លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បំពាក់គ្រឿងឥស្សរិយយសសហមេត្រី ថ្នាក់មហាសេនា ជូន ឯកអគ្គរដ្ឋទូតអូស្រ្តាលីចប់អាណត្តិ

ចែករំលែក៖

ភ្នំពេញ : លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបំពាក់គ្រឿងឥស្សរិយយសសហមេត្រី ថ្នាក់មហាសេនា របស់ព្រះរាជាណាចក្រកម្ពុជា ជូន លោក ផាប្លូ កាង (Pablo Kang) ឯកអគ្គរដ្ឋទូតអូស្ត្រាលីចប់អាណត្តិ ដើម្បីជាការថ្លែងអំណរ គុណចំពោះការរួមចំណែករបស់លោក ដល់ការពង្រឹងទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និង អូស្ត្រាលី ក្នុងអំឡុងពេលដែល លោកឯកអគ្គរដ្ឋទូត ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ២០២២។

លោក ប្រាក់ សុខុន បានសម្តែងនូវសេចក្តីរីករាយចំពោះសន្ទុះដ៏ល្អក្នុងការផ្លាស់ប្តូរទស្សនកិច្ច ជាន់ខ្ពស់ រួមមាន ដំណើរទស្សនកិច្ចមកកាន់កម្ពុជារបស់លោកស្រី ម៉ារីស ផេន (Marise Payne) អតីតរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី កាលពីខែវិច្ឆិកា ឆ្នាំ២០២១ ដំណើរទស្សនកិច្ចរបស់លោក ឧត្តមសេនីយ៍ឯក ចន សេនដឺសុន(John Sanderson) មេបញ្ជាការរបស់កងកម្លាំងអន្តរជាតិនៃ អាជ្ញាធរបណ្តោះអាសន្នអង្គការសហប្រជាជាតិប្រចាំកម្ពុជា (UNTAC) នៅក្នុងដំណើរការសន្តិភាព នៅកម្ពុជា កាលពីខែមេសា ឆ្នាំ២០២២ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើត ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ និងខួបអនុស្សាវរីយ៍លើកទី៣០ នៃអាជ្ញាធរបណ្តោះអាសន្ន អង្គការសហប្រជាជាតិប្រចាំកម្ពុជា ដំណើរទស្សនកិច្ចទៅកាន់ប្រទេសអូស្ត្រាលីរបស់ លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងទ័ពជើងគោក ព្រមទាំងការអញ្ជើញចូលរួមរបស់លោកស្រី ផេននី វង (Penny Wong) រដ្ឋមន្តី ការបរទេសអូស្ត្រាលី និងលោក អេនថូនី អាល់បានីស៊ី (Anthony Albanese) នាយករដ្ឋមន្ត្រី អូស្ត្រាលី ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន និងកិច្ចប្រជុំកំពូលអាស៊ាន នៅរាជធានីភ្នំពេញ កាលពីឆ្នាំមុន។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និង លោកឯកអគ្គរដ្ឋទូត ផាប្លូ កាង បានសម្តែងការ ពេញចិត្តចំពោះទំនាក់ទំនងនាពេលបច្ចុប្បន្ន និងបានកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីនៅលើវិស័យជាច្រើន ជាពិសេស វិស័យពាណិជ្ជកម្មនិងការវិនិយោគ សុខាភិបាល យោធា និងសន្តិសុខ ការអប់រំ ក៏ដូចជាកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌភាពជាដៃគូមេគង្គ-អូស្ត្រាលី។ លោក ប្រាក់ សុខុន បានថ្លែងអំណរគុណដល់ប្រទេសអូស្ត្រាលី ចំពោះការផ្តល់វ៉ាក់សាំង Pfizer ជិត៣លានដូស និងម៉ាស៊ីនបង្កកដើម្បីរក្សាទុកវ៉ាក់សាំងចំនួន១៣៣គ្រឿង ក៏ដូចជា ចំពោះជំនួយ អភិវឌ្ឍន៍ផ្លូវការនៅក្នុងវិស័យជាច្រើន រួមមាន វិស័យកសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ ការបោសសំអាត មីន និងការអភិវឌ្ឍធនធានមនុស្ស។ លោកឧបនាយករដ្ឋមន្ត្រី ក៏បានកត់សម្គាល់ដោយក្តីរីករាយ អំពីនិន្នាការនៃកំណើនទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរផងដែរ។

លោក ឯកអគ្គរដ្ឋទូតអូស្ត្រាលី បានអបអរសាទរកម្ពុជាចំពោះតួនាទីដ៏គួរឱ្យស្ងើចសរសើរជា ប្រធានអាស៊ានឆ្នាំ២០២២ និងចំពោះការរៀបចំដោយជោគជ័យនូវកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ច ប្រជុំកំពូលពាក់ព័ន្ធ ព្រមទាំងបានស្វាគមន៍ការបញ្ចប់ប្រកបដោយខ្លឹមសារនូវកិច្ចព្រមព្រៀងតំបន់ ពាណិជ្ជកម្មសេរីអាស៊ាន-អូស្ត្រាលី-នូវែលសេឡង់ ដែលបានលើកកម្ពស់កិច្ចចរចារនានា។ លោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានគូសបញ្ជាក់អំពីការថ្លែងអំណរគុណរបស់លោក ចំពោះការ គាំទ្រ និងកិច្ចសហប្រតិបត្តិការរបស់អូស្ត្រាលី ក្នុងអំឡុងពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ាន។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និង លោកឯកអគ្គរដ្ឋទូត ផាប្លូ កាង ក៏បានផ្លាស់ប្តូរ យោបល់គ្នាទៅវិញទៅមកផងដែរលើបញ្ហាតំបន់ និងអន្តរជាតិមួយចំនួនដែលជាផលប្រយោជន៍រួម ៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print