ឥណ្ឌាមិនត្រឹមតែជាប្រទេសដែលមានពលរដ្ឋច្រើនជាងគេបំផុតទី២នៅលើពិភពលោកប៉ុណ្ណោះទេ ថែមទាំងជាទីផ្សារសិល្បៈភាពយន្ដ, សព្វាវុធ, ពលករស៊ីឈ្នួលឈានមុខគេនៅលើពិភពលោកទៀតផង ។
ឥណ្ឌាជាប្រទេសទិញសព្វាវុធច្រើនបំផុតទី២លើពិភពលោក
មនុស្សជាច្រើនយល់ច្រឡំថា ប្រទេសដែលមានស្ថានភាពនយោបាយយោធាដូចជាអាហ្វហ្គានីស្ថាន និងអ៊ីរ៉ាក់នឹងឈានមុខគេក្នុងការទិញសព្វាវុធពីបរទេស ។ ប៉ុន្ដែការពិតគឺចិននិងឥណ្ឌាឯណោះវិញទេដែលជាប្រទេសមហា អំណាចតំបន់អាស៊ីដែលទើបតែលេចធ្លោក្នុងសម័យកាលវិបត្ដិសេដ្ឋកិច្ច ទើបជាប្រទេសឈានមុខគេក្នុងការទិញសព្វាវុធពីបរទេស ។ ក្នុងឆ្នាំកន្លងមកចិនទិញសព្វាវុធពីបរទេស៩ភាគរយ និងឥណ្ឌា៧ភាគរយ ។
តាមតួលេខរបស់អង្គការស្រាវជ្រាវសន្ដិភាពទីក្រុងស្ដុកខម SIPRI បានបញ្ជាក់ថា តម្លៃនៃការទិញសព្វាវុធរបស់ឥណ្ឌាកើនឡើងទ្វេដងបើប្រៀបធៀបនិងឆ្នាំ២០០៩ ដែលមានតែ ២,១ពាន់លានដុល្លារប៉ុណ្ណោះ។
ក្នុងចំណោមសព្វាវុធដែលឥណ្ឌាទិញក្នុងដំណាក់កាលនោះរួមមានយន្ដហោះចម្បាំង៨២គ្រឿង ប្រភេទ Sukhoi -30 MKI , រថក្រោះ T-90 របស់រុស្ស៊ី និងប្រព័ន្ធប្រកាសអាសន្ន A-50/phalcon របស់អ៊ីស្រាអែលទៀតផង ។
ពលរដ្ឋក្រីក្រ១ភាគ៣លើពិភពលោករស់នៅប្រទេសឥណ្ឌា
តាមធនាគារពិភពលោកដែលបានប៉ាន់ប្រមាណថា មានពលរដ្ឋប្រមាណ ១,៤ពាន់លាននាក់រស់នៅក្រោមកម្រិតក្រីក្រ ។ ក្នុងនោះឥណ្ឌាមានរហូតដល់ ១ភាគ៣ ស្មើនឹង៤៥៦លាននាក់ ។ ចំនួនអ្នកក្រីក្រស្មើនឹង៤២ភាគរយនៃពលរដ្ឋ ទូទាំងប្រទេសឥណ្ឌា ។ តាមកម្រិតរបស់ធនាគារពិភពលោកអ្នកដែលរកបានប្រាក់ចំណូល ១.២៥ដុល្លារក្នុងមួយថ្ងៃ ស្ថិតក្នុងខ្សែបន្ទាត់អ្នកក្រីក្រ ។
ទោះបីរដ្ឋាភិបាលឥណ្ឌាបានខិតខំយ៉ាងខ្លាំងក្នុងការលុបបំបាត់ភាពក្រីក្រ ប៉ុន្ដែល្បឿននៃការកាត់បន្ថយអ្នកដែលរកប្រាក់ចំណូលក្រោមខ្សែបន្ទាត់ក្រីក្រមានការយឺតយ៉ាវ ។
