីការបរទេសភូមា Wunna Maung Lwin បង្ហាញខ្លួនដោយផ្ទាល់ជាមួយសហសេវិកអាស៊ាននិយាយតែបញ្ហាភូមានៅលើទឹកដីអាស៊ានផ្សេងទៀត។ 

ប្រទេសសិង្ហបុរី និងឥណ្ឌូនេស៊ី បានបង្ហាញការមិនចាប់អារម្មណ៍ជួបជាមួយរដ្ឋមន្ត្រីការបរទេសភូមាពេលនេះទេ ដោយលើកហេតុផលថា “អាស៊ានគួរតែបន្តផ្តោតលើការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុច”។ រីឯប្រទេស៣ទៀត គឺ ព្រុយណេ ម៉ាឡេស៊ី និងហ្វីលីពីន បានប្រកាន់ជំហរស្រដៀងនឹងប្រទេស២ខាងលើ បង្កើតបានជាប្លុកប្រទេសកោះ៥ ដែលមិនបានចូលរួមប្រជុំកាលពីម្សិលមិញ ព្រោះគេយល់ថា “មានការរីកចម្រើនតិចតួចពេក” ដែលមេដឹកនាំរបបយោធាភូមាបានអនុវត្តចាប់តាំងពីការសន្យារបស់ខ្លួននៅខែមេសាឆ្នាំមុន ប៉ុន្តែសមាជិកអាស៊ានដីគោក៤ទៀតយល់ថាគួរបន្តការសន្ទនាជាជាង “ការផ្តាច់ទំនាក់ទំនងទាំងស្រុង” ដែលអាចនាំទៅដល់ការបែកបាក់គ្រួសារអាស៊ានដែលមានអាយុ៥៥ឆ្នាំទៅហើយ។

ពិតហើយ ដោយសាររឿងផ្ទៃក្នុងប្រទេសភូមា បានធ្វើឱ្យអាស៊ានត្រូវបែកផ្លូវគ្នាជាពីរ ហើយប្រទេសថៃដែលជាម្ចាស់ផ្ទះបានព្យាយាមហៅឈ្មោះប្រជុំពេលនេះដោយប្រយ័ត្នប្រយែងក្នុងទម្រង់មួយដែលស្រទន់ “ការពិគ្រោះយោបល់ក្រៅផ្លូវការស្តីពីមីយ៉ាន់ម៉ា” ដោយបញ្ចៀសពាក្យអ្វីមួយដែលអាចជាតំណាងឱ្យរដ្ឋមន្ត្រីការបរទេសអាស៊ានទាំងមូល។ 

កិច្ចប្រជុំនិយាយពីអ្វី? បានលទ្ធផលយ៉ាងម៉េច?

កិច្ចប្រជុំបានពិនិត្យទៅលើការអនុវត្តកិច្ចព្រមព្រៀង៥ចំណុច ជាពិសេសស្តាប់ព័ត៌មានថ្មីៗពីភូមា រួមទាំងយុទ្ធសាស្ត្ររកច្រកចេញដែលអាចជួយភូមាឱ្យវិលត្រលប់ទៅភាពប្រក្រតីវិញ។ 

ហេតុអ្វីកម្ពុជានិងថៃយកចិត្តទុកដាក់ភូមាម្ល៉េះ?

