ភ្នំពេញ : បើយោងតាមប្រភពពី នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ បានអោយដឹងថា, នាព្រឹកថ្ងៃអង្គារ ទី១០ ខែមករា ឆ្នាំ២០២៣ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកវេទិកា ស្ដីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល លើកទី០៥ ដោយមានការអញ្ជើញចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងអគ្គស្នងការដ្ឋាននគរបាលជាតិ អភិបាលរាជធានី-ខេត្ត ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀតសរុបប្រមាណជា ៣០០នាក់ ដែលពិធីនេះប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ។
នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញថ្លែងសុន្ទរកថាបើកវេទិកាថា រាជរដ្ឋាភិបាលកម្ពុជា មានកាតព្វកិច្ច និងបន្ដប្ដេជ្ញាចិត្តក្នុងការពង្រឹងដំណើរការលទ្ធិប្រជាធិបតេយ្យ ព្រមទាំងការលើកស្ទួយសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ និតិរដ្ឋ និងលំហនយោបាយតាមរយៈការពិគ្រោះយោបល់ជាមួយគ្រប់តួអង្គពាក់ព័ន្ធនានា ក្នុងការដឹកនាំ គ្រប់គ្រង និងអនុវត្តសេដ្ឋកិច្ចសង្គម ប្រកបដោយប្រសិទ្ធិភាព។ ក្នុងន័យនេះ រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកអង្គការសង្គមស៊ីវិល ជាដៃគូរក្នុងការចូលរួមលើកកម្ពស់ ប្រជាធិបតេយ្យ សេរីភាព និងការគោរពសិទ្ធិមនុស្ស ការពង្រឹងនិតិរដ្ឋ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។
ជាមួយគ្នានេះ សម្ដេចក្រឡាហោម បានបន្ដថា ជាក់ស្ដែងសមិទ្ធផល នៃការរីកចម្រើន និងការអភិវឌ្ឍន៍ប្រទេសជាតិ ដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបាននាពេលកន្លងមក និងពេលបច្ចុប្បន្ននេះ គឺរួមមានទាំងភាពជោគជ័យ នៃយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ផងដែរ។ ជាងនេះទៀត សម្តេចក្រឡាហោម បានបន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកថា សមិទ្ធផលដែលសម្រេចបានទាំងនេះ គឺពិតជាមានការចូលរួមចំណែកគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងនោះ មានដៃគូរអភិវឌ្ឍ វិស័យឯកជន ប្រជាពលរដ្ឋ អង្គការសង្គមស៊ីវិល ដែលបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្ដល់កិច្ចសហប្រតិបត្តិការ និងគាំទ្រវិស័យសេវាសង្គមនានា នៅតាមមូលដ្ឋាន ជនបទ និងសហគមន៍ ជាដើម។
សម្ដេចក្រឡាហោម បន្ថែមថា ទន្ទឹមនឹងនេះ អង្គការសង្គមស៊ីវិល ក៏បានចូលរួមធ្វើសកម្មភាព តាមរយៈការចូលរួមស្វែងរកដំណោះស្រាយដល់ការគាំទ្រជាមួយរាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់សិទ្ធិមនុស្ស ប្រព័ន្ធយុត្តិធម៌ ការអប់រំសុខភាព និងបរិស្ថានជាដើម។ សម្ដេច បន្ដថា គិតត្រឹមដំណាច់ខែធ្នូឆ្នាំ ឆ្នាំ២០២២នេះ មានសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកដែលបានតម្កល់សំណុំឯកសារ និងចុះបញ្ជីចំនួនសរុប ៦.១០៩ ក្នុងនោះ សមាគម ចំនួន ២.៦២៣ និងអង្គការមិនមែនរដ្ឋាភិបាលចំនួន ៣.៤៦៨។ បន្ទាប់ពីច្បាប់ ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល បានចូលជាធរមាន កាលពីឆ្នាំ២០១៥ សមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក មានចំនួនសរុប ១.៥៥៦ ត្រូវបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ ស្របតាមច្បាប់ ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ក្នុងនោះ សមាគម ៨៦៨ និងអង្គការមិនមែនរដ្ឋាភិបាលចំនួន ៦៨៨។
លើសពីនេះទៀត សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ឱ្យដឹងទៀតថា «បើយើងមើលចំនួន សមាគម និងអង្គការសង្គមស៊ីវិល ដែលបានចុះនៅក្នុងព្រះរាជាណាចក្រកម្ពុជា យើងអាចវាយតម្លៃបានថា រាជរដ្ឋាភិបាលកម្ពុជា គឺពិតជាបានយកចិត្តទុកដាក់ដល់សិទ្ធិ និងគាំទ្រ ឱ្យមានការចូលរួមពីគ្រប់សមាគម និងអង្គការសង្គមស៊ីវិលទាំងអស់ ជាពិសេស ក្នុងនាមជាដៃគូរអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ»។
គួរបញ្ជាក់ថា វេទិកាភាពជាដៃគូ រវាងរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល ដែលរៀបចំនាពេលនេះ ជាបរិយាកាសដ៏ថ្លៃថ្លាមួយសម្រាប់អង្គការសមាគមបានជួបជុំ ដើម្បីឆ្លុះបញ្ចាំងការអនុវត្តល្អ បញ្ហាប្រឈម និងស្វែងរកដំណោះស្រាយរួមមួយ តាមរយៈការលើកកម្ពស់នូវស្មារតី នៃកិច្ចសហប្រតិបត្តិការ ក្នុងភាពជាដៃគូប្រកបដោយបរិយាបន្ន និងសាមគ្គីភាព។ លើសពីនេះ តាមរយៈការអនុវត្តយុទ្ធសាស្ត្រ ចតុកោណទាំង៤ដំណាក់កាល នាឆ្នាំកន្លងទៅ រាជរដ្ឋាភិបាល សម្រេចបាននូវស្ថិរភាពនយោបាយ កំណើនសេដ្ឋកិច្ច ការអភិវឌ្ឍធនធានមនុស្ស និងការកាត់បន្ថយភាពក្រីក្រផងដែរ៕
ដោយ ៖ សហការី