កងទ័ពមួកខៀវកម្ពុជា៤៨រូបបន្ថែមចេញ​ដំណើរ​ទៅបំពេញ​បេសកកម្ម​រក្សា​សន្តិភាព ​នៅ​​ប្រទេសម៉ាលី

ចែករំលែក៖

ភ្នំពេញ៖ យប់ថ្ងៃទី៧ ខែមករានេះ កងទ័ពមួកខៀវកម្ពុជាជិត៥០រូបបន្ថែមទៀត បានចេញដំណើរបំពេញ​បេសកកម្មថែរក្សាសន្តិភាពអង្គការសហប្រជាជាតិ UN នៅប្រទេសម៉ាលី ដើម្បីពង្រីកការធ្វើសកម្ម​ភាព​បោស​សំអាតគ្រាប់មីន កម្ទេចកាកសំណល់សង្គ្រាម គ្រាប់មីនទាន់ផ្ទុះ និងការស្ថាបនា ថែទាំព្រលានយន្តហោះ។

បើតាមឧត្តមសេនីយ៍ទោ កុសល ម៉ាលីនដា អគ្គ នាយករងមជ្ឈមណ្ឌលជាតិ គ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសំអាតមីន និងកាកសំណល់សង្គ្រាម បានឲ្យដឹងក្នុងឱកាសជូនដំណើរកងកម្លាំងនៅអាកាស​យានដ្ឋានអន្តរជាតិភ្នំពេញថា ជាក់ស្តែងការបញ្ជូនទ័ពមួកខៀវកម្ពុជាប្តូរវេនរយៈពេល១ឆ្នាំម្តងទៅបំពេញ​បេសក​កម្ម​ថែ​រក្សាសន្តិភាពUN នៅប្រទេសម៉ាលីនេះ គឺមានចំនួនសរុប ២៧៣រូប ហើយការបញ្ជូននោះ​ត្រូវ​បាន​ធ្វើ​ឡើងជាពីរដំណាក់កាល ហើយនៅដំណាក់កាលចុងក្រោយនេះ ត្រូវបានចេញដំណើរនៅយប់​ថ្ងៃ​ទី៧ ខែមករាឆ្នាំ២០២៣ មាន​ចំនួនសរុប ៤៨រូប។

លោកស្រីឧត្តមសេនីយទោ កុសល ម៉ាលីនដា ថ្លែងថា សម្រាប់កងកម្លាំងមួកខៀវកម្ពុជា ដែលបញ្ជូនទៅ​ប្រទេស​ម៉ាលីនោះ គឺមានតួនាទីភារកិច្ចសំខាន់ធ្វើ សកម្មភាពបោសសំអាតគ្រាប់មីន កម្ទេចគ្រាប់មិនទាន់ផ្ទុះ (EOD) និងកងកម្លាំងវិស្វកម្មធ្វើការថែទាំព្រលាន យន្តហោះ ទៅបំពេញបេសកកម្មរក្សាសន្តិភាព ក្រោម​ឆត្រ​អង្គការ​សហប្រជាជាតិនៅសាធារណរដ្ឋម៉ាលី ។

លោកស្រីឧត្តមសេនីយ៍ទោ កុសល ម៉ាលីនដា ថ្លែងថា ប្រទេសកម្ពុជាបច្ចុប្បន្នកំពុងបានក្លាយជាប្រទេស​ឈាន​មុខ​គេ​មួយ​ក្នុងការបញ្ជូនអ្នកដោះមីនរបស់ខ្លួនទៅសម្រាលទុក្ខលំបាករបស់ប្រជាជនដទៃទៀត​ដែលរងផលប៉ះពាល់ដោយសង្គ្រាម។

...

ចាប់​តាំង​ពី​ឆ្នាំ​២០០៦ រហូតមកដល់ឆ្នាំ២០២៣ កម្ពុជាបានបញ្ជូនកងរក្សាសន្តិភាពសរុបចំនួន ៨.៥២៣នាក់ ទៅចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហ ប្រជាជាតិ នៅក្នុងប្រទេសចំនួន៩ រួមមាន ប្រទេស​ស៊ូដង់,ស៊ូដង់ខាងត្បូង,ឆាដ,អាហ្វ្រិកកណ្តាល,លីបង់, ស៊ីប,ស៊ីរី,ម៉ាលី និងយេម៉ែនខណៈបច្ចុប្បន្ន កងរក្សា សន្តិភាព កម្ពុជា ចំនួន ៨០១ នាក់ បាននិងកំពុងបំពេញឈរជើងបំពេញបេសកកម្មរក្សាសន្តិភាព UN នៅប្រទេសស៊ូដង់ខាងត្បូង លីបង់ ម៉ាលី និង សាធារណរដ្ឋ អាហ្វ្រិកកណ្តាល៕ ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print