នៅព្រឹកថ្ងៃទី២៨ខែធ្នូ អាកាសធាតុបានចុះអ័ព្ទយ៉ាងក្រាស់ បង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ រថយន្តបុកបន្តកន្ទុយគ្នា រហូតដល់ជាង ២០០គ្រឿង ស្ថិតនៅទីក្រុង Zhengzhou ខេត្ត Henan ប្រទេសចិន ។
សារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៨ ខែធ្នូ ឆ្នាំ២០២២នេះ បានផ្សាយថា ហេតុការណ៍គ្រោះថ្នាក់ បណ្តាលឱ្យមនុស្សម្នាក់បានបាត់បង់ជីវិតក្នុងពេលដែលយានជំនិះ សរុបច្រើនជាង ២០០គ្រឿងបានបុកបន្តកន្ទុយគ្នា នៅលើស្ពានហាយវ៉េមួយខ្សែ ស្ថិតក្នុងទីក្រុងZhengzhou។
ស្ពានកើតហេតុខាងលើគឺស្ពាន
ចេងស៉ីន ហ័ងហឺ (Zhengxin Huanghe) ដែលជាស្ពានដ៏សំខាន់មួយសម្រាប់ ឆ្លងកាត់ទន្លេលឿង។ យោងតាមប្រព័ន្ធផ្សព្វផ្សាយចិន មានមនុស្ស ជាច្រើននាក់រងរបួស ប៉ុន្តែបានជាប់ក្នុងរថយន្តរបស់ពួកគេ ខណៈដែលអាជ្ញាធរពន្លត់អគ្គិភ័យ បានបញ្ជូនរថយន្តពន្លត់អគ្គិភ័យ ១១គ្រឿង រួមជាមួយភ្នាក់ងារ ៦៦នាក់ភ្លាមៗ ដើម្បីទៅជួយសង្រ្គោះនៅកន្លែង ជួបគ្រោះថ្នាក់។
ចរាចរណ៍ទាំងទៅទាំងមក នៅលើស្ពានត្រូវបានបិទជាបណ្តោះអាសន្ន ហើយអាជ្ញាធរចិនកំពុងព្យាយាមដោះស្រាយ នៅទីតាំងរថយន្តបុកគ្នានោះ ដើម្បីសម្រួលឱ្យចរាចរណ៍អាចបន្តជាធម្មតាឡើងវិញ ក្នុងពេលឆាប់ៗនេះ។ សេវាឧតុនិយមក្នុងប្រទេសចិនបានឱ្យដឹងថា កាលពីវេលាព្រឹកថ្ងៃពុធ នៅតំបន់ជាច្រើនគឺមិនអាចមើលទៅមុខឃើញដល់ ៥០០ម៉ែត្រឡើយ ហើយពេលខ្លះទៀតគឺបានថយចុះ មកនៅត្រឹមក្រោម ២០០ម៉ែត្រប៉ុណ្ណោះ ដោយសារតែការចុះអ័ព្ទខ្លាំង ខុសប្រក្រតី៕ ដោយធីរីណា
រូបថត : tuoitre.vn