ខុសពីភាពត្រចះត្រចង់ និងភាពអស្ចារ្យនៃរដូវកាលបុណ្យណូអែលមុនៗ បុណ្យណូអែលឆ្នាំនេះធ្វើឡើងក្នុងបរិបទដែលអឺរ៉ុបកំពុងតស៊ូទប់ទល់នឹងវិបត្តិថាមពលដែលបណ្តាលមកពីឥទ្ធិពលនៃជម្លោះរុស្ស៊ី-អ៊ុយក្រែន។ តើប្រទេសអឺរ៉ុប មានពិធីបុណ្យណូអែលបែបណា ក្នុងពេលខ្វះថាមពល?
ប្រទេសអង់គ្លេស៖
រដ្ឋាភិបាលទីក្រុងឡុងដ៍បានដាក់កម្រិតម៉ោងបំភ្លឺនៃភ្លើងតុបតែងបុណ្យណូអែលនៅតាមដងផ្លូវ។ រដ្ឋាភិបាលអនុញ្ញាតឱ្យបើកភ្លើងលម្អចាប់ពីម៉ោង៣រសៀលដល់ម៉ោង១១យប់ប៉ុណ្ណោះ ជំនួសឱ្យភ្លើងទាំងថ្ងៃទាំងយប់ដូចឆ្នាំមុនៗ ។ទីក្រុងតូចៗនៅទូទាំងប្រទេសអង់គ្លេសក៏បានសម្រេចចិត្តបិទភ្លើងបុណ្យណូអែលរបស់ពួកគេផងដែរ ដើម្បីសន្សំសំចៃថាមពល។ អាជ្ញាធរក្នុងតំបន់សង្ឃឹមថានឹងកាត់បន្ថយការប្រើប្រាស់ថាមពលចំនួន២ភាគ ៣ ដោយកំណត់ពេលវេលាបំភ្លឺនិងការប្រើប្រាស់អំពូល LED ។
ប្រទេសអាល្លឺម៉ង់៖ យោងតាមទូរទស្សន៍អាល្លឺម៉ង់ Deutsche Welle មុនពេលរដូវកាលបុណ្យណូអែលចាប់ផ្តើម ជនជាតិអាល្លឺម៉ង់ជជែកគ្នាថា តើត្រូវបំភ្លឺភ្លើងបុណ្យណូអែល ក៏ដូចជារៀបចំពិធីបុណ្យពន្លឺដែរឬទេ។
អ្នកខ្លះនិយាយថា វាជាគំនិតល្អក្នុងការបញ្ឈប់ការខ្ជះខ្ជាយពេលវេលាក្នុងរដូវបុណ្យ ដើម្បីបង្ហាញការគាំទ្រដល់អ៊ុយក្រែន អ្នកខ្លះទៀតនិយាយថា បុណ្យណូអែលគឺជាឱកាសដ៏សំខាន់ជាពិសេសវាជារឿងសំខាន់ក្នុងការប្រារព្ធពិធីបុណ្យនេះដោយភាពអស្ចារ្យ បន្ទាប់ពីមានវិបត្តិ។
កាលពីខែកញ្ញា ព្រឹទ្ធសភាអាល្លឺម៉ង់បានប្រកាសថា ខ្លួននឹងមិនប្រើប្រាស់មូលនិធិសាធារណៈដើម្បីចំណាយសម្រាប់ភ្លើងបុណ្យណូអែលនៅជុំវិញទីក្រុងប៊ែរឡាំង ដោយលើកឡើងពីវិបត្តិថាមពល។
ទីក្រុងជាច្រើនជ្រើសរើសកាត់បន្ថយម៉ោងបើកនៃទីផ្សារបុណ្យណូអែល ដើម្បីសន្សំសំចៃថាមពល អ្នកខ្លះជ្រើសរើសបិទទីផ្សារ១ថ្ងៃក្នុងមួយសប្តាហ៍។
ប្រទេសព័រទុយហ្គាល់៖ គេហទំព័រPolitico បានផ្សាយថា ចាប់តាំងពីចុងខែកញ្ញាមក រដ្ឋាភិបាលព័រទុយហ្គាល់បានសម្រេចគោលការណ៍ណែនាំស្តីពីការបញ្ចាំងភ្លើងបុណ្យណូអែល។អាស្រ័យហេតុនេះ ប្រជាជនព័រទុយហ្គាល់ត្រូវបានអនុញ្ញាតឱ្យបើកភ្លើងបុណ្យណូអែលចន្លោះពីម៉ោង៦ល្ងាចដល់ពាក់កណ្តាលអធ្រាត្រប៉ុណ្ណោះ ចាប់ពីថ្ងៃទី៦ ខែធ្នូដល់ថ្ងៃទី៦ ខែមករាឆ្នាំ២០២៣។
ប្រទេសបារាំង៖ “ទីក្រុងប៉ារីសនៃពន្លឺ” មិនសូវមានពន្លឺទេ ដោយសារតែបទប្បញ្ញត្តិបំភ្លឺភ្លើងបុណ្យណូអែលត្រឹមតែម៉ោង ១១និង៤៥នាទីយប់ ដែលពីមុនអនុញ្ញាតឱ្យបើកភ្លើងដល់ម៉ោង២។
យោងតាមកាសែត The New York Times ទីផ្សារបុណ្យណូអែល ដែលជាកន្លែងប្រមូលផ្តុំគ្នារបស់ប្រជាជនបារាំងតាំងពីយូរយារណាស់មកហើយ រាល់រដូវបុណ្យក៏បានធ្លាក់ចុះផងដែរ។ នៅក្នុងទីផ្សារ ភ្លើងបុណ្យណូអែលត្រូវបានកាត់បន្ថយទាំងបរិមាណ និងរយៈពេល លុបចោលកន្លែងជិះស្គី និងហាមប្រើឧបករណ៍កម្តៅខាងក្រៅ។
ប្រឈមមុខនឹងការឡើងថ្លៃថាមពលដោយសារជម្លោះក្នុងប្រទេសអ៊ុយក្រែន រដ្ឋាភិបាលបារាំងបានដាក់ចេញនូវផែនការសន្សំសំចៃថាមពលយ៉ាងទូលំទូលាយ ដែលមានបំណងកាត់បន្ថយការប្រើប្រាស់ថាមពលចំនួន ១០% ក្នុងរយៈពេលពីរឆ្នាំ រួមទាំងកាត់បន្ថយកម្តៅ និងកាត់បន្ថយភ្លើង។ ក្រុមហ៊ុនឯកជន និងរដ្ឋបាលសាធារណៈក៏តម្រូវឱ្យចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងនេះផងដែរ។
ក្រៅពីនេះនៅមានប្រទេសជាច្រើនទូទាំងតំបន់អឺរ៉ុប បានសម្រេចកាត់បន្ថយការប្រើប្រាស់ថាមពល ប្រើអគ្គិសនីដោយសន្សំសំចៃ ដោយសារតែវិបត្តិកង្វះថាមពល៕ ដោយធីរីណា