ខ្ញុំធ្លាប់បរិយាយនិងសរសេរច្រើនលើកមកហើយថាហេតុអ្វីបានជាកម្ពុជាជួយភូមា។ ដូច្នេះ ខ្ញុំរំលេចរឿងថៃវិញម្តង។ ថៃនិងភូមាមានព្រំប្រទល់ជាប់គ្នាជាង២ពាន់៤រយគីឡូម៉ែត្រ។ ការបន្តប្រយុទ្ធគ្នានៅក្នុងប្រទេសភូមាធ្វើឱ្យមនុស្សកាន់តែច្រើនឡើងៗកំពុងផ្លាស់ទីចេញពីតំបន់ភាគខាងជើងឆ្ពោះទៅភាគខាងត្បូងក្បែរព្រំដែនថៃ។ ចាប់តាំងពីឆ្នាំ១៩៨៨ រហូតដល់បច្ចុប្បន្ន ប្រទេសថៃបានផ្តល់ជម្រកដល់ជនភៀសខ្លួនភូមាជិត១០ម៉ឺននាក់។ មានជនភៀសខ្លួនខ្លះទៀតបានមកដល់ក្រោយរដ្ឋប្រហារឆ្នាំ២០២១ ប៉ុន្តែប្រទេសថៃបានរុញពួកគេឱ្យត្រឡប់ទៅវិញ ហើយមានជនភៀសខ្លួនប្រមាណ៥ពាន់នាក់ទៀតនៅ​ជាប់​ព្រំដែន​ក្នុង​ខេត្ត​តាក ដោយ​គ្មាន​ការ​ទទួល​ស្គាល់​ពី​អាជ្ញាធរ​ថៃ។ ដោយសារកត្តាខាងលើនេះហើយដែលថៃត្រូវតែយកចិត្តទុកដាក់រឿងភូមា។ 

ការទូតយោធាចុងក្រោយរបស់កម្ពុជា !

កម្ពុជាបានសាកល្បងប្រើប្រាស់ការទូតច្រើនណាស់ទៅហើយតាំងពីដើមឆ្នាំរហូតចុងឆ្នាំដើម្បីអន្ទងភូមាឱ្យចូលគន្លងអាស៊ានវិញ តែមិនសមដូចបំណងសោះ។ ឥឡូវនេះ នៅសល់តែ១សប្តាហ៍ទៀតប៉ុណ្ណោះដែលអាណត្តិជាប្រធានអាស៊ាននិងជាប្រេសិតពិសេសរបស់ប្រធានអាស៊ានត្រូវបញ្ចប់។ ដោយសារពេលវេលាកាន់តែខោច លោករដ្ឋមន្រ្តីការបរទេស ប្រាក់ សុខុន ក៏សាកល្បងបញ្ចេញការទូតយោធាជាទឹកបង្ហើយជាមួយភូមា។ នោះគឺ ក្រោយកិច្ចប្រជុំម្សិលមិញចប់ភ្លាម លោកក៏ឆ្មក់ជួបមួយទល់មួយជាមួយរដ្ឋមន្រ្តីការបរទេសភូមា ដោយភ្ជាប់ថាឈាមជ័ររបស់លោកក៏ចេញពីទាហានដែរ ហើយនៅតែជាឧត្តមសេនីយ៍មួយរូបនៅឡើយរបស់កម្ពុជា ដូចនេះលោកសូមផ្ញើនូវសំណើចុងក្រោយទៅមេដឹកនាំយោធាផុតលេខ មីង អោងឡាំង ថាលោកចង់ជួបសន្ទនាដោយផ្ទាល់ជាមួយនឹងលោកស្រី អោង សានស៊ូជី តាមទូរសព្ទ។ បើបានដូចសំណើមែន វាជាកាដូចុងឆ្នាំដ៏ធំមួយសម្រាប់កម្ពុជា ហើយវាក៏សាកសមដែលរដ្ឋមន្រ្តីការបរទេសកម្ពុជារូបនេះគួរទទួលបានចំពោះការខិតខំប្រឹងប្រែងជួយភូមារហូតមកទល់ពេលនេះ។ 

គ្រាន់តែជួបតាមទូរសព្ទមានអ្វីអស្ចារ្យ? 

ចាប់តាំងពីរដ្ឋប្រហារយោធានៅដើមឆ្នាំ២០២១មក គ្មានមេដឹកនាំឬជនជាតិបរទេសណាម្នាក់ត្រូវបានអនុញ្ញាតឱ្យជួបលោកស្រី ស៊ូជី ឡើយ ហើយក៏គ្មាននរណាបានដឹងអំពីស្ថានភាពសុខទុក្ខ ឬសុខភាពរបស់លោកស្រី ស៊ូជី នៅក្នុងពន្ធនាគារយ៉ាងដូចម្តេចដែរ៕

ដោយ ៖ លោក ពុយ គា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print