ភ្នំពេញ ៖ ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញលោក ម៉ប់ សារិន បានថ្លែងថា សមិទ្ធផលទាំងឡាយដែលបានកសាងនៅក្នុងសង្គមទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ គឺបានកើតចេញ ពីមនុញ្ញផល “សន្តិភាព” និងការអភិវឌ្ឍជាតិមាតុភូមិ ក្រោមនយោបាយឈ្នះ-ឈ្នះ” របស់ សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រី។
លោកប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញបានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញចូលរួមក្នុងពិធីសម្ពោធឧបដា្ឋនសាលា និងសមិទ្ធផលនានា ព្រមទាំងចម្រើនព្រះជន្មព្រះចៅអធិការវត្តព្រែកជ្រៃ ស្ថិតក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ ក្រោមអធិបតីភាពលោកកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២នេះ។
លោកម៉ប់ សារិន បានបញ្ជាក់ថា នាពេលបច្ចុប្បន្ន បងប្អូនប្រជាពលរដ្ឋខ្មែរ និងពុទ្ធសាសនិកជនគ្រប់និគម បាននឹងកំពុងរីករាយ ទទួលយកនូវមនុញ្ញផលនៃសុខសន្តិភាព ស្ថិរភាព ការបង្រួបបង្រួមជាតិ ប្រជាធិបតេយ្យ និងការបើកទូលាយក្នុងការ ប្រតិបត្តិសាសនា ដែលមានតម្លៃមិនអាចកាត់ថ្លៃបាន ផ្តើមចេញពីកិច្ចខិតខំប្រឹងប្រែងបញ្ចប់សង្គ្រាមស៊ីវិលដ៏រាំរ៉ៃផ្ទៃក្នុង ប្រទេស អូសបន្លាយពេលវេលាជាច្រើនទស្សវត្សរ៍ ។ ក្រោមឲ្យយោបាយ ឈ្នះ ឈ្នះរបស់ សម្តេចតជោ ហើយនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ខាងមុខនេះ គឺជាខួបលើកទី២៤ ទិវានយោបាយ “ឈ្នះ-ឈ្នះ” ដែល ប្រជាជនកម្ពុជា បានកំណត់ដើម្បីជាការរំលឹកដឹងគុណ និងចងចាំគុណូបការៈដ៏ថ្លៃថ្លាបំផុតរបស់សម្ដេចតេជោ ។
លោកបញ្ជាក់ទៀតថា “សន្តិភាព” គឺជាកត្តាសារវន្ត និងមានតម្លៃមិនអាចកាត់ថ្លៃបាន ហើយប្រសិនបើប្រទេសជាតិរបស់ យើងគ្មានសុខសន្តិភាព គ្មានការបង្រួបបង្រួមជាតិ និងគ្មានការអភិវឌ្ឍ ម៉្លេះសមសមិទ្ធផល ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត វត្ត អារាម និងទីកន្លែងសក្ការៈបូជាគ្រប់ទិសទីពាសពេញផ្ទៃប្រទេស ពិតជាមិនអាចកសាងឡើងជាបន្តបន្ទាប់ច្រើនអនេក ដូចសព្វថ្ងៃនេះឡើយ។
