នាយឧត្ដមសេនីយ៍ វង្ស ពិសេន ប្រារព្ធពិធីអបអរខួបលើកទី ៤៤ ទិវាជ័យជម្នះ ៧មករា នៅស្រុកពារាំង

ចែករំលែក៖

ខេត្តព្រៃវែង ៖ ជាសក្ខីភាពនៃសុខសន្តិភាព និងការរស់រានជាថ្មី នៅព្រឹកថ្ងៃទី៧ មករា ២០២៣ នេះ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ ថ្ងៃជ័យជម្នះ ៧មករា (៧ មករា ១៩៧៩-៧ មករា ២០២៣) នៅស្រុកពារាំង ខេត្តព្រៃវែង។

នៅចំពោះមុខអង្គពិធីដែលមានសមាជិកចូលរួមប្រមាណជាងមួយពាន់នាក់ នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានអានសុន្ទរកថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា ចំពោះអត្ថន័យថ្ងៃជ័យជម្នះជាប្រវត្តិសាស្រ្តលើរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានសង្រ្គោះជាតិ និងប្រជាជនកម្ពុជាឲ្យរស់រានមានជីវិតឡើងវិញ។

សន្ទរកថាសម្តេចតេជោ ហ៊ុន សែន ក៏បានរំលេចពីការចងចាំចំពោះគុណូបការៈដ៏ឧត្តុង្គឧត្តមរបស់កម្មាភិបាល យុទ្ធជន យុទ្ធនារី អ្នកសេ្នហាជាតិជាច្រើនឥតគណនា និងយុទ្ធជននៃកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានធ្វើពលិកម្មយ៉ាងអង់អាច ដើម្បីរំដោះប្រជាជនកម្ពុជាពីរបបប្រល័យពូជសាសន៍ និងការពារការរស់ឡើងវិញរបស់ប្រជាជន។

នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានគូសបញ្ជាក់ថារយៈពេល៤៤ឆ្នាំមកនេះ ផ្តើមចេញពីជ័យជម្នះ៧មករា ររាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន​ ជាប្រមុខ បាន​​ខិត​ខំ​ស្តារ​ កសាង​ និ​ង​​​អភិវឌ្ឍ​ប្រទេស​ពី​​បាត​ដៃ​ទទេ​ រហូត​មាន​អ្វី​ៗ​គ្រប់​យ៉ាង​ រួម​ទាំង​​​ដំណើរ​ការ​​លទ្ធិ​ប្រជា​ធិបតេយ្យ ការ​គោរព​សិទ្ធិមនុស្ស ការ​អភិវឌ្ឍ​​​​សេដ្ឋកិច្ច​ជាតិ​​ឲ្យ​​មាន​​កំណើន​ជារៀង​រាល់​ឆ្នាំ​ ជាពិសេស​​ការ​ធ្វើឱ្យសង្គមជាតិទទួលបានសុខសន្តិភាព ធានា​​បាន​​ស្ថិរភាព​​នយោ​បាយ​ សន្តិសុខ​ទូទាំង​​​ផ្ទៃ​ប្រទេស។

លើមូលដ្ឋាននៃពលិកម្ម និងសមិទ្ធផលដ៏ធំធេងនេះ នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានផ្ដាំផ្ញើដល់អង្គវិធីទាំងមូលត្រូវវាយតម្លៃឲ្យបានច្បាស់លាស់ ចំពោះការជ្រើសរើសមេដឹកនាំដែលប្រកបដោយទឹកចិត្តស្នេហាជាតិ មានសមត្ថភាព ស្វែងរកសន្តិភាព ការពារបានសន្តិភាព ដើម្បីភាពសុខសាន្តរបស់ប្រជាពលរដ្ឋ ជាក់ស្តែង សម្តេចតេជោ ហ៊ុន សែន មិនត្រឹមតែបានរំដោះជាតិពីរបបប៉ុល ពត ប៉ុណ្ណោះទេ សម្តេចតេជោ ក៏នៅបានសង្គ្រោះប្រជាពលរដ្ឋពីជ្រោះមរណៈនៃជំងឺកូវីដ១៩ផងដែរ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print