សម្ដេចក្រឡាហោម ស ខេង ផ្ញើសារជូនពរ និងអបអរសាទរឆ្នាំថ្មី ឆ្នាំសកល២០២៣ ដល់កងកម្លាំងនគរបាលជាតិ មន្ត្រីរាជការសុីវិល និងមន្ត្រីពន្ធនាគារនៃក្រសួងមហាផ្ទៃ

ចែករំលែក៖

ភ្នំពេញ​៖​ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ផ្ញើសារជូនពរ និងអបអរសាទរឆ្នាំថ្មី ឆ្នាំសកល២០២៣ នាពេលខាងមុខ ដល់កងកម្លាំងនគរបាលជាតិ មន្ត្រីរាជការសុីវិល និងមន្ត្រីពន្ធនាគារ នៃក្រសួងមហាផ្ទៃ។ នេះបេីយោង​តាមសារ​លិខិត​ជូន​ពរ​របស់​សម្ដេច​ក្រឡា​ហោម​ ស​ ខេង​ ដែល​ទើប​ទទួល​បាន​នៅព្រឹកថ្ងៃពុធទី​២៨​ ខែធ្នូ​ ឆ្នាំ​២០២២។

ជាក់ស្ដែង​នៅក្នុង​សារ​លិខិត​ជូន​ពរ​របស់​សម្ដេច​ក្រឡា​ហោម​ ស​ ខេង​ បានបញ្ជាក់ថា​ តាងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមចូលរួមជាមួយកងកម្លាំងនគរបាលជាតិ មន្ត្រីរាជការស៊ីវិល និងមន្ត្រីពន្ធនាគារ ទូទាំងព្រះរាជាណាចក្រកម្ពុជា អបអរសាទរឆ្នាំថ្មី ឆ្នាំសកល គ្រិស្តសករាជ ២០២៣ ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះ ។ ខ្ញុំសូមសម្ដែងនូវការកោតសរសើរដោយស្មោះ ចំពោះកិច្ចខិតខំប្រឹងប្រែង និងការលះបង់ដ៏ធំធេងអស់ពីកម្លាំងកាយ និងប្រាជ្ញាស្មារតី ក្នុងបេសកកម្មបម្រើជាតិ និងប្រជាជន ប្រកបដោយឆន្ទៈដ៏មោះមុត ដោយបានបង្កើតស្នាដៃគួរឱ្យស្ញប់ស្ញែង និងនាំមកនូវជោគជ័យជាច្រើន ក្នុងបេសកកម្មថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ព្រមទាំងការបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ។ ខ្ញុំក៏សូមវាយតម្លៃខ្ពស់ចំពោះស្មារតីយកចិត្តទុកដាក់ និង ភាពម្ចាស់ការខ្ពស់ក្នុងវិជ្ជាជីវៈ ដោយធានាបានយ៉ាងរឹងមាំនូវបរិយាកាសសន្តិសុខយ៉ាងល្អប្រសើរ បម្រើដល់ការ ប្រព្រឹត្តទៅដោយជោគជ័យយ៉ាងត្រចះត្រចង់នូវព្រឹត្តិការណ៍ជាតិ-អន្តរជាតិសំខាន់ៗ ដែលព្រះរាជាណាចក្រកម្ពុជា រៀបចំ និងធ្វើជាម្ចាស់ផ្ទះ នៅក្នុងឆ្នាំ២០២២នេះ ។

ទន្ទឹមនេះ ខ្ញុំក៏សូមយកឱកាសដ៏ថ្លៃថ្លានេះ អំពាវនាវដល់កងកម្លាំងនគរបាលជាតិ មន្ត្រីរាជការស៊ីវិល និង មន្ត្រីពន្ធនាគារគ្រប់លំដាប់ថ្នាក់ បន្តយកចិត្តទុកដាក់ចូលរួមអនុវត្តឱ្យបានជោគជ័យនូវបណ្តាំបទបញ្ជា វិធានការ ផែនការ និងយុទ្ធនាការនានារបស់រាជរដ្ឋាភិបាល ជាពិសេសបន្តផ្សព្វផ្សាយ និងបំផុសចលនាប្រជាពលរដ្ឋគ្រប់ មជ្ឈដ្ឋានអនុវត្តឱ្យបានផុលផុសនូវគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព សំដៅរួមចំណែកថែរក្សាបរិយាកាស សង្គមបានល្អប្រសើរ បម្រើដល់ដំណើរការនៃព្រឹត្តិការណ៍ជាតិ និងអន្តរជាតិសំខាន់ៗ ជាអាទិ៍ ការបោះឆ្នោតជ្រើស តាំងតំណាងរាស្ត្រ នីតិកាលទី៧ និងការទទួលធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡា SEAGAMES លើកទី៣២ នៅក្នុង ឆ្នាំ២០២៣ខាងមុខនេះ ឱ្យប្រព្រឹត្តទៅដោយរលូន និងជោគជ័យ តាមការគ្រោងទុក ។

...

ជាថ្មីម្ដងទៀត ក្នុងឱកាសដ៏នក្ខត្តឫក្សនេះ ក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូម ប្រសិទ្ធពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរ ជូនចំពោះកងកម្លាំងនគរបាលជាតិ មន្ត្រីរាជការ ស៊ីវិល និងមន្ត្រីពន្ធនាគារ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ដើម្បីបន្តរួមគ្នាបង្កើតសមិទ្ធផល និងជោគជ័យថ្មីៗបន្ថែមទៀត ក្នុងបុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្រ ព្រមទាំងរួមចំណែកលើកកម្ពស់កិត្តិយស និងកិត្យានុភាព នៃព្រះរាជាណាចក្រកម្ពុជា កាន់តែលេច ផ្លែថែមទៀតលើឆាកអន្តរជាតិ ៕ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print