ខេត្តស្វាយរៀង៖ លោកស្រី ឈុន សារឹម អ្នកតំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង បានអំពាវនាវដល់ប្រជាពលរដ្ឋនៅពេលទទួលបានសមិទ្ធផលថ្មីផ្លូវចាក់បេតុងនិងផ្លូវក្រាលក្រួសក្រហមមួយខ្សែហើយសូមចូលរួមថែរក្សាឱ្យបានគង់វង្សទុកជាសម្បត្តិរួមរបស់យើងទាំងអស់គ្នា។
ការអំពាវនាវរបស់អ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀងបែបនេះ បានធ្វើឡើងនាព្រឹកថ្ងៃ១ ខែមករា ឆ្នាំ២០២៣ ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ឧបដ្ឋានសាលាវត្តដក់ពរ ឃុំជ្រៃធំ និងដាក់ឱ្យដំណើរការផ្លូវបេតុងសរសៃដែកប្រវែង៦៣០ម៉ែត្រ និងផ្លូវក្រាលក្រួសក្រហម១ខ្សែជាង៣គម ស្ថិតក្នុងភូមិត្រពាំងស្មាច់ និងភូមិដក់ពរ ឃុំជ្រៃធំ ស្រុករមាសហែក។
លោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែកបានមានប្រសាសន៍ថា សូមអរគុណសន្តិភាព បើមិនមានសុខសន្តិភាពក៏មិនមានការអភិវឌ្ឍរហូតមកដល់សព្វថ្ងៃនេះដែរ ពិសេសក្នុងថ្ងៃនេះតែម្ដងដែលបានធ្វើពិធីបញ្ចុះបឋមសិលាសាងសង់ឧបដ្ឋានសាលាវត្តដក់ពរ ឃុំជ្រៃធំ និងដាក់ឱ្យដំណើរការផ្លូវបេតុងសរសៃដែកប្រវែង៦៣០ម៉ែត្រ និងផ្លូវក្រាលក្រួសក្រហម១ខ្សែប្រវែងជាង៣គីឡូម៉ែត្រនេះដែលជាតម្រូវការ ចាំបាច់របស់ប្រជាពលរដ្ឋ សិស្សានុសិស្សក្នុងការធ្វើដំណើរឆ្លងកាត់ក៏ដូចជាដឹកកសិផល ព្រោះផ្លវនេះពីមុនគឺពិបាកក្នុងការធ្វើដំណើរខ្លាំងណាស់ដែរ។
ក្នុងឱកាសនោះលោកស្រី ឈុន សារឹម បានមានប្រសាសន៍ថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានធ្វើឱ្យប្រទេសជាតិមានការរីកចម្រើនទាំងហេដ្ឋារចនាសម្ព័ន្ធលើគ្រប់វិស័យទាំងវិស័យពុទ្ធចក្រ ក៏ដូចជាអាណាចក្រ។
លោកស្រីបានបន្តថា ក្រោមការដឹកនាំចង្អុលបង្ហាញពីសំណាក់លោកស្រី ម៉ែន សំអន ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តស្វាយរៀង ក៏ដូចជាលោក សៅ សុខា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្នុងស្រុករមាសហែក ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ចំពោះជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ និងបានកសាងសមិទ្ធផលនានាជាច្រើន នៅទូទាំងស្រុករមាសហែក ក៏ដូចនៅទូទាំងខេត្តស្វាយរៀងផងដែរ។
បន្ថែមលើសពីនេះលោកស្រី ឈុន សារឹម ក៏បានជំរុញឱ្យអាជ្ញាធរគ្រប់លំដាប់ក្នុងស្រុករមាសហែក បន្តការខិតខំអនុវត្តន៍គោលនយោបាយភូមិឃុំ មានសុវត្ថិភាពទាំង៧ចំណុចជូនបងប្អូនប្រជាពលរដ្ឋពិសេសបានធ្វើការផ្តាំផ្ញើដល់មន្រ្តី មេឃុំ ស្មៀន លោកនាយប៉ុស្តិ៍ មណ្ឌលសុខភាព និងមេភូមិ ដែលជាអ្នកដើរតួនាទីយ៉ាងសំខាន់ និងជាអ្នកដោះស្រាយនូវសំណូមពរនិងការផ្តល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន ទាំងនេះគឺត្រូវរួមគ្នាប្រឹងប្រែងដោះស្រាយជូនគាត់ឱ្យបានទាន់ពេលវេលាផងដែរ៕ ដោយ៖ សុថាន