ភ្នំពេញ : មេបញ្ជាការកងទ័ពជើងគោក កម្ពុជា-សាធារណរដ្ឋកូរ៉េ ចុះហត្ថលេខារួមគ្នាតាមប្រព័ន្ធ VTC លើ អនុស្សារណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរ។
នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ នេះ នៅបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជការ កងទ័ពជើងគោក បានជួបប្រជុំតាមប្រព័ន្ធ VTC ជាមួយនឹង លោក នាយឧត្តមសេនីយ៍ ប៉ាក ចុងឋាន (Park Jeong Hwan) មេបញ្ជាការកងទ័ពជើងគោក នៃសាធារណរដ្ឋកូរ៉េ។
ក្នុងជំនួបនេះ សមភាគីទាំងពីរបានរំឭកអំពីការភ្ជាប់ចំណងការទូតកម្ពុជា-សាធារណរដ្ឋកូរ៉េនៅក្នុង ឆ្នាំ១៩៧០ ព្រមជាមួយនឹងការសម្តែងនូវការអបអរសាទ និងមោទកភាពចំពោះការរីកចម្រើននៃទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ជាពិសេសក្នុងរយៈកាល ២៥ ឆ្នាំកន្លង មកនេះ រាប់ចាប់តាំងពីការភ្ជាប់ចំណងការទូតឡើងវិញក្នុងឆ្នាំ១៩៩៧ នៅក្រោមកិច្ចខិតខំប្រឹងប្រែងរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងប្រមុខដឹកនាំនៃ សាធារណរដ្ឋកូរ៉េជាច្រើនរូប។
ជាមួយគ្នានេះ មេបញ្ជាការកងទ័ពជើងគោកនៃប្រទេសទាំងពីរ ក៏បានកត់សម្គាល់ដោយធ្វើការវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យការពារជាតិ ដែលកំពុងមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ជាពិសេស នៅក្រោយការចុះអនុស្សារណៈនៃការយោគយល់រវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរនៅក្នុងឆ្នាំ២០១៨ ហើយដែលផ្តើមចេញពីមូលដ្ឋាននេះ ក៏បានបើកឱកាស និងជំរុញឱ្យមានទំនាក់ទំនងកាន់តែជិតស្និទ្ធរវាង កងទ័ពជើងគោកកម្ពុជា សាធារណរដ្ឋកូរ៉េ ដូចដែលឆ្លុះបញ្ចាំងតាមរយៈសមិទ្ធផលផ្លែផ្កាជាច្រើន រួមមាន៖ ការផ្លាស់ប្ដូរ ទស្សនកិច្ចទៅវិញទៅមក,ការហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្សនិងការផ្តល់ជំនួយជាសម្ភារយោធា ជាដើម។
ក្នុងឱកាសនៃជំនួបនេះ សមភាគីទាំងពីរបានសម្រេចចុះហត្ថលេខារួមគ្នាលើ អនុស្សារណៈនៃការយោគយល់ ស្ដីពីកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ និងកងទ័ពជើងគោកនៃ សាធារណរដ្ឋកូរ៉េ ក្នុងគោលបំណងលើកកម្ពស់ចំណងមិត្តភាពជិតស្និទ្ធ និងយូរអង្វែងរវាងភាគីទាំងពីរ ដោយផ្អែកលើទំនុកចិត្តរួមក្នុងបុព្វហេតុសន្តិភាព និងមនុស្សធម៌ ជាមួយនឹងការអបអរសាទរចំពោះកម្រិត ឈានឡើងនៃទំនាក់ទំនងប្រកបដោយសក្តានុពលដូចពេលបច្ចុប្បន្ន សមភាគីទាំងពីរបានចាត់ទុកវឌ្ឍនភាពនេះ គឺជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយ ដោយឯកសារអនុស្សារណៈនេះនឹងក្លាយជាមូលដ្ឋានមួយដ៏សំខាន់ ក្នុងការត្រួសត្រាយផ្លូវសំដៅឈានទៅពង្រឹង និងពង្រីកសកម្មភាពកិច្ចសហប្រតិបត្តិការជាក់ស្ដែងនានាតទៅ អនាគត ៕
ដោយ : សិលា