ភ្នំពេញ៖ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នារសៀលថ្ងៃព្រហស្បតិ៍ទី២៩ ខែធ្នូ ឆ្នាំ២០២២នេះ បានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស នាថ្ងៃទី២៩ ធ្នូនេះ បណ្តាលឱ្យមនុស្សស្លាប់ចំនួន៨នាក់ របួសធ្ងន់ចំនួន ៥នាក់(ស្រី១នាក់) និងរបួសស្រាលចំនួន ២នាក់ ។ ដូច្នេះសូមធ្វើដំណើរប្រកាន់ខ្ជាប់នូវច្បាប់ចរាចរណ៍ជានិច្ច !
របាយការណ៍ដដែល បានគូសបញ្ជាក់ថា ករណីគ្រោះថ្នាក់ដែលបង្កឱ្យមានមនុស្សស្លាប់និងរបួសចំនួន១៥នាក់ កើតឡើងដោយសារការប៉ះទង្គិចគ្នាចំនួន៨លើក។
សូមជម្រាបជូនថា បេីយោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ផ្លូវគោក នៅរសៀលថ្ងៃព្រហស្បតិ៍នេះដែរ ក៏បានបង្ហាញពីលទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ រកឃើញយានយន្តល្មើសចំនួន៣៤៩គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស។
ជាមួយគ្នានោះ នាយកដ្ឋាននគរបាលចរាចរណ៍ អំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដេីម្បីកាត់បន្ថយគ្រោះថ្នាក់ និងការពារជីវិតរបស់លោកអ្នក ព្រមទាំងក្រុមគ្រួសារ៕ដោយ៖សហការី
រូបភាព៖ឯកសារ