ភ្នំពេញ ៖ លោកអភិបាលខណ្ឌពោធិ៍សែនជ័យធ្វើការឃាត់រថយន្តកង់៦ ចំនួន៦គ្រឿង ដឹកខ្សាច់ ថ្ម និង១គ្រឿងពុំមានដឹកអ្វី នាំយកទៅរក្សាទុកជាបណ្តោះអាសន្ននៅសាលាសង្កាត់ត្រពាំងក្រសាំងដើម្បីសាកសួរត្រួតពិនិត្យរកប័ណ្ឌបើកបរ ច្បាប់ចូលក្រុង នៅរសៀលថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៦ នេះ ។
បន្ទាប់ពីលោក ហែម ដារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ បានបញ្ជាឲ្យកម្លាំងអាជ្ញាធរ កម្លាំងប្រជាការពារ ចុះប្រតិបត្តិការ ចាប់ឃាត់រថយន្តបែន ដែលបើកឆ្លងកាត់ផ្លូវលំក្នុងភូមិសាស្រ្ត សង្កាត់ត្រពាំងក្រសាំង ដើម្បីសាកសួរត្រួតពិនិត្យប័ណ្ឌបើកបរ ច្បាប់អាជីវកម្ម ច្បាប់អនុញាតិចូលក្រុង ទើបនៅរសៀលថ្ងៃនេះ កម្លាំងប្រជាការពារចាប់ឃាត់បានរថយន្តចំនួន ៦គ្រឿង ដឹកខ្សាច់ ដឹកថ្ម និងរថយន្ត ១គ្រឿងអត់មានដឹកអ្វី នាំយកមករក្សាទុកជាបណ្តោះអាសន្ន រងចាំសម្រេចពីលោកអភិបាលជាមុនសិន ។
តាមប្រជាពលរដ្ឋមានការងឿងឆ្ងល់ថា ចុះខ្វះអីរថយន្តបែន ដឹកមិនដឹក បើកតាមផ្លូវលំ ផ្លូវជាតិ ស្អេកស្កះ បើចង់ចាប់វិញ បានច្រើនលើសនេះរយដងទៅទៀត បញ្ជាឲ្យចាប់តែតាមផ្លូវលំ បានតែ៦គ្រឿងទៅវិញ ។
បើតាមការត្អូញត្អែពីអ្នកបើកបររថយន្តទាំងនោះវិញបានឲ្យដឹងថា រថយន្តបែនមានច្រើនដែលបើកឆ្លងកាត់ទឹកដីភូមិសាស្រ្តខណ្ឌពោធិ៍សែនជ័យ ហើយចុះចាប់នេះទៀតសោត ហាក់បីដូចជារើសអើង ចុះចាប់តែរថយន្តដឹកខ្សាច់ ដឹកថ្ម បើកឆ្លងកាត់លើកំណាត់ផ្លូវលំក្នុងភូមិសាស្រ្តសង្កាត់ត្រពាំងក្រសាំងទៅវិញ ចំណែករថយន្តលើផ្លូវជាតិផ្លូវផ្សេងៗទៀតមិនបានអនុវត្តន៍ចាប់ឡើយ ។
ក្រោយពីឃាត់រថយន្តបែនទាំង៦គ្រឿងសាកសួររកប័ណ្ឌបើកបរ ច្បាប់អាជីវកម្ម និងច្បាប់ចូលក្រុងរបស់ពួកគាត់មិនមានក៏ដោយ ដោយសារតែរថយន្តរបស់ពួកគាត់ដឹកមិនចូលដល់កណ្តាលក្រុងឡើយ ពោលក្នុងភូមិសាស្រ្ត ខណ្ឌពោធិ៍សែនជ័យ សែនសុខ ជិតៗនឹងទេ ហើយបើកទៀតសោត ពួកគាត់សុខចិត្តបើកតាមផ្លូវលំខាងលើ ពោលគីផ្លូវដែលងាយនឹងដល់ដេប៉ូរបស់គាត់ ។ ដោយឡែកមានរថយន្តបែន១គ្រឿងទៀតអត់មានដឹកអ្វីសោះ គ្រាន់រត់កាត់តាមផ្លូវខាងលើ ក៏ត្រូវបានចាប់ឃាត់យកមកជាមួយជាប់នឹងគេដែរ ។
ទោះជាហេតុផលរបស់អ្នកបើកបររថយន្តទាំង៦គ្រឿងខាងលើយ៉ាងណាក៏ដោយ ការសម្រេច ឬដំណោះស្រាយយ៉ាងណារងចាំលោកអភិបាលសម្រេចជាមុនសិន នេះបើតាមសម្តីអ្នកចុះអនុវត្តន៍ចាប់រថយន្តខាងលើ ៕
ដោយ៖ សុខាសែនជ័យ