ហាមឃាត់ការចែកចាយ ឬលក់ឱសថឈ្មោះ Aluminate1234 ដែលគ្មានលេខបញ្ជិកា និងគ្មានការទទួលស្គាល់ពីក្រសួងសុខាភិបាលកម្ពុជា
ភ្នំពេញ : ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា៖ យោង តាមការពិនិត្យឃើញលើបណ្តាញសង្គមហ្វេសប៊ុក (Facebook) មានគណនីឈ្មោះ ឯកទេសក្រពះ និង ពោះវៀន កំពុង ផ្សព្វផ្សាយលក់ឱសថឈ្មោះ ALUMINATE1234 គ្មានលេខបញ្ជិកា និងគ្មានការទទួលស្គាល់ពីក្រសួងសុខាភិបាល គិតត្រឹម ថ្ងៃទី២៩ ខែ ធ្នូ ឆ្នាំ២០២២ ។
អនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងឱសថតម្រូវឱ្យ រាល់ការចរាចរឱសថ និងផលិតផលដែលមានគុណភាពក្នុងការបង្ការ ឬព្យាបាលជំងឺគ្រប់ប្រភេទក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវមានលេខបញ្ជិកាពីក្រសួងសុខាភិបាល។ ដូច្នេះសូមប្រជាពលរដ្ឋមុននឹងទិញឱសថគ្រប់ប្រភេទ សូមពិនិត្យមើលលតាបត្រ បញ្ជិកាដែលមានបិទលើសំបកវេចខ្ចប់ ហើយលតាបត្រដែលត្រឹមត្រូវ គឺមានពីរផ្នែក ១-ផ្នែកខាងលើមានឈ្មោះ ក្រុមហ៊ុន ២-ផ្នែកខាងក្រោមមានលេខបញ្ជិកា ដូចមានគំរូភ្ជាប់មកជាមួយ។
ដើម្បីបង្ការកុំឱ្យកើតមានគ្រោះថ្នាក់បណ្ដាលពីការប្រើប្រាស់ផលិតផលខាងលើនេះ ក៏ដូចជាការពន្យារពេលវេលាក្នុងការព្យាបាលត្រឹមត្រូវ និងខាតបង់ប្រាក់កាសរបស់ប្រជាពលរដ្ឋទៀតនោះ ក្រសួងសុខាភិបាលសូមជូនព័ត៌មានដល់បងប្អូន ប្រជាពលរដ្ឋទាំងអស់មិនត្រូវទិញ និងប្រើប្រាស់ឱសថគ្រប់ប្រភេទ ដែលលក់គ្មានលេខបញ្ជិកាពីក្រសួងសុខាភិបាលឡើយ ព្រោះឱសថទាំងនេះមិនអាចធានាបាននូវគុណភាព និងអាចជាឱសថក្លែងក្លាយ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់ អ្នកប្រើប្រាស់ ឬគ្រោះថ្នាក់ដល់អាយុជីវិតទៀតផង។
ក្រសួងសុខាភិបាលតម្រូវឱ្យបុគ្គលដែលចែកចាយ ឬលក់ឱសថគ្មានលេខបញ្ជីកាខាងលើ រួមទាំងជនពាក់ព័ន្ធ
ដទៃទៀតត្រូវបញ្ឈប់ការនាំចូល ចែកចាយ ឬលក់ឱសថខាងលើនេះជាបន្ទាន់។ ក្រសួងសុខាភិបាលនឹងមានវិធានការតឹងរ៉ឹង ទៅតាមផ្លូវច្បាប់ចំពោះជនណាចែកចាយ ឬលក់ឱសថគ្មានលេខបញ្ជិកាខាងលើ និងជនពាក់ព័ន្ធដទៃទៀតទៅតាមច្បាប់ស្តី ពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថជាធរមាន ៕
ដោយ : សិលា