ពលករឥណ្ឌាមាន១ភាគ៤នៃកម្លាំងពលករពិភពលោក
ប្រជាជនក្នុងចន្លោះអាយុពី១៥-៥៩ ឆ្នាំនៅឥណ្ឌាកើនឡើងពី ៥៣.៣ភាគរយ ដល់ ៥៦.៩ភាគរយ ។ រឿងនេះមានន័យថា ពលរដ្ឋ ៣ភាគរយក្នុងចំណោម ១.២ពាន់លាននាក់នៅឥណ្ឌាបានចូលរួមនៅក្នុងទីផ្សារពលកម្មលើពិភពលោក (តួលេខរបស់ធនាគារពិភពលោកឆ្នាំ២០០៩) ។ តាមតួលេខពិតប្រាកដចំនួនពលករឥណ្ឌាក្នុងឆ្នាំ២០១១ នេះនឹងមានរហូតដល់ ៥២៦លាននាក់កើនឡើង ១១ភាគរយប្រៀបធៀបនឹងឆ្នាំ២០០៦ ដែលមានតែ ៤៧២លាននាក់ស្មើនឹង ១ភាគ៤នៃកម្លាំងពលករទាំងអស់នៅលើពិភពលោករយៈពេល៣ឆ្នាំខាងមុខ ។
តម្លៃទីផ្សារអចលនទ្រព្យទីក្រុងមុមបៃនិងញូវដេលីកើតឡើងទ្វេដងរយៈពេល១៨ខែ
តម្លៃទីផ្សារអចលនទ្រព្យនៅក្នុងប្រទេសឥណ្ឌាកើនឡើងខ្ពស់ធ្វើឱ្យមានអំពើពុករលួយកើនឡើងខ្ពស់ ។ ធនាគារ ជាតិឥណ្ឌាក៏បានបង្កើនការប្រាក់រហូតដល់ ៦ដងក្នុងឆ្នាំកន្លងមក ដើម្បីគ្រប់គ្រងស្ថានភាពតម្លៃអចលនទ្រព្យឡើង ខ្ពស់ ។ ប៉ុន្ដែតម្លៃដីនៅទីក្រុងទាំង២ខាងលើនឹងថយចុះក្នុងពេលខាងមុខពេលផ្ទៃដី ៤,៦លានម៉ែត្រក្រឡានឹងដាក់ចូលក្នុងទីផ្សារក្នុងរយៈពេល១៨ខែខាងមុខ ។
ប្រាក់បៀរវត្សពាក់កណ្ដាលសម្រាប់ពលករផ្នែក IT លើពិភពលោកធ្លាក់មកលើឥណ្ឌា
អាមេរិកនិងសហគមន៍អឺរ៉ុបគឺជាអតិថិជនដ៏ធំបំផុតរបស់ឥណ្ឌា ដែលមានរហូតដល់ ៦០ភាគរយនិង ៣១ភាគរយនៅក្នុងវិស័យបច្ចេកវិទ្យាព័ត៌មានមានតម្លៃរហូត ៤៧ពាន់លានដុល្លារក្នុងនោះសេវាកម្មហិរញ្ញវត្ថុមាន៤១ភាគរយ បច្ចេកវិទ្យានិង ទូរគមនាគមន៍ ២០ភាគរយ ការផលិត ១៧ភាគរយ និងលក់រាយ ៨ភាគរយ ។ អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះ គឺការលក់រាយ Walmart ដ៏ធំបំផុតបានផ្ដល់ឱ្យឥណ្ឌា ១ពាន់លានដុល្លារសម្រាប់បុគ្គលិកខាងក្រៅលើវិស័យគ្រប់គ្រង ។
ចំនួនផ្លែស្វាយនៅឥណ្ឌាស្មើនឹងពាក់កណ្ដាលផ្លែស្វាយលើពិភពលោក
