រាជរដ្ឋាភិបាលនៅតែបន្តផ្តល់អាទិភាព ក្នុងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវគមនាគមន៍

ចែករំលែក៖

ខេត្តកំពង់ស្ពឺ : រាជរដ្ឋាភិបាលនៅតែបន្តផ្តល់អាទិភាព ក្នុងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ជាក់ស្តែងផ្លូវជាតិលេខ៤១ អតីតផ្លូវព្រះបាទអង្គឌួង ពីថ្នល់ទទឹង (ចំណុចប្រសព្វផ្លូវជាតិលេខ៤) ខេត្តកណ្ដាល រហូតដល់ស្រុកជុំគិរី (ចំណុចប្រសព្វផ្លូវជាតិលេខ៣) ខេត្តកំពត ត្រូវបានប្រកាសបើកការដ្ឋានស្ដារ និងលើកកម្រិតគុណភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

សូមបញ្ជាក់ថា ៖ នៅថ្ងៃចន្ទ ៤កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញអមដំណើរសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបើកការដ្ឋានស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤១ ប្រវែងសរុប ៩៥,២៧គីឡូម៉ែត្រ ពីថ្នល់ទទឹង ខេត្តកណ្ដាល រហូតដល់ស្រុកជុំគិរី ខេត្តកំពត ដែលឆ្លងកាត់ខេត្តចំនួន៤គឺ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តតាកែវ និងខេត្តកំពត ដោយពិធីនេះក៏មានការចូលរួមពី លោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្រសួងស្ថាប័នរាជរដ្ឋាភិបាល អាជ្ញាធរខេត្តពាក់ព័ន្ធ ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ បងប្អូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ ព្រមទាំងសិស្សានុសិស្សផងដែរ។

លោកទេសរដ្ឋមន្ត្រី ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចតេជោនាយករដ្ឋមន្ត្រី បានឆ្លៀតយកឱកាសនេះដើម្បីថ្លែងអំណរគុណចំពោះប្រជាជន និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន តាមរយៈ លោក វ៉ាង វិនធៀន ដែលបានផ្តល់ឥណទានសម្បទាន ដូចមានផ្លូវជាតិលេខ៤១ ដែលកំពុងបើកការដ្ឋានស្ដារ និងលើកកម្រិតគុណភាពជាដើម ព្រមទាំងជំនួយឥតសំណង និងជំនួយបច្ចេកទេសជាបន្តបន្ទាប់ស្របតាមសំណូមពរ និងសេចក្តីត្រូវការចាំបាច់របស់កម្ពុជា សម្រាប់ការសាងសង់ស្តារ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនសំដៅជំរុញកំណើនសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្រឱ្យកាន់តែថយចុះបន្ថែមទៀត។

លោកទេសរដ្ឋមន្ត្រី បានអនុញ្ញាតគោរពរាយការណ៍ជូន សម្តេចតេជោនាយករដ្ឋមន្ត្រី និងអង្គពិធីទាំងមូលពីគម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤១ ដែលមានប្រវែងសរុប ៩៥,២៧គីឡូម៉ែត្រ គិតចាប់ពីថ្នល់ទទឹង (ចំណុចប្រសព្វផ្លូវជាតិលេខ៤) ខេត្តកណ្តាល ទៅដល់ស្រុកជុំគិរី (ចំណុចប្រសព្វផ្លូវជាតិលេខ៣) ខេត្តកំពត នឹងត្រូវសាងសង់ជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ AC កម្រាស់៥សង់ទីម៉ែត្រ និងពង្រីកទទឹងតួផ្លូវរហូតដល់ ១២ម៉ែត្រ។ គម្រោងនេះ នឹងសាងសង់បន្ថែមសំណង់សិល្បការ្យផ្សេងៗរួមមាន៖ ពង្រីកស្ពានចាស់ចំនួន ០១កន្លែង ប្រវែងសរុប ២០០ម៉ែត្រ ដាក់លូគ្រប់ប្រភេទចំនួន ៣១៥កន្លែង បំពាក់កាមេរ៉ាត្រួតពិនិត្យល្បឿនចំនួន ០៨កន្លែង រួមទាំងបំពាក់ផ្លាកសញ្ញាចរាចរណ៍ គំនូសសញ្ញាចរាចរណ៍ បង្គោលគីឡូម៉ែត្រ និងបង្គោលសុវត្ថិភាពផងដែរ។

លោកទេសរដ្ឋមន្ត្រី បានបន្ថែមថា ផ្លូវជាតិលេខ៤១នេះ គឺជាសសៃឈាមសេដ្ឋកិច្ចដ៏មានសារៈសំខាន់ឆ្លងកាត់ខេត្តចំនួន០៤ រួមមានខេត្តកណ្តាល កំពង់ស្ពឺ តាកែវ និងខេត្តកំពត ក៏ដូចជាតភ្ជាប់ទៅកាន់កំពង់ផែអន្តរជាតិសំខាន់ៗ ដូចជា កំពង់ផែពហុបំណងខេត្តកំពត និងមជ្ឈមណ្ឌលភស្តុភារកម្មដែលកំពុងសាងសង់ កំពង់ផែទេសចរណ៍ខេត្តកំពត និងកំពង់ផែទេសចរណ៍ខេត្តកែប-កោះទន្សាយ ដែលទើបសាងសង់រួច ព្រមទាំងតភ្ជាប់ទៅតំបន់ទេសចរណ៍ធម្មជាតិ ដែលនៅតាមបណ្តាខេត្តព្រះសីហនុ ខេត្តកែប និងខេត្តកំពត តាមរយៈខ្សែផ្លូវជាតិលេខ៣ លេខ៤ លេខ៣១ និងលេខ៣៣។

ឆ្លៀតក្នុងឱកាសនេះ លោកទេសរដ្ឋមន្ត្រី បានរំលេចឱ្យឃើញពីទិសដៅការងារបន្តក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវ-ស្ពានសំខាន់ៗដែល បាននិងកំពុងសិក្សា និងគម្រោងមួយចំនួនត្រៀមនឹងបើកការដ្ឋានសាងសង់បន្តទៀតដោយសារប្រទេសជាតិ មានសុខសន្តិភាពពេញលេញបរិបូរណ៍ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលបានលះបង់ទាំងកម្លាំងកាយ និងកម្លាំងចិត្ត ព្រមទាំងប្រាជ្ញាស្មារតីក្នុងបុព្វហេតុជាតិ និងប្រជាជនឱ្យទទួលបានការអភិវឌ្ឍរីកចម្រើនដូចនាពេលបច្ចុប្បន្ននេះ។

សូមជម្រាបថា៖ គម្រោងនេះ នឹងត្រូវអនុវត្តការសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវវ៉ានអាន ដែលនឹងបញ្ចប់ការសាងសង់នៅអំឡុងឆ្នាំ២០២៦ ដោយគ្រោងចំណាយថវិកាសរុបប្រមាណជាង ៦៧លានដុល្លារអាមេរិក ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ និងពន្ធអាករផ្សេងៗ៕

...

ដោយ : សហការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print