ខេត្តកំពត៖ បេីយោងតាមប្រភពព័ត៍មានពីរដ្ឋបាលខេត្តកំពត នៅព្រឹកថ្ងៃសៅរ៍ទី៣១ ខែធ្នូ ឆ្នាំ២០២២នេះ បានឱ្យដឹងថា លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានផ្តួចផ្តើមរៀបចំឱ្យមានការប្រណាំងទូកនេសាទបំពាក់ម៉ាស៊ីនជាលើកដំបូងនៅក្នុងខេត្ត ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល និងដើម្បីបង្កើតបរិយាកាសរីករាយជូនប្រជាពលរដ្ឋប្រកបរបរនេសាទ។
ពិធីប្រណាំងទូកនេសាទបំពាក់ម៉ាស៊ីន ត្រូវបានរៀបចំឡើងនៅតាមឆ្នេរ ខ្សាច់ប្រវែងប្រមាណ ២ពាន់ម៉ែត្រ ក្នុងក្រុងកំពត ដែលជាឆ្នេរបង្កើតថ្មី ដោយលោកអភិបាលខេត្តផ្ទាល់តែម្តង។
ពិធីប្រណាំងទូកនេសាទបំពាក់ម៉ាស៊ីននេះ ត្រូវបានរៀបចំជាលើកដំបូងហើយនៅក្នុងខេត្តកំពត។ ការប្រណាំងទូកនេសាទនេះ ធ្វើឡើងរយៈពេលពីរថ្ងៃ គឺចាប់ផ្តើមនៅថ្ងៃទី៣០ ហើយបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២។
ពិធីប្រណាំងទូកនេសាទ បានចាប់ផ្តើមនៅរសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២នេះ ក្រោមអធិបតីភាពរបស់លោក ម៉ៅ ធនិន ហើយមានការ អញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រមទាំងប្រជាពលរដ្ឋក្នុងខេត្តកំពតយ៉ាងច្រើនកុះករ។
យោងតាមគណៈកម្មការរៀបចំការប្រណាំងទូក បានឱ្យដឹងថា ទូកដែលចូលរួមប្រណាំងនេះ មានចំនួនប្រមាណ ២០៨ទូក ស្មើនឹង ១០៤គូ។ ក្នុងនោះទូកអុំមានចំនួន ៤៩គូ ប្រកួតគ្នាលើចម្ងាយប្រមាណ ៥០០ម៉ែត្រ ហើយទូកនេសាទបំពាក់ម៉ាស៊ីនគោយន្តមានចំនួន ៥៥គូ ប្រកួតគ្នាលើចម្ងាយប្រមាណ ១ពាន់ម៉ែត្រ។
ថ្លែងក្នុងពិធីបើកការប្រកួតក្រោមបរិយាកាសដ៏សែនរីករាយ លោក ម៉ៅ ធនិន បានគូសបញ្ជាក់ថា ការៀបចំពិធីប្រណាំងកាណូត និងទូកនេសាទ ដើម្បីអបអរសាទរពិធីបុណ្យឆ្លងឆ្នាំសកល ដើម្បីទាក់ទាញអ្នកទេសចរជាតិ អន្តរជាតិ ក៏ដូចជាការកម្សាន្តរបស់ប្រជាពលរដ្ឋនៅក្នុងខេត្ត។
បន្ថែមពីលើនោះ ក៏ដើម្បីឱ្យប្រជាពលរដ្ឋជាអ្នកនេសាទ មានឱកាសបង្ហាញអត្តសញ្ញាណ និងរបរជាអ្នកនេសាទ ដែលជាអត្តសញ្ញាណមួយសម្រាប់អ្នកសមុទ្រ ហើយក៏ជាឱកាសឱ្យពួកគាត់បានកម្សាន្តសប្បាយជាមួយមុខរបររបស់ខ្លួន។
