នៅពេលដែលទឹកក្នុងដងទន្លេសែនប្រទេសបារំាងកើនឡើងជាបន្តបន្ទាប់ ធ្វើឲ្យពលរដ្ឋព្រួយបារម្ភ ហើយបាដាក់សំណួរសួរថា តើទឹកទន្លេអាចជនលិចទីក្រុងប៉ារីសដែលឬទេ? ទីក្រុងប៉ារីសធ្លាប់រងការលិចលង់យ៉ាងខ្លាំងបំផុតក្លាយជាប្រវត្តិសាស្ត្រគឺនៅឆ្នាំ១៩១០ ដោយទឹកទន្លេកើនឡើងខ្ពស់បណ្តាលមកពីភ្លៀងធ្លាក់ខ្លាំង។
តាំងពីពីរបីថ្ងៃមកហើយ ដែលអ្នកការពារបរិស្ថានបារាំងបានលើកឡើងអំពីទំនាក់ទំនងរវាងគ្រោះទឹកជំនន់ ភ្លៀងធា្លក់ឥតឈប់ឈរ លើប្រទេសបារាំងនេះ ទៅនឹងការប្រែប្រួលនេះអាកាសធាតុ។ លោកប្រធានាធិបតីបារាំង បានមានប្រសាសន៍ថា ភ្លៀងធ្លាក់ខ្លាំងរហូតក្លាយជាទឹកជំនន់ បញ្ជាក់ពីភាពចាំបាច់ក្នុងការប្រយុទ្ធប្រឆាំងនឹងការឡើងកម្តៅ អាកាសធាតុ ដែលពិភពលោកទាំងមូលត្រូវបញ្ចេញសកម្មភាពទាំងអស់គ្នា។
នៅប្រទេសបារាំង រដូវដែលអាចមានទឹកជំនន់ខ្លាំងគឺនៅរវាងពីខែធ្នូដល់ខែកុម្ភៈ។ តែឆ្នាំនេះដល់ខែមិថុនា ដែលធម្មតាជារដូវផ្ការីក អាកាសធាតុក្តៅល្មមទៅហើយ គេឃើញមានតែមេឃអាប់អួរ និងភ្លៀងធ្លាក់យ៉ាងជោគជាំ ស្ទើរគ្មានលួសថ្ងៃ រហូតបង្កឱ្យមានទឹកជំនន់។ ទឹកជំនន់ដែលមិនកើតមាននៅប្រទេសបារាំងទេ ទន្ទឹមពេលជាមួយគ្នានេះនៅអាល្លឺម៉ង់ ទឹកជំនន់បានសម្លាប់មនុស្សអស់៩នាក់។
ក៏ប៉ុន្តែអ្នកវិទ្យាសាស្ត្រមិនទាន់មានសមត្ថភាពពន្យល់ និងបានចេញសេចក្តីសន្និដ្ឋានអំពីហេតុនិងផលនៃភ្លៀងទឹកជំនន់និងការប្រែប្រួលអាកាសធាតុទេ។ បើទោះបីពួកគេបានទទួលស្គាល់ថា ក្នុងរយៈពេលជាង៦០ឆ្នាំចុងក្រោយនេះ មានភ្លៀងធ្លាក់ច្រើនជាងមុន ហើយនិន្នាការនេះនឹងបន្តទៅថ្ងៃអនាគត ភ្លៀងកាន់តែច្រើននិងយូរខែ ឯរដូវប្រាំងវិញ កាន់តែស្ងួតកាន់តែក្តៅ។
ក្រសួងស្ថាប័ន ក្រុមហ៊ុនដែលមានទីតាំងនៅតាមមាត់ទន្លេសែន ជាពិសេសសារមន្ទីរ Louvre សារមន្ទីរ Quai d’Orsay បណ្ណាល័យ François Mitterrand បានបិទទ្វារនៅថ្ងៃនេះ ដើម្បីជាការបង្ការ និងដើម្បីឱ្យបុគ្គលិកត្រៀមរៀបចំរើចម្លាក់ និងវត្ថុបុរាណនៅក្រោមដី ទៅដាក់នៅទីមានសុវត្ថិភាព ក្រែងមានការជ្រាបលិចទឹក ជាយថាហេតុចៃដន្យណាមួយ។ ខ្សែរថភ្លើងក្រោមដី មួយខ្សែដ៏ចំណាស់ជាងគេ រត់ស្របតាមដងទន្លេសែន ត្រូវបានផ្អាកដំណើរការរត់កាត់ទីក្រុង។ ខ្សែផ្សេងៗក៏មានដំណើរការយ៉ាងរអាក់រអួលដែរ។ ចំណែកផ្លូវតាមមាត់ទន្លេ ក៏ត្រូវបានបិទ ទាំងស្រុងដែរ ដែលបង្កឱ្យមានកកស្ទះចរាចរណ៍ខ្លាំងខុសធម្មតានៅក្នុងក្រុង។
សូមបញ្ជាក់ថា ទឹកជំនន់បានគំរាមកំហែងតំបន់ជាយក្រុងប៉ារីស តាំងពីថ្ងៃអង្គារមកម្ល៉េះ។ តំបន់ខ្លះ មានទឹកចូលលិចទីប្រជុំជនក្រុងដល់ជាងមួយម៉ែត្រ និងក្រុងខ្លះទៀត កំពុងបន្តស្ថិតនៅក្នុងស្ថានភាពអាសន្នកំរិតខ្ពស់បំផុតផង នៅថ្ងៃនេះ។ មានមនុស្សពីរនាក់បានស្លាប់ និងប្រមាណ២ម៉ឺននាក់ត្រូវជម្លៀស-សង្គ្រោះ។ ការខូតខាត ផ្នែកសម្ភារៈ និងខាតបង់ថវិកាដោយសារទឹកជំនន់ អាចមានទំហំធំធេងខ្លាំង ដែលគេនឹងអាចដឹងច្បាស់ នៅពេលទឹកស្រកអស់៕
ប្រែសម្រួល៖ ម៉ែវ សាធី