ភ្នំពេញ៖ បុរសម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់នៅក្នុងបន្ទប់ជួល ក្នុងសភាពហើមស្អុយរលួយ សង្ស័យបណ្តាលមកពីខ្យល់គរ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤និង៤០នាទីរសៀល នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ នៅបន្ទប់ជួលលេខ2A ក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះមានឈ្មោះប៊ុន ណាត ភេទប្រុស អាយុ៤០ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅទីតាំងកន្លែងកើតហេតុខាងលើ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុបានឱ្យដឹងថាបុរសខាងលើមិនបានឃើញចេញពីបន្ទប់ជួលរយៈពេលបីទៅបួនថ្ងៃមកហើយ ហេីយមានក្លិនស្អុយសាយភាយចេញពីខាងក្នុងបន្ទប់ទេីបរាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ចចុះមកដល់ទីតាំងកន្លែងកើតហេតុក៏បានគាស់ទ្វារចូលមើលហើយក៏ឃើញជនរងគ្រោះដេកស្លាប់នៅក្នុងបន្ទប់ដោយមានសភាពហើមស្អុយរលួយ ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅជំនាញចុះមកទីតាំងកន្លែងកើតហេតុដើម្បីធ្វើកោសល្យវិច័យ និងទាក់ទងទៅក្រុមគ្រួសារមកទទួលសពយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ៖សុខាសែនជ័យ