ខេត្តកណ្តាល៖ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ និងប្រជានេសាទ ព្រមទាំងពលរដ្ឋដែលមកទិញត្រីសម្រាប់ធ្វើផ្អក ប្រហុក នៅទីតាំងចំនួន២ ក្នុងស្រុកពញាឮ ខេត្តកណ្ដាល នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២នេះ បានសម្តែងក្តីរីករាយ ដែលការប្រមូលផលត្រីនៅក្នុងរដូវនេសាទ ឆ្នាំ២០២២-២០២៣នេះ កើនឡើងជាងឆ្នាំមុនរហូតដល់៤០% ខណៈតម្លៃវិញក៏សមរម្យ ដែលនាំឱ្យការធ្វើផ្អកប្រហុកនៅឆ្នាំនេះកើនឡើង។
ក្នុងឱកាសចុះពិនិត្យដាយត្រីនោះ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម បានថ្លែងបញ្ជាក់ថា៖ សម្រាប់ការប្រមូលផលត្រីសម្រាប់ធ្វើផ្អកប្រហុកនាឆ្នាំនេះ ទទួលបានច្រើនជាងឆ្នាំមុន ខណៈសកម្មភាពនៃការធ្វើផ្អក ប្រហុក របស់ពលរដ្ឋដែលមកពីគ្រប់ខេត្តក៏មានភាពមមាញឹកផងដែរ ដែលនឹងធ្វើឱ្យការធ្វើផ្អក ប្រហុកឆ្នាំនេះ កើនឡើងជាងឆ្នាំមុន។
លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ត្រីសម្រាប់ធ្វើប្រហុក ផ្អកនៅក្នុងរដូវនេសាទ ឆ្នាំ២០២២-២០២៣ មានចំនួន១៣ ០៥០តោន កើនឡើងប្រមាណ ៤០% បើធៀបនឹងឆ្នាំ២០២១-២០២២ ដែលមានចំនួនសរុប ៨ ៧០០តោន។
លោករដ្ឋមន្ត្រី មានប្រសាសន៍ថា៖ «ខ្ញុំសប្បាយចិត្តដែលបានឃើញបងប្អូនយើងទទួលបានភោគផលត្រីពីបឹងទន្លេសាបមក ហើយក៏បានឃើញដែរថានេះជាលទ្ធផលនៃការខំប្រឹងប្រែងក្នុងរដូវទឹកឡើងកន្លងទៅដែលបានអនុវត្តច្បាប់បានល្អ ថែរក្សាត្រីសម្រាប់ឱ្យបងប្អូនយើងអាចទទួលបាននូវភោគផលនេះបានទាំងអស់គ្នា»។
ជាមួយគ្នានោះ ប្រជាពលរដ្ឋម្នាក់មកពីស្រុកគងពិសី ខេត្តកំពង់ស្ពឺ លោក ម៉ែន សុគន្ធ បានរៀបរាប់ថា ការនេសាទត្រីសម្រាប់ធ្វើផ្អកប្រហុកឆ្នាំនេះត្រូវច្រើន ខណៈតម្លៃវិញធូរថ្លៃជាងឆ្នាំ ពោលគឺក្នុងរង្វង់២៥០០រៀលមួយគីឡូក្រាម ដែលជាតម្លៃសមរម្យមួយ អាចទទួលបានសម្រាប់កសិករដែលមកទិញត្រីធ្វើផ្អក ប្រហុកនៅឆ្នាំនេះ។
លោក ម៉ែន សុគន្ធ បានឱ្យដឹងទៀតថា លោកមានបំណងនឹងទិញត្រីប្រហែល១០០គីឡូក្រាម សម្រាប់ធ្វើផ្អក និងប្រហុក ទុកបរិភោគក្នុងគ្រួសារ រហូតដល់រដូវប្រមូលផលឆ្នាំក្រោយទៀត។ពលរដ្ឋរូបនេះ បានបន្ថែមថា៖ «ខ្ញុំសុំអំពាវនាវដល់ពលរដ្ឋនៅគ្រប់ខេត្តក្រុង ដែលចង់មកទិញត្រីធ្វើផ្អកប្រហុក គឺត្រីចាប់ផ្តើមត្រូវហើយចាប់ពីថ្ងៃនេះទៅ រហូតដល់២សប្តាហ៍ទៀតបានអស់»។
សូមជម្រាបជូនថា ប្រជាពលរដ្ឋដែលមកធ្វើត្រីប្រហុកភាគច្រេីនមកពីខេត្តមួយចំនួនដូចជា៖ ខេត្តកំពង់ស្ពឺ ,កំពង់ឆ្នាំង ,តាកែវ និងខេត្តកណ្តាលជាដើម បានចាប់ផ្តើមមកទិញត្រីជាហូរហែដើម្បីយកទៅធ្វើផ្អក ប្រហុក ឬត្រីឆ្អើរ សម្រាប់ទុកផ្គត់ផ្គង់គ្រួសារ និងសម្រាប់លក់ដូរ។ ខណៈតម្លៃត្រីឆ្នាំនេះធូរថ្លៃជាងឆ្នាំមុន ដោយអាចទិញបានក្នុងតម្លៃពី២៣០០រៀលទៅ៣០០០រៀល ក្នុងមួយគីឡូក្រាម ខណៈកាលពីមុន តម្លៃចាប់ពី៣០០០ទៅ។
គួររម្លឹកថា កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ថ្មីៗនេះ រដ្ឋបាលជលនៃក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បានជូនដំណឹង ថារដូនេសាទ ឆ្នាំ២០២២-២០២៣ នេះ ត្រីចាប់ផ្តើមបន្លាស់ទីចេញពីបឹងទន្លេសាប បឹង ស្ទឹង និងព្រែកនានា ចូលទន្លេសាប ទន្លេមេគង្គ និងទន្លេ បាសាក់ ដែលអំណោយផលដល់ការធ្វើនេសាទបានត្រីច្រើន ជាពិសេសគន្លងដាយត្រីតាមដងទន្លេសាប នៅក្នុងភូមិសាស្រ្តខេត្តកណ្តាល និងរាជធានីភ្នំពេញ ពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ ដល់ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ ក្នុងករណីមេឃស្រឡះ គ្មានភ្លៀងកក់ខែ ឬមិនទទួលរងឥទ្ធិពលព្យុះភ្លៀង។ ហេតុនេះ សម្រាប់ប្រជាពលរដ្ឋដែលមានបំណងធ្វើផ្អកប្រហុក ត្រីឆ្អើរ ឬទឹកត្រី រួសរាន់មកទិញត្រី តាមពេលវេលា និងទីកន្លែងខាងលើ៕ដោយ៖សហការី