ខេត្តព្រះសីហនុ : ចំនួនភ្ញៀវទេសចរបរទេសកំពុងកើនឡើង ខណៈមាននាវាទេសចរណ៍មួយគ្រឿងទៀត ឈ្មោះ OCEAN ODYSSEY សញ្ជាតិ Bahamas បានចូលចតកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ ម៉ោងព្រឹកថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣ ដោយដឹកភ្ញៀវទេសចរចម្រុះជាតិសាសន៍ ចំនួន១៣៥នាក់ (ស្រី៨០នាក់) មកទស្សនាប្រទេសកម្ពុជារយៈពេល ពីរថ្ងៃ។
សូមបញ្ជាក់ថា, នាវានេះ ធ្វើដំណើរមកពីប្រទេសថៃ ចូលមកកម្ពុជា និងចាកចេញបន្តទៅប្រទេសវៀតណាម នៅល្ងាច ថ្ងៃទី០៤ ខែមករាឆ្នាំ២០២៣ ។
ហើយ នេះជានាវាទេសចរណ៍បរទេសទី២ហើយ ដែលចូលចតកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ ក្រោយខកខានមួយរយៈ ដោយសារវិបត្តិជំងឺកូវីដ-១៩។
តាមរបាយការណ៍កន្លងទៅក្នុងឆ្នាំ២០២២ ក្រសួងទេសចរណ៍បានបញ្ជាក់ថា, មានភ្ញៀវបរទេសប្រមាណ ២,២លាននាក់ មកទស្សនាកំសាន្តនៅប្រទេសកម្ពុជា។
សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា, ក្នុងឆ្នាំ 2023 សម្ដេចសង្ឃឹមថានឹងមានភ្ញៀវទេសចរណ៍បរទេស មកកំសាន្តនៅព្រះរាជាណាចក្រកម្ពុជា អាចពី ៤ទៅ៥លាននាក់ ក្នុងនោះគឺភាគច្រើនជាភ្ញៀវទេសចរណ៍ជនជាតិចិន៕
ដោយ : សិលា