ខេត្តក្រចេះ : ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «សេដ្ឋកិច្ចកម្ពុជានឹងស្ទុះឡើងតាមរយៈការងើបឡើងវិញនៃវិស័យទេសចរណ៍ ដោយកន្លងមកកម្ពុជាទទួលបានទេសចរបរទេស ២,២លាននាក់ កម្ពុជាអាចនឹងទទួលយ៉ាងហោចណាស់ទេសចរចិន២លាននាក់បន្ថែមទៀត»។ សម្តេចតេជោហ៊ុន សែន ថ្លែងបែបនេះ ខណៈសម្តេចទទួលបានការរាយការណ៍ពី លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ថា, ក្នុងឆ្នាំ២០២២ កន្លងទៅមានភ្ញៀវទេសចរណ៍បរទេស ២,២លាននាក់ មកទស្សនាកម្សាន្តនៅកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន «អ្នកតឹងតែងជាមួយចិន ក៏តឹងតែងទៅចុះ កម្ពុជាមិនតម្រូវលក្ខខណ្ឌអ្វីឡើយ
ចិនអាចមកទស្សនាកម្ពុជាធម្មតា»។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងខណៈអញ្ជើញ ជាអធិបតីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ និងផ្លូវតភ្ជាប់ នៅខេត្តក្រចេះ ជាមួយនិង លោក វ៉ាង វិនធៀន (H.E. Mr. Wang Wentian) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា សមិទ្ធផលស្ពានឆ្លងទន្លេមេគង្គ និងផ្លូវតភ្ជាប់ក្នុងខេត្តក្រចេះនាពេលនេះ គឺជាសមិទ្ធផលដែលកើតចេញពីការខិតខំប្រឹងប្រែងរបស់ប្រជាពលរដ្ឋកម្ពុជា និងការរួមចំណែករបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន។ រហូតមកដល់ពេលនេះ រដ្ឋាភិបាលចិន បានជួយសាងសង់ស្ពានឆ្លងទន្លេមេគង្គចំនួន៤ហើយ និងស្ពានឆ្លងកាត់ទន្លេសរុបទាំងអស់ចំនួន១១ស្ពានហើយផងដែរ។ តាមរយៈសមិទ្ធផលស្ពាន និងផ្លូវ ដែលចិនបានជួយកសាងនៅកម្ពុជាកន្លងមកនេះ គឺជាការបង្ហាញឱ្យឃើញនូវចំណងមិត្តភាពរវាងកម្ពុជា-ចិន និងជាសមិទ្ធផលកើតចេញពីនយោបាយខ្សែក្រវាត់ និងផ្លូវ របស់ចិន ដែលបានចូលរួមចំណែកបម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ក្រោយពេលស្ពាន និងផ្លូវនេះ ត្រូវបានដាក់ឱ្យប្រើប្រាស់នោះ ការលំបាករបស់ប្រជាពលរដ្ឋត្រូវបានកាត់បន្ថយហើយ ក្នុងនោះការចំណាយលើការឆ្លងទន្លេក៏ត្រូវបានលុបបំបាត់ ហើយចំណេញទាំងពេលវេលាផងដែរ៕
ដោយ : សិលា