ក្រោយពេលដែលសេដ្ឋកិច្ចប្រទេសមហាអំណាចទី២និងទី៣លើពិភពលោកគឺចិននិងជប៉ុនធ្លាក់ចុះរយៈពេលចុងក្រោយនេះ បង្ករការព្រួយបារម្ភយ៉ាងខ្លាំងដល់ប្រទេសក្នុងតំបន់ ដោយសារតែចិននិងជប៉ុនជាអ្នកគ្រប់គ្រងសេដ្ឋកិច្ចទាំងមូល។ ដោយឡែកប្រទេសឥណ្ឌា មានកំណើនសេដ្ឋកិច្ច ខ្ពស់នៅក្នុងឆ្នាំ២០១៦ ដោយបានកើនឡើងរហូតដល់ទៅ ៧.៦ភាគរយ។ ជាមួយនិងកំណើននោះមហាអំណាចសេដ្ឋកិច្ចលំដាប់ទី៣ នៅអាស៊ីមួយនេះបានស្ថិតក្នុងចំណោមប្រទេសធំៗក្នុងលោកដែលកំពុងមានអត្រាកំណើនសេដ្ឋកិច្ចខ្ពស់។
លោកស្រី គ្រីស្ទីន ឡាហ្កាក អគ្គនា យិកាមូលនិធិរូបិយវត្ថុអន្ដរជាតិ IMF នៅពេលលោកស្រីចូលរួមនៅក្នុងសន្និសីទស្ដីពីការបោះជំហានទៅមុខរបស់អាស៊ីដែលបានរៀបចំធ្វើនៅទីក្រុងញូវដេលី ប្រទេសឥណ្ឌានោះបានមានប្រសាសន៍ ថា អាស៊ីតំណាងឱ្យ៤០ភាគរយនៃសេដ្ឋកិច្ចសកល ។
ក្នុងរយៈពេល៤ឆ្នាំទៅមុខអាស៊ីនឹងជួបកំណើនសេដ្ឋកិច្ចដែលតំណាងឱ្យពីរភាគបីនៃកំណើនសេដ្ឋកិច្ចសកល។ នេះ ជាការវាយតម្លៃរបស់លោកស្រីអគ្គនាយិកាមូលនិធិរូបិយវត្ថុអន្ដរជាតិ IMF នៅក្នុងសន្និសីទសេដ្ឋកិច្ចក្នុងប្រទេស ឥណ្ឌា។ អាស៊ីពិតជាមានសក្ដានុពល និងដើរតួសំខាន់ក្នុងសេដ្ឋកិច្ចពិភពលោក។ ដោយមើលទៅលើតួនាទីមិនអាចខ្វះបានរបស់អាស៊ីវិធានការគ្រប់យ៉ាងដើម្បីជំរុញកម្លាំងសេដ្ឋកិច្ចគឺជាអ្វីដែលពិភពលោកជាពិសេសតំបន់អាស៊ីខ្លួនឯង ត្រូវគិតគូរផ្ដល់តម្លៃ ។
នៅក្នុងពេលសេដ្ឋកិច្ចពិភពលោកកំពុងជួបការលំបាកដូចជាការដើរថយក្រោយនៃសេដ្ឋកិច្ចចិន លុយដុល្លារអាមេរិកឡើងថ្លៃប្រេងចុះថោក ហើយនិងវិបត្ដិសេដ្ឋកិច្ចនៅរុស្ស៊ីនិងប្រេស៊ីលនោះវាមានសារៈសំខាន់ណាស់ដែលអាស៊ីត្រូវតែធ្វើកំណែទម្រង់រចនាសម្ព័ន្ធក្នុងតំបន់ក្នុងប្រទេសដើម្បីជំរុញឱ្យមានការប្រកួតប្រជែងការបង្កើតការងារ និងធានាកំណើនសេដ្ឋកិច្ចទៅថ្ងៃអនាគត។
