ការផ្តន្ទាទោសដល់បុគ្គលណាមួយប្រមាថដល់ព្រះមហាក្សត្រក្នុងពេលយោធាកាន់អំណាចនៅថៃនឹងត្រូវដាក់ទោសយ៉ាងធ្ងន់។ សកម្មភាពទាំងនោះត្រូវបានគេចាត់ទុកជាចេតនាពង្រឹងអំណាចយោធានៅក្នុងជួររដ្ឋាភិបាល។
ប្រមាថព្រះមហាក្សត្រដែលនឹងអាចត្រូវផ្តន្ទាទោសធ្ងន់បំផុតដល់ទៅ១៥ឆ្នាំ។ គ្រប់ប្រព័ន្ធសារព័ត៌មានទាំងអស់រាប់ទាំងសារព័ត៌មានបរទេសផង ឱ្យតែហ៊ានធ្លោយមាត់ ធ្លោយពាក្យចុះផ្សាយពាក្យប្រមាថរបស់ជនជាប់ចោទនោះក៏នឹងត្រូវជាប់ក្តីក្តាំដែរ។ ហេតុដូច្នេះហើយបានជាមានផ្សព្វផ្សាយដំណឹងកាត់ក្តីនេះយ៉ាងតិចតួចបំផុត។
អ្នកចម្រៀងដ៏មានប្រជាប្រិយភាពម្នាក់ លោក Thanat Thanawatcharanon ហៅ Tom Dundee ត្រូវបានតុលាការកាត់ទោសក្រុងបាងកក ដាក់ទោសឱ្យជាប់ពន្ធនាគារក៏ព្រោះតែបានពោលពាក្យមិនសមរម្យ ប្រមាថដល់ព្រះមហាក្សត្រកាលពីឆ្នាំ២០១៣ ក្នុងអំឡុងពេលធ្វើមិទ្ទិញជាក្រុមបាតុករអាវក្រហម សកម្មភាពជនអ្នកគាំទ្ររដ្ឋាភិបាលត្រកូលថាក់ស៊ីន និងយីងឡាក់ ស៊ីណាវ៉ាត់។ តាំងពីបានឡើងគ្រប់គ្រងប្រទេសតាមរយៈរដ្ឋប្រហារមករបបសឹកថៃបានដំឡើងភាពផ្តាច់ការកាន់តែខ្លាំង និងបង្កើនការកាត់ទោសអ្នកប្រឆាំងកាន់តែច្រើនឡើងៗពីបទប្រមាថព្រះមហាក្សត្រ។ សូម្បីតែនិយាយប៉ះពាល់ដល់ឆ្កែស្តេចក៏អាចជាប់ទោសដែរ ។ អ្នកប្រើប្រាស់អ៊ីនធ័រនែតម្នាក់កំពុងរងការចោទប្រកាន់ពីបទប្រមាថព្រះមហាក្សត្រ បន្ទាប់ពីបានបង្ហោះសារលើប្រព័ន្ធអ៊ីនធ័រនែត ប្រមាថឆ្កែស្តេច។
ប្រមុខនឹងស្ថានភាពសុខភាពមិនជាក់លាក់របស់ព្រះមហាក្សត្រ របបសឹកថៃដែលការពារយ៉ាងងប់ងុលរបបរាជានិយម បានបង្ហាញចរិកហិង្សា និងវក់អំណាចកាន់តែខ្លាំងឡើងៗ។ លោក ប្រាយុទ្ធចាន់អូចា បានប្រកាសជាសាធារណៈនៅថ្ងៃនេះថា ទោះបីមានការស្អប់ខ្ពើមមេដឹកនាំដល់កំរិតណាក៏ដោយក៏លោកមិនចុះចេញពីតំណែងជាដាច់ខាតដរាបណាប្រទេសគ្មានសន្តិភាពនិងសណ្តាប់ធ្នាប់វិញទេ៕
ប្រែសម្រួល៖ សាធី