ព្យុះរដូវរងាជាប្រវត្តិសាស្ត្រដែលបាននាំមកនូវការធ្លាក់ព្រិលខ្លាំងនិងសីតុណ្ហភាពត្រជាក់បានធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់សហរដ្ឋអាមេរិក និងបានឆក់យកជីវិតមនុស្សយ៉ាងហោចណាស់ ក៏៥៦នាក់ដែរ។
កាសែត The Guardian បានដកស្រង់សេចក្តីថ្លែងការណ៍មួយនៅលើគេហទំព័រសេតវិមានដោយនិយាយថា ប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden បានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន ហើយបានបញ្ជាឱ្យផ្តល់ជំនួយសហព័ន្ធដល់ទីកន្លែងដែលរងគ្រោះខ្លាំងបំផុតដោយគ្រោះមហន្តរាយធម្មជាតិ។
ទីក្រុងBuffalo នៃទីក្រុងញូវ
យ៉កកំពុងប្រឈមមុខនឹងព្យុះព្រិលទ្រង់ទ្រាយធំ។ មកទល់ពេលនេះ យ៉ាងហោចណាស់ក៏មានមនុស្ស ៣៤នាក់ដែរត្រូវបានកត់ត្រាថាបានស្លាប់ដោយសារអាកាសធាតុអាក្រក់ក្នុងតំបន់នេះ។ ក្រុមអ្នកជួយសង្គ្រោះក្នុងតំបន់កំពុងព្យាយាមស្វែងរកជនរងគ្រោះដែលអាចត្រូវបានកប់នៅក្រោមព្រិលក្រាស់ជាងមួយម៉ែត្រ និងសីតុណ្ហភាពត្រជាក់។
ស្នងការប៉ូលិស Buffalo លោក Joseph Gramaglia បាននិយាយថា សាកសពជាច្រើនទៀតអាចត្រូវបានរកឃើញនៅពេលដែលព្រិលធ្លាក់ខ្លាំង។ ប៉ូលិសក្នុងទីក្រុង Buffalo ជាង១០០០នាក់ទទួលបានការហៅទូរស័ព្ទដើម្បីជួយសង្គ្រោះ។
មន្ត្រីម្នាក់បានបង្ហើបថា មនុស្សមួយចំនួនបានជាប់ក្នុងរថយន្តអស់រយៈពេលជាងពីរថ្ងៃនៅកណ្តាលព្យុះដ៏អាក្រក់។
អភិបាលក្រុងញូវយ៉កលោក Kathy Hochul ដែលមានដើមកំណើតនៅ Buffalo បានអត្ថាធិប្បាយថា “កន្លែងកើតហេតុគឺដូចជាទៅតំបន់សង្រ្គាម។ ចរាចរណ៍កកកុញតាមសងខាងផ្លូវពិតជាគួរឱ្យរន្ធត់ នេះពិតជាព្យុះកំបុតត្បូងប្រវត្តិសាស្ត្រ” ។
អភិបាលក្រុង Buffalo បានព្រមានអ្នកស្រុកកុំឱ្យបើកបរនៅពេលនេះ ព្រោះពួកគេនៅតែរត់ប្រថុយប្រថាននឹងការជាប់គាំងនៅលើដងផ្លូវ ដោយផ្លូវជាច្រើនក្នុងទីក្រុងនៅតែមិនអាចឆ្លងកាត់បាន។ តំបន់មួយចំនួននៅក្នុងរដ្ឋម៉ុនតាណាសីតុណ្ហភាពបានធ្លាក់ចុះដល់ -45 អង្សាសេ។
យោងតាមគេហទំព័រតាមដាន FlightAware ក្រុមហ៊ុន Southwest Airlines ត្រូវលុបចោលជើងហោះហើរចំនួន 2,909 ជើងដែលស្មើនឹង ៧០% នៃជើងហោះហើរដែលបានគ្រោងទុក និងជិត១០ដងច្រើនជាងក្រុមហ៊ុនអាកាសចរណ៍ផ្សេងទៀត៕ ដោយធីរីណា
រូបថត: Vietnamnet.vn