សម្តេចតេជោ​ ហ៊ុន សែន មានប្រសាសន៍សំខាន់ៗឱកាសអញ្ជើញបើកការដ្ឋានស្តារ និងលើកកម្រិតគុណភាព ផ្លូវជាតិលេខ៣១ និង៣៣

ចែករំលែក៖

ភ្នំពេញ៖ ប្រសាសន៍សំណេះសំណាលដើមទាំងស្រុង របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងពិធីបើកការដ្ឋានស្តារ និងលើកកម្រិតគុណភាពផ្លូវពីរគឺផ្លូវជាតិលេខ៣១ និងលេខ៣៣ ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត និងខេត្តកែប​ មានដូចខាងក្រោម​៖

-សម្តេចតេជោ ហ៊ុន សែន អរគុណដល់ពលរដ្ឋខេត្តកំពត បានបោះឆ្នោតជូនគណបក្សប្រជាជនកាលពីខែមិថុនាកន្លងទៅ។ សម្តេចតេជោ រំពឹងថា អ្នកខេត្តកំពតបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅខែកក្កដា ឆ្នាំ២០២៣ ដើម្បីសម្តេចមានឱកាសបម្រើជាតិ និងប្រជាជន ហើយជំរុញភាពលូតលាស់របស់ជាតិ។

-សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តអភិបាលខេត្តកំពត ឱ្យប្រឹងប្រែងដោះស្រាយជម្លោះដីធ្លីក្រៅប្រព័ន្ធតុលាការ។ សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យខេត្តដទៃយកគំរូលោក ម៉ៅ ធនិន ដោះស្រាយជម្លោះដីធ្លីក្រៅប្រព័ន្ធតុលាការ ឈរលើភាពត្រឹមត្រូវ មិនលំអៀង។

-សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើមិនបានធ្វើការទេ ដូចថ្ងៃសំរាកដូចជាថ្ងៃសៅរ៍ ថ្ងៃអាទិត្យ អត់មានអ្នកធ្វើការជាមួយយើង មានអារម្មណ៍ថាមិនស្រួលខ្លួន ដែលគេហៅថាសាច់កម្ម, ទោះបីយ៉ាងណារាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា មិនឲ្យប្រជាពលរដ្ឋកម្ពុជាខកចិត្ត ដោយសារតែខ្វះការទទួលខុសត្រូវនោះទេ។

-សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចពិតជារីករាយ ដែលពេលវេលាមិនដល់មួយសប្តាហ៍ បានអញ្ជើញរួមគ្នាជាមួយឯកអគ្គរដ្ឋទូតចិនចំនួន២លើក ដើម្បីបើកការដ្ឋានស្តារ និងលើកកម្ពស់គុណភាពផ្លូវចំនួន៣ខ្សែ។

-សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកការកសាងឡើងវិញផ្លូវជាងលេខ៣១ និង៣៣ គឺជាសមិទ្ធផលថ្មីមួយទៀត សម្រាប់បម្រើប្រយោជន៍ជូនប្រជាពលរដ្ឋ។

-សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅមិនដល់១០ថ្ងៃទៀត ការដ្ឋានសាងសង់ផ្លូវ និងស្ពានចំនួនពីរគម្រោងទៀត នឹងចាប់ផ្តើម។ នេះជាផ្លែផ្កាកើតចេញពីទំនាក់ទំនងរវាងកម្ពុជា និងចិន។

-សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ឆ្នាំ២០២២ ទំហំពាណិជ្ជកម្មកម្ពុជា និងចិន សម្រេចបានប្រមាណ ១៤ពាន់ ៥០០លានដុល្លារ កើនឡើងប្រមាណ ១៩ភាគរយកំណើត។

-សម្តេចតេជោ ហ៊ុន សែន បានថ្លែងបង្ហាញក្តីរំពឹងថា ទំនិញ និងផលិតផលរបស់កម្ពុជាកាន់តែច្រើន នឹងបង្ហាញវត្តមានលើទីផ្សាររបស់ចិន។

-សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចិនជាប្រទេសផ្តល់កម្ចីមួយដ៏គួរឱ្យគោរព ព្រោះចិនមិនដែលបង្គាប់បញ្ជាឱ្យកម្ពុជាធ្វើនេះ ឬធ្វើនោះ ក្រោមកម្ចីរបស់គេនោះទេ។

