ភ្លើងឆេះផ្លូវរូងក្រោមដីនៅកូរ៉េខាងត្បូង មនុស្សជាច្រើននាក់បានស្លាប់និងរបួស ( មាន​វីដេអូ​ )

ចែករំលែក៖

បន្ទាប់ពីអគ្គិភ័យបានឆាបឆេះនៅផ្លូវរូងក្រោមដីក្នុងទីក្រុង Gwacheon កូរ៉េខាងត្បូង បណ្តាលឱ្យមានមនុស្សយ៉ាងហោចណាស់៥នាក់បានស្លាប់ និង ៣៧នាក់ផ្សេងទៀតបានរងរបួស។

នៅថ្ងៃទី២៩ ខែធ្នូ ទីភ្នាក់ងារសារព័ត៌មាន Yonhap បានផ្សាយថា គ្រោះអគ្គិភ័យកើតឡើងបន្ទាប់ពីរថយន្តដឹកទំនិញបានបុកជាមួយរថយន្តក្រុងនៅខាងក្នុងផ្លូវរូងក្រោមដីនៅផ្លូវ Gyeongin Expressway លេខ ២ក្នុងទីក្រុង Gwacheon ចម្ងាយ ពីរដ្ឋធានីសេអ៊ូល ២០ គីឡូម៉ែត្រទៅភាគខាងត្បូង។ ការប៉ះទង្គិចគ្នានេះនាំឱ្យមានភ្លើងឆេះយ៉ាងធំនៅខាងក្នុងផ្លូវរូងក្រោមដី។
រថយន្តពន្លត់អគ្គិភ័យប្រហែល ៩៤គ្រឿង អ្នកពន្លត់អគ្គីភ័យ ២១៩គ្រឿង និងឧទ្ធម្ភាគចក្រត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុ ដើម្បីពន្លត់ភ្លើង។ ភ្លើងត្រូវបានពន្លត់នៅវេលាម៉ោង១៦និង១២នាទី (ម៉ោងក្នុងស្រុក) ។ មន្ត្រីកូរ៉េខាងត្បូងបាននិយាយថា ពួកគេនឹងស៊ើបអង្កេតរកមូលហេតុពិតប្រាកដនៃឧប្បត្តិហេតុនេះ។
ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol ភ្លាមៗបានបញ្ជាឱ្យអាជ្ញាធរចុះពិនិត្យកន្លែងកើតហេតុជាបន្ទាន់ ដើម្បីស្វែងរកជនរងគ្រោះ និងផ្តល់សេវាព្យាបាលដល់អ្នករបួស។ លោក Yoon បានស្នើឱ្យមន្ត្រីក្រោមឱវាទរបស់លោកស៊ើបអង្កេតមូលហេតុ និងផលប៉ះពាល់នៃគ្រោះថ្នាក់នេះ ដើម្បីការពារកុំឱ្យឧប្បត្តិហេតុស្រដៀងគ្នានេះកើតឡើងនាពេលអនាគត៕ ដោយធីរីណា

វីដេអូ​ :​ Korail57

...

រូប​ថត​ :​ YONHAP NEWS

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print