ខេត្តកំពង់ធំ៖ បុរសម្នាក់បានស្លាប់នៅបន្ទាប់ពីបញ្ជូនមកដល់មន្ទីរពេទ្យបង្អែកបារាយណ៍សន្ទុក ក្រោយពីបានជួបគ្រោះថ្នាក់ចរាចរណ៍ ដោយគេសង្ស័យថា ជនរងគ្រោះបានជិះម៉ូតូបុកគូទរថយន្តពីក្រោយ ខណៈពេលដែលមន្ត្រីចរាចរណ៍ក្រសួងមហាផ្ទៃបានដាក់បារាស់ហៅរថយន្តបង្កឲ្យឈប់ ដើម្បីត្រួតពិនិត្យហើយបុរសរងគ្រោះបានជិះម៉ូតូមកពីក្រោយរួចក៏វាក់អ៊ឺបុករថយន្តនោះតែម្ដង នៅក្រោយពេលកើតហេតុមន្ត្រីនគរបាលចរាចរណ៍ក្រសួងមហាផ្ទៃនោះបានដកបារាស់ចាកចេញទៅអស់។
ហេតុការណ៍បង្កឲ្យមានគ្រោះថ្នាក់នេះបានកើតឡើងកាលពីម៉ោង៥ និង០៥នាទីព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៦ នៅលើដងផ្លូវជាតិលេខ៦ ត្រង់ចំនុច ភូមិព្រៃភ្លូ ឃុំ កំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា បុរសរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ព្រហ្ម ពុទ្ធោ អាយុ៣៨ឆ្នាំ រស់នៅភូមិ៧មករា ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ បានបើកម៉ូតូ ម៉ាកសង សេ១២៥ ពណ៌ខ្មៅ ផ្លាកលេខ កំពង់ធំ 1F-1177 បុករថយន្ដយីឌុប ម៉ាក HINO ពីក្រោយ ក្បាលបៃតង ទ្រុងពណ៌ស ផ្លាកលេខ ភ្នំពេញ 3A-7014 បើកបរដោយឈ្មោះ ឆោម ប៊ុណ្ណារិទ្ធ ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិសួងលិច សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ ។ មូលហេតុរថយន្ដឈប់រង់ចាំត្រួតពិនិត្យនៅលើដងផ្លូវដោយមានបើកភ្លើងសញ្ញោ តែបុរសរងគ្រោះបានបើកម៉ូតូមកបុកពីក្រោយបណ្ដាលឲ្យជនរងគ្រោះរងរបួសធ្ងន់ហើយបានស្លាប់បន្ទាប់ពីបញ្ជូនទៅដល់មន្ទីរពេទ្យបង្អែក ក្រោយពីកើតហេតុ សមត្ថកិច្ចបានប្រមូលភស្ដុតាង ម៉ូតូនិងរថយន្ដ ទៅរក្សាទុកនៅអធិការស្រុកសន្ទុកដើម្បីចាត់វិធានការតាមច្បាប់ ចំណែកសាកសពត្រូវបានប្រគល់ឲ្យសាច់ញាតិបងប្អូនយកទៅធ្វើបុណ្យតាមប្រពៃណី។
បើតាមប្រភពព័ត័មានពីប្រជាពលរដ្ឋបានឲ្យដឹងថា ក្រុមនគរបាលចរាចរណ៍ក្រសួងមហាផ្ទៃដែលធ្វើការត្រួតពិនិត្យចរាចរណ៍នេះក្រោយពីកើតហេតុមានមនុស្សស្លាប់រួចមកបាននាំគ្នាដកបារ៉ាស រត់ឡើងឡានគេចអស់រលើងគ្មានសល់ នេះគឺជាលើកទី៣ ហើយដែលក្រុមនគរបាលចរាចរណ៍ទាំងនេះបានគេចវែសយករួចខ្លួន៕
ដោយ៖ ប៊ុន រិទ្ធី