-សម្តេចតេជោ ហ៊ុន សែន បានថ្លែងរំលឹកថា កាលពី ១០ឆ្នាំមុន មានស្ថាប័នហិរញ្ញវត្ថុមួយ បានបង្គាប់បញ្ជាកម្ពុជាលើការផ្តល់កម្ចី។ បើតាមសម្តេចតេជោ ស្ថាប័នហិរញ្ញវត្ថុបង្គាប់កម្ពុជា យកកម្ចីទៅផ្តល់អាហារូបករណ៍ជូនសិស្ស តែសម្តេចថា កម្ចីនេះត្រូវធ្វើសាលា។ ការបង្គាប់បញ្ជានេះ ធ្វើឱ្យសម្តេចឈប់ខ្ចីលុយពីស្ថាប័នហិរញ្ញវត្ថុនោះរហូតមក។

-សម្តេចតេជោ ហ៊ុន សែន រំពឹងថា ចិន នឹងបន្តជួយសាងសង់កំណាត់ផ្លូវជាតិលេខ៣ (កំពត-វាលរិញ) ដែលធ្វើមិនចេះជាប់។

-សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នយោបាយអាទិភាព៤យ៉ាង (ទឹក ផ្លូវ ភ្លើង និងមនុស្ស) នៅតែជានយោបាយមួយដែលត្រឹមត្រូវ សម្រាប់ការអភិវឌ្ឍនៅកម្ពុជាយ៉ាងតិចរយៈពេល៣០ឆ្នាំទៀត។

-សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការសាងសង់ផ្លូវឆ្ពោះមកកាន់ខេត្តកំពត គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ព្រោះខេត្តកំពតមានលក្ខណៈពិសេសខុសគេ។

-សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ស៊ីម៉ង់តិ៍នៅកម្ពុជាមានតម្រូវការខ្ពស់ ដែលទាមទារឱ្យមានការវិនិយោគផលិតបន្ថែម។

-សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ខេត្តកំពត និងខេត្តកែប ជាខេត្តជាប់សមុទ្រ ដែលកំពុងមានការទាក់ទាញ។

-សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វត្តមានផ្លូវជាតិលេខ៥៥ ក្រោមការជួយរបស់ចិន បានធ្វើឱ្យវាលវែងក្លាយជាតំបន់ទេសចរណ៍ដ៏ទាក់ទាញ។

-សម្តេចតេជោ ហ៊ុន សែន បន្តថ្លែងរំលឹកថា បើគ្មានរដ្ឋប្រហារទម្លាក់សម្តេច នរោត្តម សីហនុ​ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ទេនោះ កម្ពុជា នឹងមានការអភិវឌ្ឍ និងរីកចម្រើនខ្លាំងក្លាណាស់។

-សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទោះអ្នកចាស់បង្កើតសង្គ្រាម តែសម្តេច និងកូនខ្មែរជំនាន់ក្រោយ មានកាតព្វកិច្ចក្នុងការពន្លត់ភ្លើងសង្គ្រាម។

-សម្តេចតេជោ ហ៊ុន សែន បានថ្លែងរំលឹកថា មុនពេលចាប់ផ្តើមចរចា ខៀ សំផន តែងជេរសម្តេចមិនតិចជាង ៣ ទៅ៥ដងនោះទេ។

-សម្តេចតេជោ ហ៊ុន សែន បានថ្លែងរំលឹកថា ការដែលសម្តេចទទួលជួបមេដឹកនាំខ្មែរក្រហមកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ដើម្បីផ្ញើសារទៅកាន់គោលដៅចំនួន៣រួមមាន៖ បង្ហាញទាហានខ្មែរក្រហម សេសសល់ឱ្យទម្លាក់អាវុធ, ជូនប្រជាពលរដ្ឋកម្ពុជាថា សង្គ្រាម ២៨ឆ្នាំ ត្រូវបានបញ្ចប់, ផ្ញើជូនអន្តរជាតិ សូមអញ្ជើញទស្សនកិច្ច និងវិនិយោគនៅកម្ពុជា ព្រោះសង្គ្រាមបានបញ្ចប់ហើយ។

-សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការទទួលជួបរបស់សម្តេចមិនមែនគ្មានគោលដៅនោះឡើយ។

-សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ទើបធ្វើឱ្យកម្ពុជា មានព្រះមហាក្សត្រតែមួយ រាជរដ្ឋាភិបាលតែមួយ កងកម្លាំងតែមួយ និងការគ្រប់គ្រងតែមួយ។

