ភ្នំពេញ : គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)សូមជម្រាបជូនដំណឹងដល់ប្រជាពលរដ្ឋខ្មែរដែលបាន ចុះឈ្មោះបោះឆ្នោតរួចហើយ អញ្ជើញទៅពិនិត្យមើលឈ្មោះរបស់ខ្លួនក្នុងបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹង ត្រូវលុបចេញពីបញ្ជីបោះឆ្នោត ដែលត្រូវបិទផ្សាយនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣។
ការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត មានគោលបំណង ឱ្យប្រជាពលរដ្ឋអញ្ជើញទៅពិនិត្យផ្ទៀងផ្ទាត់ឈ្មោះ និងទិន្នន័យផ្សេងៗរបស់ខ្លួនក្នុងបញ្ជីបោះឆ្នោត ព្រមទាំងអាចសុំកែតម្រូវតាមរយៈ ការប្តឹងតវ៉ា ឬ/និងប្តឹងជំទាស់។
ជនណាក៏ដោយមានសិទ្ធិប្តឹងតវ៉ា ឬ/និងប្តឹងជំទាស់ជាលាយលក្ខណ៍អក្សរទាក់ទងនឹងបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះ អ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត ទៅក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងរយៈពេល ១០ ថ្ងៃយ៉ាងយូរ បន្ទាប់ពីថ្ងៃ បិទផ្សាយ (ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ ជាថ្ងៃចុងក្រោយ)។
ការប្តឹងតវ៉ា អាចធ្វើឡើងអំពីការបាត់ឈ្មោះរបស់អ្នកបោះឆ្នោត ឬមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ប៉ុន្តែកត់ត្រាមិនច្បាស់លាស់នូវទិន្នន័យពាក់ព័ន្ធ ឬព័ត៌មានដែលគាត់បានផ្តល់ឱ្យ ឬត្រូវបាន គ.ជ.ប លុបឈ្មោះមិនត្រឹមត្រូវ។ ការប្តឹងជំទាស់ អាចធ្វើឡើងចំពោះបុគ្គលណាម្នាក់មានឈ្មោះក្នុងបញ្ជីបោះឆ្នោតដំបូង ប៉ុន្តែជននោះមិនមាន លក្ខខណ្ឌគ្រប់គ្រាន់ដើម្បីមានឈ្មោះក្នុងបញ្ជីបោះឆ្នោត និងចំពោះជនណាម្នាក់ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ច្រើនជាងមួយកន្លែង។
បញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត មានបិទផ្សាយនៅតាមសាលាឃុំ សង្កាត់ និងនៅទីតាំងណាមួយក្នុងឃុំ សង្កាត់ទូទាំងប្រទេស ព្រមទាំងមានផ្សព្វផ្សាយតាមគេហទំព័ររបស់ គ.ជ.ប ដែលមាន អាសយដ្ឋាន voterlist.riec.gov.kh ឬចូលរកតាមកម្មវិធីទូរស័ព្ទ(App) NEC KH។
អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលបានចុះឈ្មោះបោះឆ្នោតរួចហើយ អញ្ជើញទៅពិនិត្យមើល ឈ្មោះរបស់ខ្លួនក្នុងបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត ឱ្យបានគ្រប់ៗគ្នា កុំបីអាក់ខាន៕
ដោយ : សិលា