អគ្គនាយិកាមូលនិធិរូបិយវត្ថុអន្ដរជាតិ IMF បានវាយតម្លៃថា ការពង្រឹងធានាបរិយាកាសល្អសម្រាប់អ្នកធ្វើជំនួញ ហើយនិងការអភិវឌ្ឍទីផ្សារភាគហ៊ុនគឺជាកូនសោគន្លឹះសំខាន់សម្រាប់តំបន់អាស៊ីទាំងមូល។ មួយវិញទៀតលោកស្រី គ្រីស្ទីន ឡាហ្កាក នៅបានផ្ដល់អនុសាសន៍សម្រាប់ប្រទេសមហាយក្សសេដ្ឋកិច្ចនៅអាស៊ីត្រូវរៀបចំឱ្យមានលំនឹងសេដ្ឋកិច្ចឡើងវិញ។ នៅប្រទេសចិនត្រូវកែទម្រង់របៀបគ្រប់គ្រងក្រុមហ៊ុនចំណែកនៅជប៉ុនក៏ត្រូវតែកែទម្រង់សេដ្ឋកិច្ចដែរនិងការសាងសង់កែលម្អហេដ្ឋារចនាសម្ព័ន្ធនៅប្រទេសឥណ្ឌា។
កំណើនសេដ្ឋកិច្ចដែលឥណ្ឌាទទួលបានខ្លាំងជាងគេ គឺនៅក្នុងត្រីមាសទី១ចន្លោះខែមករា និងខែមីនា ឆ្នាំ២០១៦ ដែលមានអត្រាដល់ទៅ ៧.៩ភាគរយ គឺជាអត្រាមួយដ៏ខ្ពស់លើសពីការប្រមើលទុករបស់ក្រុមសេដ្ឋកិច្ចវិទូដែលប៉ាន់ប្រមាណត្រឹម ៧.៥ភាគរយ។ លទ្ធផលជាក់ស្តែងនេះជាការលើកទឹកចិត្តដល់រដ្ឋាភិបាលជាតិនិយមហិណ្ឌូរបស់លោកនាយករដ្ឋមន្រ្តី ណារ៉េនដ្រា ម៉ូឌី ដែលទើបចូលកាន់អំណាចបាន ២ឆ្នាំ និងដែលបានសន្យាផ្តល់សន្ទុះសេដ្ឋកិច្ច និងការវិនិយោគបរទេស។
ក្នុងនាមជាប្រទេសមហាអំណាចសេដ្ឋកិច្ចលំដាប់ទី៣ នៅអាស៊ីមែន តែឥណ្ឌាកំពុងធ្វើដំណើរវ៉ាចិនដែលជាប្រទេសជិតខាង និងគូប្រជែងរបស់ខ្លួននៅក្នុងតំបន់។ ជាក់ស្តែងនា ៣ត្រីមាសកន្លងទៅ ឥណ្ឌាទទួលបានកំណើនសេដ្ឋកិច្ចជាង ៧ភាគរយទល់នឹងចិនដែលទទួលបានត្រឹម ៦.៧ភាគរយ ដែលជាអត្រាមួយយ៉ាងទាបគិតក្នុងរយៈពេល ៧ឆ្នាំចុងក្រោយ។ តែក្រុមសេដ្ឋកិច្ចវិទូមានមន្ទិលសង្ស័យចំពោះវិធានគន់គូរថ្មីរបស់រដ្ឋាភិបាលដែលបានជួយដំឡើងតួលេខកំណើនសេដ្ឋកិច្ច។ តែរដ្ឋាភិបាលអះអាងថា របៀបគិតលេខថ្មីរបស់ខ្លួនមិនខុសពីស្តង់ដារអន្តរជាតិប៉ុន្មានទេ។
មានកត្តាជាច្រើនដែលបានអនុញ្ញាតឲ្យឥណ្ឌាទទួលបានកណើនសេដ្ឋកិច្ចខ្ពស់ពេលនេះ ពិសេសកត្តាបញ្ចុះអត្រាការប្រាក់របស់ធនាគារកណ្តាលដែលបានជួយបង្កើនការវិនិយោគ និងការចំណាយរបស់ពលរដ្ឋ។ ជាក់ស្តែងក្នុងខែមេសាកន្លងទៅ ធនាគារកណ្តាលបានទម្លាក់អត្រាការប្រាក់នាំមុខមកនៅត្រឹម ៦.៥ភាគរយ ដែលជាកម្រិតមួយយ៉ាងទាបគិតក្នុងរយៈពេល ៥ឆ្នាំកន្លងទៅ។ តែក្រុមសេដ្ឋកិច្ចវិទូបានយល់ឃើញថា អត្រា ៦.៥ភាគរយ នៅមានកម្រិតខ្ពស់ និងបានទាមទារឲ្យមានការបញ្ចុះបន្ថែមទៀត៕
ប្រែសម្រួល៖ សាធី