មិនត្រឹមនាំភាពសប្បាយរីករាយ ទាក់ទាញអ្នកទេសចរ បង្ហាញអត្តសញ្ញាណអ្នកនេសាទនោះទេ តែការរៀបចំពិធីប្រណាំងកាណូត និងទូកនេសាទនេះ លោក ម៉ៅ ធនិន ក៏ចង់បញ្ជ្រាបសារឱ្យប្រជាពលរដ្ឋបានជ្រូតជ្រាបអំពីគុណតម្លៃសុខសន្តិភាព ដែលកម្ពុជារកបានរយៈពេល២៤ឆ្នាំមកនេះក្រោមនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន។
លោក ម៉ៅ ធនិន បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ការសប្បាយរីករាយនេះ អាចដំណើរការទៅបាន គឺដោយសារសន្តិភាព ហើយក៏ចង់ជម្រាបដល់ពុកម៉េ បងប្អូនប្រជានេសាទរបស់យើងដែរថា យើងសប្បាយរីករាយដោយតម្លៃសន្តិភាព។ តម្លៃសន្តិភាពបានពីនរណា? ដោយសារសម្តេចតេជោ ហ៊ុន សែន លោកយកមកដោយលំបាក ដោយជីវិត ដោយសារគោលនយោបាយឈ្នះ-ឈ្នះ របស់សម្តេចទើបយើងមានថ្ងៃនេះ ប្រកបដោយភាពសុខដុម និងសប្បាយរីករាយ។ ដូច្នេះបងប្អូនពុកម៉ែ ចូលរួមចងចាំ ហើយថែរក្សា និងការពារសុខសន្តិភាព ដែលសម្តេចបាននាំមកនេះ»។
ប្រជានេសាទដែលបានចូលរួមក្នុងកម្មវិធីប្រណាំងកាណូត និងទូកនេសាទនេះជាលើកដំបូង បានបង្ហាញការសប្បាយរីករាយជាខ្លាំង។ ពួកគាត់ បានលើកឡើងថា ព្រឹត្តិការណ៍នេះមិនដែលមានទេនៅលើទឹកដីខេត្តកំពត ហើយពួកគាត់ បានពេញចិត្តជាខ្លាំងចំពោះលោក ម៉ៅ ធនិន សម្រាប់ការផ្តួចផ្តើមកម្មវិធីសប្បាយៗនេះឡើង។
លោក ម៉ៅ ធនិន បានគូសបញ្ជាក់ថា លោកនឹងបន្តរៀបចំព្រឹត្តិការណ៍នេះ នៅឆ្នាំបន្តបន្ទាប់ទៀត ហើយឱ្យមានសភាពធំជាងឆ្នាំនេះ។
សូមបញ្ជាក់ថា ដើម្បីចូលរួមអបអរសាទរបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល២០២៣ ក៏ដូចបង្កបរិយាកាសសប្បាយរីករាយជូនប្រជាពល រដ្ឋក្នុងខេត្ត និងអ្នកទេសចរជាតិ អន្តរជាតិនោះ ក្រៅតែពីការរៀបចំ ពិធីប្រណាំងទូកនេសាទហើយនោះ រដ្ឋបាលខេត្តកំពត បានរៀបចំព្រឹត្តិការណ៍កម្សាន្តសប្បាយជាច្រើនទៀត។ ព្រឹត្តិការណ៍ទាំងនោះ មានដូចជា ការប្រគំតន្ត្រីចំនួនពីរទីតាំង ការប្រកួតប្រដាល់គុនខ្មែរ ការសម្តែងក្បាច់គុនល្បុក្កតោ សម្តែងលោតឆ័ត្រយន្តហោះលើអាកាស និងការបាញ់កាំជ្រួចអបអរឆ្នាំថ្មីផងដែរ។
ជាមួយគ្នានេះ រដ្ឋបាលខេត្ត ក៏បានរៀបចំពិធីតាំងពិព័រណ៍លក់ផលិត និងម្ហូបអាហារនានាជាច្រើនស្តង់ផងដែរ៕ដោយ៖សហការី