នៅថ្ងៃទី ៥ ខែ មករា វិមានប្រធានាធិបតីរុស្ស៊ី បានប្រកាសថា រុស្ស៊ីបានត្រៀមលក្ខណពិភាក្សា ជាមួយអ៊ុយក្រែន ប្រសិនបើទីក្រុងគៀវ ព្រមបំពេញតាមការចង់បាន ស្តីពីតំបន់ដែលទីក្រុងមូស្គូ ដាក់បញ្ជូនក្រោមការគ្រប់គ្រង់។
ប្រធានាធិបតីពូទីនបានបញ្ជាក់ថា រុស្ស៊ី បាននិយាយជាមួយសមភាគីតួកគី លោក Recep Tayyip Erdogan ថា លោកបានត្រៀមលក្ខណ ពិភាក្សាជាមួយអ៊ុយក្រែន ប្រសិនបើទីក្រុងគៀវ យល់ព្រម តាមការចង់បានរបស់រុស្ស៊ី ស្តីពីតំបន់ដែលរុស្ស៊ីទើបតែដាក់បញ្ចូលក្រោមការគ្រប់គ្រងរបស់ខ្លួន។ប្រធានាធិបតីតួកគី លោក រេសិប តាយីព អឺដូហ្កាន់ (Recep Tayyip Erdogan) នៅថ្ងៃព្រហស្បតិ៍នេះ បានជំរុញយ៉ាងទទូចឱ្យ ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ប្រកាសបទឈប់បាញ់ «ឯកតោភាគី» នៅអ៊ុយក្រែន។
យោងតាមសេចក្តីថ្លែងការណ៍ របស់ការិយាល័យប្រធានាធិបតីតួកគី ក្នុងជំនួបតាមទូរស័ព្ទជាមួយលោក ពូទីន លោក អឺដូហ្កាន់ បាននិយាយទៅកាន់លោកប្រធានាធិបតីរុស្ស៉ី យ៉ាងដូច្នេះថា «ការអំពាវនាវដើម្បីសន្តិភាពនិងកិច្ចចរចា គួរតែត្រូវបាន គាំទ្រដោយបទឈប់បាញ់ឯកតោភាគី រួមជាមួយចក្ខុវិស័យសម្រាប់ដំណោះស្រាយប្រកបដោយតម្លាភាព»។ ក្នុងថ្ងៃជាមួយគ្នានេះ សម្តេចសង្ឃសាសនាគ្រឹស្តនិកាយអូតូដុក (Orthodox) នៅប្រទេសរុស្ស៉ី ក៏បានចេញមុខអំពាវនាវឱ្យមាន បទឈប់បាញ់សង្រ្គាមអ៊ុយក្រែន សម្រាប់ឱកាសបុណ្យគ្រឹស្មាស់អូតូដុក ក្នុងសប្តាហ៍នេះផងដែរ។
លោក អឺដូហ្កាន់ នឹងត្រូវជជែកអំពីបញ្ហាខាងលើបន្តទៀត ក្នុងកិច្ចសន្ទនាដាច់ដោយឡែកជាមួយ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ក្នុងថ្ងៃព្រហស្បតិ៍ដដែលនេះ។ មេដឹកនាំតួកគីរូបនេះ បានប្រើប្រាស់ទំនាក់ទំនងល្អរបស់លោក ទាំងជាមួយទីក្រុងមូស្គូនិងទីក្រុងកៀវ ដើម្បីព្យាយាមសម្របសម្រួលបញ្ចប់សង្រ្គាម។
កាលពីពេលដំបូងៗ តួកគីធ្លាប់បានធ្វើជាម្ចាស់ផ្ទះ នៃជំនួបចរចាសន្តិភាពចំនួន២លើក ហើយបន្ទាប់មក ក៏បានជួយសម្រេចកិច្ចព្រមព្រៀងគាំទ្រដោយ អង្គការសហប្រជាជាតិស្តីពីការបើកឡើងវិញ នូវការនាំចេញគ្រាប់ធញ្ញជាតិអ៊ុយក្រែន តាមតំបន់សមុទ្រខ្មៅផងដែរ។ ទល់នឹងពេលនេះ លោក អឺដូហ្កាន់ បានព្យាយាមប៉ុន្មានលើកហើយ ដើម្បីនាំលោក ពូទីន និងលោក ហ្សេលេនស្គី មកអង្គុយទល់មុខគ្នា នៅតួកគីដើម្បីចរចារកសន្តិភាព៕
រូបថត : Reuters