ភ្នំពេញ៖ មានករណីក្រុមក្មេងទំនើងចំនួនពីរក្រុម បានប្រដាប់ដោយកាំភ្លើងខ្លី និងដាវសាម៉ូរ៉ៃ មកធ្វើសកម្មភាពដេញកាប់គ្នា និងផ្ទុះអាវុធ១គ្រាប់បណ្ដាលឱ្យយុវជនម្នាក់របួសស្រាលម្នាក់ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះមកអន្តរាគមន៍ភ្លាមៗ។
ករណីខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង ៣ទៀបភ្លឺថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣ ត្រង់ចំណុចមុខអាគារបុរីកីឡា ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុ បានឱ្យដឹងថា មុនកើតហេតុគេឃើញយុវជនមួយក្រុមមានប្រុសស្រីប្រមាណជា១៥ នាក់បាននាំគ្នាមកអង្គុយលេងជួបជុំជជែកគ្នានៅខាងមុខអាគារបុរីកីឡា ដូចរាល់សព្វដង។ ស្រាប់តែមួយសន្ទុះក្រោយមក គេឃើញមានយុវជនមួយក្រុមទៀតមានគ្នា ៦នាក់ ជិះម៉ូតូចំនួន៤គ្រឿង ប្រដាប់ដោយកាំភ្លើងខ្លី និងដាវសាម៉ូរៃ បានជិះមកខាងមុខអាគារ ហើយបាននាំគ្នាចុះពីលើម៉ូតូ រួចដកកាំភ្លើងខ្លីបាញ់ចំនួនមួយគ្រាប់ និងដកដាវសាម៉ូរ៉ៃចុះដេញកាប់ក្រុមយុវជនរងគ្រោះ បណ្តាលឱ្យរងរបួសចំកែងជើងម្នាក់។ ចំណែកជនរងគ្រោះផ្សេងៗទៀតបាននាំគ្នារត់ចូលទៅក្នុងអាគារ និងស្រែកឱ្យគេឯងជួយទេីបបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ រាបាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានឱ្យជួយអន្តរាគមន៍ភ្លាមៗផងដែេ។
ប្រភពដដែលបន្តថា បន្ទាប់ពីក្រុមជនបង្កធ្វើសកម្មភាពរួច ក៏នាំគ្នាជិះម៉ូតូ គេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោលដោយសុវត្ថិភាព។
ក្រោយកេីតហេតុ គេឃើញកម្លាំងសមត្ថកិច្ចមូលដ្ឋាន បានចុះទៅដល់កន្លែងកេីតហេតុ និងណែនាំឱ្យភាគីយុវជនរងគ្រោះ ទៅប៉ុស្តិ៍នគរបាលវាលវង់ ដើម្បីដាក់ពាក្យបណ្ដឹងងាយស្រួលកំណត់មុខសញ្ញា ដេីម្បីធ្វើការស្រាវជ្រាវស្វែងរកក្រុមជនបង្ក និងចាប់ខ្លួនយកមកដាក់ទោសតាមច្បាប់៕ ដោយ៖សហការី