លោកបន្ថែមថា បន្ទាប់ពីពិធីសម្ពោធនេះ ឧបដ្ឋានសាលាដ៏ថ្មីស្រឡាង និងសមិទ្ធផលនានា ក្នុងទីវត្តព្រែកជ្រៃ នឹង ក្លាយជាប្រយោជន៍សម្រាប់ព្រះថេរានុថេរៈគ្រប់ព្រះអង្គ បំពេញសង្ឃកម្មតាមពុទ្ធោវាទ និងជាទីសនាសនៈ ដំគត់មត់ សម្រាប់សីលវន្ត សីលវតី និងបងប្អូនពុទ្ធបរិស័ទទាំងអស់ ប្រតិបត្តិធម៌វិន័យ ទុកជាធម្មទានដ៏ល្អល្អះក្នុងវិស័យពុទ្ធសាសនា។
លោកកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងឱ្យដឹងដែរថា ការរីកចម្រើនឥតឈប់ឈរក្នុងវិស័យពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ គឺបានកើតចេញអំពីជំនឿដ៏ជ្រះថ្លា និងមោះមុត របស់ពុទ្ធសាសនិកកម្ពុជានៅទូទាំងប្រទេសនិងក្រៅប្រទេស។ ការរីកចម្តើនផ្នែកវិស័យពុទ្ធសាសនា គឺពិតជាបានរួមចំណែកដ៏សំខាន់ក្នុងការអភិវឋឌ្ឍសេដ្ឋកិច្ច សង្គម តាមរយៈការអប់រំ ការអភិវឌ្ឍធនធានមនុស្ស និងបានដើរតួនាទីស្នូយ៉ាងសំខាន់ក្នុងការលើកកម្ពស់ ការអភិរក្សវប្បធម៌ សន្តិភាព សាមគ្គីភាព និងមិត្តភាពដែលជាមាគ៌ាដ៏ប្រពៃនាំឱ្យសម្រេចគោលដៅសង្គម គឺបំបាត់អំពើហិង្សា ប្រទូស្តរាយ ការប្រព្រឹត្តិអំពើទុច្ចរិត និងអនាចារ្យផ្សេង២។
សូមបញ្ជាក់ថា ចំពោះសមិទ្ធផលដែលត្រូវសម្ពោធឆ្លងក្នុងពេលនេះ គឺឧបដ្ឋានសាលាថ្មី ១ខ្នង មានទំហំ ២២ម៉ែត្រ គុណនឹង ៣៧ ម៉ែត្រ កម្ពស់ជាន់ផ្ទាល់ដី កុដិថ្មី ១ខ្នង មានទំហំ ៨ម៉ែត្រ គុណនឹង ១២ម៉ែត្រ និង ១ខ្នងទៀត ទំហំ ៦ម៉ែត្រ គុណនឹង ៨ ម៉ែតរោងភត្ត ១ខ្នង មានទំហំ ១០ម៉ែត្រ គុណនឹង ២២ម៉ែត្រ និង ក្លោងទ្វារចូលវត្តចំនួន ២ ច្រក រួមមាន ក្លោងទ្វារ ទី១ មានទទឹង ១០ម៉ែត្រ កម្ពស់ ១១,៥ម៉ែត្រ និងក្លោងទ្វារទី២ មានទទឹង ៧៥ម៉ែត្រ កម្ពស់ ១១,២ម៉ែត្រ អមដោយ របងថ្មីប្រវែង ១២៩ ម៉ែត្រ។ក្រៅអំពីសមិទ្ធផលដូចបានជម្រាបជូនខាងលើនេះ ក៏នៅមានការរៀបចំហេដ្ឋារចនាសម្ព័ន្ធរូបវន្តមួយចំនួនទៀត ដែលត្រូវបានកសាងឡើងក្នុងទីវត្តព្រែកជ្រៃ ក្នុងនោះ រួមមាន ចាក់ដីបំពេញទីធ្លាវត្តអស់ចំនួន ៥.៣២៥ ឡានចាក់បេតុងក្នុងបរិវេណវត្តទំហំ ៥.៣១៥ ម៉ែត្រក្រឡា, កសាងបន្ទប់ទឹកប្រើប្រាស់ក្នុងវត្តចំនួន ៨ បន្ទប់ និងដាំដើមឈើ គ្រប់ប្រភេទក្នុងវត្ត ចំនួន ២.០១៥ ដើម រួមទាំងរៀបចំកែលម្អសោភ័ណភាពក្នុងវត្តផងដែរ ហើយបើសរុបជារួម គម្រោងនេះចំណាយបច្ច័យកសាងអស់ចំនួន ៧៦៨.៩៥០ដុល្លារ ៕
ដោយ៖សំរិត