អាជ្ញាធរសុខាភិបាលចិន បានកត់ត្រាករណីឆ្លងកូវីដ-១៩ ថ្មី រហូតដល់៥សែននាក់ ក្នុងមួយថ្ងៃនៅទីក្រុង Qingdao ។ នៅពេលនេះ ទីក្រុងសៀងហៃ ក៏បានជំរុញឱ្យប្រជាជន
កុំធ្វើដំណើរចេញទៅក្រៅ ក្នុងអំឡុងពេលបុណ្យណូអែល។យោងតាមសារព័ត៌មាន China Daily កាលពីថ្ងៃទី ២៤ ខែធ្នូ គណៈកម្មាធិការសុខភាព Qingdao បាននិយាយថា ទីក្រុងភាគឦសាននៃប្រទេសចិននេះ កំពុងកត់ត្រាករណីថ្មី ប្រហែល ៥សែននាក់ជារៀងរាល់ថ្ងៃ ប៉ុន្តែមិនទាន់មានអ្នកស្លាប់នៅឡើយទេ។
ចំណែកនៅទីក្រុងសៀងហៃវិញ មន្ត្រីក្នុងទីក្រុងបានជំរុញឱ្យប្រជាជន ស្នាក់នៅក្នុងផ្ទះសម្រាប់ថ្ងៃចុងសប្តាហ៍នៃពិធីបុណ្យណូអែល នៅក្នុងទីក្រុងដែលមានប្រជាជនច្រើនបំផុតរបស់ប្រទេសចិនមួយនេះ ចំពេលដែលជំងឺកូវីដ-១៩ រីករាលដាលទូទាំងប្រទេស។
បុណ្យណូអែល មិនត្រូវបានប្រារព្ធជាប្រពៃណីនៅក្នុងប្រទេសចិននោះទេ ប៉ុន្តែវាជារឿងធម្មតាសម្រាប់គូស្វាមីភរិយាវ័យក្មេង និងក្រុមគ្រួសារមួយចំនួនដែលចង់ចំណាយពេលថ្ងៃឈប់សម្រាក ជាមួយគ្នា។
គណៈកម្មាធិការសុខាភិបាល ប្រចាំក្រុងសៀងហៃ បានស្នើដល់យុវជនជៀសវាង ការជួបជុំដែលមានមនុស្សច្រើន ដោយសារតែភាពងាយស្រួល នៃការរីករាលដាលនៃមេរោគឆ្លង និងអាកាសធាតុចុះត្រជាក់។
ជាធម្មតា ទីក្រុងសៀងហៃ បានរៀបចំតុបតែងសម្រាប់បុណ្យណូអែលដ៏ធំ នៅក្នុងតំបន់ផ្សារទំនើប។ ប៉ុន្តែសម្រាប់ឆ្នាំនេះ ការរីករាលដាលនៃជំងឺអូមីក្រុង កំពុងធ្វើឱ្យអាជីវកម្មមួយចំនួនបង្ខំចិត្ត លុបចោលការរៀបចំពិធីបុណ្យនេះ៕ ដោយធីរីណា
រូបថត : GT