ភ្នំពេញ៖ មានករណីអគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ២កន្លែងផ្សេងគ្នា បង្កការភ្ញាក់ផ្អើលទាំងកណ្ដាលយប់ ត្រូវបានកម្លាំងនគរបាលជំនាញចេញជួយធ្វើអន្តរាគមន៍ តែសំណាងល្អក្នុងករណីទាំង២នេះមិនបណ្ដាលឱ្យមានមនុស្សរងរបួសឡើយ គឺខូចខាតតែផ្ទះសម្បែងនិងទ្រព្យសម្បត្តិប៉ុណ្ណោះ។
ករណីទី១នៅវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ មានអគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋមួយកន្លែងនៅអគារទី០៦ ភូមិបុរីកីឡា សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ បណ្ដាលឱ្យមានការភ្ញាក់ផ្អើលដល់អាជ្ញាធរចេញជួយធ្វើអន្តរាគមន៍។
តាមប្រភពព័ត៌មានបានឱ្យដឹងថា នៅមុនពេលកើតហេតុគេបានឮសំឡេងផ្ទុះខ្លាំងៗជាច្រើនដងក្នុងអំឡុងពេលប្រជាពលរដ្ឋកំពុងសម្រាកលង់លក់ ភ្លាមៗនោះអ្នកភូមិបានទៅមើលស្រាប់តែឃើញអណ្តាតភ្លើងកំពុងឆាបឆេះតូបនៅក្រោមអគារទី៦ ហើយខណៈនោះពលរដ្ឋជិតខាងបានយកបំពង់ពន្លត់អគ្គិភ័យជួយបាញ់ពន្លត់ តែមិនអាចគ្រប់គ្រងបានដោយអណ្ដាតភ្លើងកាន់តែឆេះខ្លាំងឡើង
។ ពេលនោះអ្នកនៅទីនោះបានរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានខណ្ឌ៧មករា រួចអាជ្ញាធរបានទំនាក់ទំនងទៅអាជ្ញាធរជំនាញបង្ការនិងពន្លត់អគ្គិភ័យចេញរថយន្តមកជួយធ្វើអន្តរាគមន៍។
ក្រោយទទួលបានព័ត៌មាន លោក វរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចេញរថយន្តគ្រប់គោលដៅដើម្បីចេញជួយអន្តរាគមន៍បាញ់ពន្លត់។ លោកនាយការិយាល័យបានឱ្យដឹងថា ដោយស្ថានភាពច្រកចូលបាញ់ទឹកតូចហើយពលរដ្ឋបានចងតង់ ធ្វើឱ្យផ្លូវរថយន្តចូលចង្អៀត លំបាកក្នុងការចូលបាញ់ទឹកឱ្យបានទាន់ពេលវេលា។
ក្នុងហេតុការណ៍នេះបណ្ដាលឱ្យខូចខាតផ្ទះពលរដ្ឋចំនួន១១បន្ទប់អស់ទាំងស្រុងជាប្រភេទសំណង់ថ្មបេតុង ទំហំ០២ម៉ែត្រគុណ០៤ម៉ែត្រ និងប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ចំនួន២៤គ្រឿងទើបរលត់ ចំពោះមូលហេតុសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ។
ករណីទី២ នៅវេលាម៉ោង ២និង៣០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២មានករណីអគ្គិភ័យមួយកន្លែងទៀតបានឆាបឆេះផ្ទះពលរដ្ឋនៅតាមបណ្តោយផ្លូវព្រះមុនីរ៉េត ផ្ទះលេខ១៧១ ក្រុម៤៩ ភូមិ១៦ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ បណ្ដាលឱ្យឆេះអស់ផ្ទះចំនួន៣ល្វែង តែសំណាងល្អមិនបណ្ដាលឱ្យមានមនុស្សរងរបួសឡើយ។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុ បានឱ្យដឹងថា មុនពេលកេីតហេតុគេបានឃើញមានភ្លើងឆេះចេញពីកន្លែងគរទុកឈើបារ៉ែតដែលម្ចាស់ទុកនៅមុខផ្ទះឡេីងសន្ធោសន្ធៅដោយមិនដឹងមកពីមូលហេតុអ្វីនោះទេ ហើយភ្លាមៗនោះមានបងប្អូនស្រែកឆោឡោថាមានភ្លើងឆេះៗ ទេីបផ្អើលកម្មករដែលដេកយាមនៅក្នុងរោងស្តុកឈើបារ៉ែតចេញមកក្រៅ ហើយពេលនោះដោយសារអាកាសធាតុកំពុងធ្លាក់ខ្យល់ផងនោះ ទេីបធ្វើឱ្យភ្លើងកាន់តែឆេះសន្ធោសន្ធៅខ្លាំងឡើងៗ រាលដាលឆេះដល់ផ្ទះល្វែង។ ភ្លាមៗនោះកម្លាំងអាជ្ញាធរបានចេញរថយន្តជាច្រើនគ្រឿងដើម្បីចេញជួយធ្វើអន្តរាគមន៍បាញ់ទឹកពន្លត់ តែទោះជាយ៉ាងណាអគ្គិភ័យបានឆាបឆេះផ្ទះពលរដ្ឋដែលលក់ឈើបារ៉ែតមួយល្វែង និងរាលដាលដល់ផ្ទះជិតខាង ចំនួន៣ល្វែងបន្ថែមទៀត។
ក្នុងហេតុការណ៍នេះបណ្ដាលឱ្យខូចខាតផ្ទះពលរដ្ឋចំនួន០៤ល្វែង ប្រភេទសំណង់ឈើប្រក់សង័្កសីទំហំ០៨ម៉ែត្រx២៥ម៉ែត្រ និងប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ចំនួន៤៣គ្រឿងទើបរលត់ ចំពោះមូលហេតុសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ៕
ដោយ៖ រ៉ារ៉ា