-សម្តេចតេជោ ហ៊ុន សែន បានថ្លែងរំលឹកថា សុខសន្តិភាពមានសារៈសំខាន់ខ្លាំងណាស់ ត្រូវតែរួមគ្នារក្សាឱ្យបាន។

-សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ភាពមិនត្រូវគ្នានៃនយោបាយសេដ្ឋកិច្ចរវាងសម្តេច និងអ្នកជំនាញការវៀតណាម ទើបសម្តេចស្នើឱ្យដកជំនាញការវៀតណាមពីកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកជំនាញការរបស់វៀតណាម បានដកចេញពីកម្ពុជា នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ១៨៨៨ ហើយកងទ័ពវៀតណាម ដកនៅឆ្នាំ១៩៨៩។

-សម្តេចតេជោ ហ៊ុន សែន បានថ្លែងអរគុណវៀតណាម បើទោះបីមកជួយកម្ពុជា តែគោរពសេចក្តីសម្រេចរបស់កម្ពុជា។

-សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវប្រជាពលរដ្ឋចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ជាពិសេសទៅទទួលយកវ៉ាក់សាំងដូសជំរុញ។

-សម្តេចតេជោ ហ៊ុន សែន ប្រកាសកំណត់គម្លាត៦ខែ ក្នុងការចាក់វ៉ាក់សាំងដូសជំរុញបន្តបន្ទាប់

-សម្តេចតេជោ ហ៊ុន សែន បានបង្ហាញក្តីរីករាយចំពោះការវិវឌ្ឍស្ថានភាពសេដ្ឋកិច្ចរបស់កម្ពុជា ក្រោយវិបត្តិជំងឺកូវីដ១៩។ សម្តេចតេជោ បានបញ្ជាក់ថា ទាំងគយ និងពន្ធដារ ប្រមូលចំណូលបានលើសផែនការជាង២៥ភាគរយ។

-សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា​ ពន្ធដារ ប្រមូលចំណូលបានប្រមាណ ៣៤០០លានដុល្លារ កើនជាង ១២១ភាគយ និងគយប្រមូលចំណូលបាន ២៦០០លានដុល្លារ កើនជាង ១០៤ភាគរយ។

-សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលនៅតែរក្សាការបើកប្រាក់បៀវត្សរ៍តាមប្រព័ន្ធធនាគារ ហើយមិនវិលទៅរកការបើកប្រាក់បៀវត្សរ៍ ជាសាច់ប្រាក់ផ្ទាល់វិញនោះឡើយ។ សម្តេចតេជោ ហ៊ុន សែន ណែនាំលោក សុខ ទូច ឱ្យពង្រឹងការគ្រប់គ្រងមន្ត្រីនៅរាជបណ្ឌិត្យសភាកម្ពុជា កុំចង់ឱ្យរាជរដ្ឋាភិបាលបើកប្រាក់បៀវត្សរ៍ជាសាច់ប្រាក់។

-សម្តេចតេជោ ហ៊ុន សែន ចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំ ជាមួយជនរងគ្រោះក្នុងគ្រោះអគ្គិសភ័យកាស៊ីណូនៅប៉ោយប៉ែត បណ្តាលឱ្យស្លាប់មនុស្សជិត២០នាក់ និងរបួសជាង១០០នាក់។

-សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណសម្តេចក្រឡាហោម ស ខេង ដែលបានចុះទៅដឹកនាំប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះអគ្គិភ័យនៅកាស៊ីណូហ្គ្រេនដាយមិន។

-សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងកោតសរសើរឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងលោក អ៊ុំ រាត្រី ដែលបានដឹកនាំប្រតិបត្តិការនោះ។

-សម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យអាជ្ញាធរប្រញាប់រៀបចំសណ្តាប់ធ្នាប់នៅកន្លែងឆេះ ដើម្បីសម្រួលដំណើរឆ្លងកាត់ច្រកព្រំដែនប៉ោយប៉ែត។

...

សូមជម្រាបថា​ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា នៅព្រឹកថ្ងៃសុក្រ ៨កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២នេះ​ បា​នអញ្ជើញធ្វើជាសហធិបតីបើកការដ្ឋានស្តារ និងលើកកម្រិតគុណភាពផ្លូវពីរខ្សែរទៀត​ គឺផ្លូវជាតិលេខ៣១ និងលេខ៣៣ ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត និងខេត្តកែប៕ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print