ភ្នំពេញ : សារលិខិតថ្វាយព្រះពរ
សូមក្រាបបង្គំទូលថ្វាយ
ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត
បពិត្រ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត!
នាឱកាសដ៏មហានក្ខត្តឬក្សវិសេសវិសាល អបអរសាទរក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល គ្រឹស្តសករាជ ២០២៣ ដែលនឹងឈាន ចូលមកដល់នាពេលខាងមុខនេះ តាងនាមក្រុមប្រឹក្សា គណៈអភិបាល មន្ត្រីរាជការ កងកម្លាំង និងប្រជារាស្ត្រទាំងអស់ក្នុងរាជធានី ភ្នំពេញ ទូលព្រះបង្គំ យើងខ្ញុំទាំងអស់គ្នា សូមក្រាបបង្គំអភិវន្ទថ្វាយនូវព្រះរាជសព្ទសាធុការពរជ័យចំពោះ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
ស្ថិតក្នុងឱកាសដ៏មហាជ័យមង្គលាភិរម្យថ្លៃថ្លានេះ៖ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមក្រាបបង្គំសម្ដែងនូវកតញ្ញូកត វេទិតាធម៌ដ៏ជ្រាលជ្រៅ ថ្វាយចំពោះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ដែលជានិច្ចកាលព្រះអង្គតែងតែសព្វព្រះរាជហឫទ័យ លះបង់ពេលវេលា និងព្រះកាយពល បំពេញនូវព្រះរាជកិច្ច ប្រកបដោយព្រះរាជទសពិធរាជធម៌ ព្រះព្រហ្មវិហារធម៌ ជាព្រះរាជ វីរតំរូនៅក្នុងវិស័យពុទ្ធចក្រ និងអាណាចក្រ ដើម្បីបុព្វហេតុឧត្តមប្រយោជន៍ជាតិ និងប្រជារាស្ត្រ បានរស់នៅក្នុងសេចក្តីសុខ ក្សេមក្សាន្ត ក្រោមម្លប់ “សន្តិភាព និងការអភិវឌ្ឍ” រួមទាំងនយោបាយការទូតល្អ ធ្វើឱ្យកិត្យានុភាពកម្ពុជា កាន់តែល្បីរន្ទឺសុះសាយ ទៅក្នុងតំបន់ និងពិភពលោក ជាពិសេសក្នុងអំឡុងពេលដែលប្រទេសកម្ពុជា ធ្វើជាប្រធានប្តូរវេនអាស៊ានក្នុងឆ្នាំ២០២២ នេះ។ ជាថ្មីម្តងទៀត ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថប្រណម្យបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ឬទិ្ធបារមីទេវតាថែរក្សាព្រះមហាស្វេតច្ឆត្រ សូម ជួយបីបាច់ថែរក្សា អភិបាលប្រោះព្រំព្រះសព្ទសាធុការពរជ័យគ្រប់ប្រការ ថ្វាយជូន ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង
សូមបានសមប្រកបដោយព្រះពុទ្ធពរបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏សុខក្សេមក្សាន្តសម្រាប់ប្រជារាស្ត្រខ្មែរជានិច្ចនិរន្តរ៍។ សូម ព្រះករុណាថ្លៃវិសេស ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់ព្រះមេត្តាទទួលនូវព្រះរាជភក្តីភាពដ៏ស្មោះស្ម័គ និងអភិវឌ្ឍនកិច្ចដ៏ខ្ពង់ខ្ពស់បំផុតពីទូលព្រះបង្គំ យើងខ្ញុំទាំងអស់គ្នា៕
ដោយ : សហការី