ឆ្នាំ២០១០ ឥណ្ឌាប្រមូលផលស្វាយ បានរហូតដល់១២លានតោនស្មើនឹង ៥០ភាគរយនៃទិន្នផលផ្លែស្វាយទាំងអស់ នៅលើពិភពលោក ។ បណ្ដាប្រទេសបន្ទាប់ពីឥណ្ឌានោះគឺចិន ថៃ ម៉ិចស៊ីក ប៉ាគីស្ថាន ហ្វីលីពីន ឥណ្ឌូនេស៊ី ។
តំបន់ Cherrapnuji របស់ឥណ្ឌាជាតំបន់ដែលមានសំណើមបំផុតលើពិភពលោក
កម្រិតទឹកភ្លៀងប្រចាំឆ្នាំនៅតំបន់នេះមានរហូតដល់ ១០,៧៩៥ម៉ែត្រស្មើនឹង ៤២៥អ៊ីញ ។ ភាគច្រើនភ្លៀងធ្លាក់ខ្លាំងចាប់ពីខែមេសាដល់ខែកញ្ញាជាប្រចាំឆ្នាំ ។
ទីផ្សារភាពយន្ដឥណ្ឌាធំជាងទីផ្សារភាពយន្ដអាមេរិកនិងកាណាដាបូកចូលគ្នា
ដោយឡែកតម្លៃលក់សំបុត្រនៅលើទីផ្សារភាពយន្ដក្នុងឆ្នាំ២០១០ នៅឥណ្ឌាឡើងដល់ ៣.២ពាន់លានដុល្លារក្នុង តម្លៃសំបុត្រមធ្យមដែលមានតែ ៥៥សេនប៉ុណ្ណោះ ។
ក្នុងពេលនោះនៅអាមេរិកតម្លៃសំបុត្រមធ្យមភាគសម្រាប់ចូលទស្សនាខ្សែភាពយន្ដខ្ពស់ជាងឥណ្ឌារហូតដល់ ១៤ដង គឺ ៧.៥ដុល្លារ ។
ក្រុមអ្នកផលិតខ្សែភាពយន្ដល្បីៗនៅលើពិភពលោកដូចជា Twentieth Century Fox , Walt Disney … បានផ្ដោតទៅលើទីផ្សារឥណ្ឌា ។ ជួនកាលក្រុមអ្នកផលិតខ្សែភាពយន្ដបានបញ្ចូលសំឡេងជាភាសា Hindi និងតួសម្ដែងជាជនជាតិឥណ្ឌាទៀតផងដើម្បីប្រកួតប្រជែងនៅលើទីផ្សារនេះ ។
នៅក្នុងដំណាក់កាលនៃវិបត្ដិសេដ្ឋកិច្ចឥណ្ឌាគឺជាគោលដៅដែលបណ្ដាប្រទេសមានសេដ្ឋកិច្ចខ្ពស់ចាប់អារម្មណ៍ជាងគេបំផុតនឹងសហការវិនិយោគទ្រង់ទ្រាយធំជាមួយឥណ្ឌា ។ កន្លងមកឥណ្ឌាបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយ អាមេរិក ចិន អង់គ្លេស បារាំង រុស្ស៊ី ជាដើមដែលមានទឹកប្រាក់រាប់ពាន់លានដុល្លារ ។ ក្រៅពីនេះឥណ្ឌាក៏ជាទីផ្សារ ពលករបច្ចេកវិទ្យាព័ត៌មានឈានមុខគេលើពិភពលោក ។ ជាក់ស្ដែងពេលកន្លងមកថ្មីៗក្មេងស្រីជនជាតិឥណ្ឌាអាយុ ១០ឆ្នាំម្នាក់ជាប់ជាវិស្វករបច្ចេកវិទ្យាព័ត៌មានដោយក្រុមហ៊ុន Microsoft ទទួលស្គាល់ជាផ្លូវការ ៕
ប្រែសម្រួល៖ សាធី