ភ្នំពេញ៖ ប្រទេសកម្ពុជានឹងបញ្ជូន អត្តពលិករបស់ខ្លួនទៅចូលរួមប្រកួត កីឡាអូឡាំពិក រដូវក្តៅលើកទី៣១ឆ្នាំ២០១៦ នៅទីក្រុងរីយ៉ូ ប្រទេសប្រេស៊ីល នេះបើតាមបញ្ជាក់ ពីលោកវ៉ាត់ ចំរើនអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នៅក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី៣ខែមិថុនាឆ្នាំ២០១៦នៅទីស្នាក់ការNOCC ដោយមានការចូលរួមពី កីឡាករកីឡាការិនី និងអ្នកសារព័ត៌មាន ជាតិនិងអន្តរជាតិជាច្រើននាក់។
លោកចំរើន មានប្រសាសន៍ថា ប្រទេសកម្ពុជាបានត្រៀមរួចជាស្រេចហើយ ដើម្បីបញ្ជូនអត្តពលិករបស់ខ្លួន ៦នាក់ក្នុងចំណោមកីឡា៤ប្រភេទដើម្បីឲ្យទៅ ចូលរួមប្រកួតកីឡាអូឡាំពិក រដូវក្ដៅលើកទី៣១ឆ្នាំ២០១៦នៅ ទីក្រុងរីយ៉ូប្រទេសប្រេស៊ីល ពួកគេរួមជាមួយ ប្រតិភូកីឡាទាំងអស់មានគ្នា១០នាក់ចេញដំណើរនៅថ្ងៃទី២៩ខែកក្កដាខាងមុខនេះ។
លោកបានបញ្ជាក់ជាក់ថា ចំពោះអត្តពលិកទាំង៦នាក់ នោះមានអត្តពលកម្ម២នាក់ ហែលទឹក២នាក់ ចំបាប់១នាក់និងតេក្វាន់ដូ ១នាក់។ក្នុងចំណោមកីឡាទាំង៤ប្រភេទនេះមានតែតេក្វាន់ដូប៉ុណ្ណោះ គឺកីឡាការិនីស៊ន សៀវមីដែលទទួលបានសិទ្ធិពេញលេញក្នុងការប្រកួតនេះ។ ចំណេកឯ៣ប្រភេទកីឡាផ្សេងទៀត សុទ្ធតែជាអ្នកដែលទទួលបានសិទ្ធិអនុគ្រោះ ប៉ុន្តែសិទ្ធិអនុគ្រោះនេះពេលដែលប្រកួតគឺមានសិទ្ធិ ប្រកួតដណ្ដើមយកមេដាយស្មើភាពគ្នា ជាមួយកីឡាករ ដែល ទទួលបានសិទ្ធិពេញលេញដែរ។ តួយ៉ាងដូចជា កីឡាចំបាប់ មានកីឡាការិនីចូវ សុធារ៉ា កីឡារត់ម៉ារ៉ាតុង៤២គីឡូម៉ែត្រ បូក១៩០ម៉ែត្រ មានកីឡាករTakizakiKumakiនិងកីឡាការិនី លី ណារី និងកីឡាហែលទឹកមានកីឡាការិនីហែម ថុនវិទិនី និងកីឡាករពូ សុវិជ្ជា។ប្រតិភូកីឡាទាំងអស់នឹងធ្វើដំណើរទៅកាន់ទីក្រុងរីយ៉ូនាថ្ងៃទី២៩ខែកក្កដា ខណៈកម្មវិធីប្រារព្ធបើក ការប្រកួតនៅថ្ងៃទី៥ខែសីហាឆ្នាំ២០១៦។
លោកបានអះអាងថា សព្វថ្ងៃនេះមានតែកីឡាករTakizakiនិងកីឡាការិនី ចូវ សុធារ៉ា ប៉ុណ្ណោះដែលមានវត្តមាននៅក្នុងប្រទេសកម្ពុជា ក្រៅពីនេះដូចជាកីឡាការិនីស៊ន សៀវមុីកំពុងហ្វឹកហាត់នៅប្រទេសកូរ៉េ ។កីឡាការិនីលី ណារីកំពុងហ្វឹកហាត់នៅប្រទេសកេនយ៉ាកីឡាករ ពូ សុវិជ្ជា ហ្វឹកហាត់នៅសហរដ្ឋអាមរិក និងកីឡាការិនីហែម ថុនវិទិនីហាត់នៅប្រទេសថៃ។លោកវ៉ាត់ ចំរើនបានរំលឹកឡើងវិញថាសម្រាប់កីឡាករTakizakiកុំឲ្យមានការយល់ច្រឡំថាជាកីឡាករជប៉ុន ប្រកួតតំណាងឱកម្ពុជា ពីព្រោះពេលនេះគេ បានចូលជាសញ្ជាតិខ្មែរពេញលេញហើយ គេគឺជាកីឡាករកម្ពុជាស្របច្បាប់ប្រកួតគឺតំណាងឲ្យកម្ពុជាហើយអ្វីដែលសំខាន់បំផុតនោះមិនមែនរឿងចូលសញ្ជាតិនោះទេ បញ្ហាសំខាន់មុនពេលដែលសម្រេចចិត្តបញ្ជូនគាត់ឱ្យទៅចូលរួមប្រកួត ដោយសារតែគាត់មានថិរវេលា ល្អជាងគេ ក្នុងប្រទេសកម្ពុជា មិនទាន់មានកីឡាករណាម្នាក់បំបែក កំណត់ត្រារបស់គាត់បានឡើយ ។ កីឡាករTakizakiធ្វើតេស្តចុងក្រោយ ដោយមានកីឡាករកីឡាការិនីចូលរួមទូទាំងប្រទេស គាត់ធ្វើបានក្នុងរង្វង់ថិរវេលា២ម៉ោង២៧នាទី៕
ដោយ៖ សារីម