ប្រជាពលរដ្ឋងាយរងគ្រោះបំផុត ៨១គ្រួសារបន្ថែមទៀតក្នុង ខេត្តស្ទឹងត្រែង បន្តទទួលបានអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា

ចែករំលែក៖

ខេត្តស្ទឹងត្រែង : បេសកកម្មរយៈពេល២ថ្ងៃនៅលើទឹកដីនៃខេត្តស្ទឹងត្រែង ក្រុមការងារកាកបាទក្រហមកម្ពុជា ដែលដឹកនាំដោយ លោកវេជ្ជ. អ៊ុយ សំអាត នាយកនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ និងសហការី ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំសាខា អនុសាខា ក្រុមប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង បានបន្តនាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បន្តចែកជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតដែលរងផលប៉ះពាល់ពីទឹកជំនន់កន្លងមក សរុប ៨១គ្រួសារ រស់នៅក្នុងឃុំចំនួន២ នៃស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ។ ក្នុងនោះក្រុមការងារបានធ្វើការបែងចែកចំនួន២ទីតាំងផ្សេងគ្នារួមមាន៖ ទីតាំងទី១ ឃុំអូររៃ សម្រាប់ប្រជាពលរដ្ឋ ៥១គ្រួសារ និងទី២ ឃុំថាឡាបរិវ៉ាត់ សម្រាប់ប្រជាពលរដ្ឋ ៣០គ្រួសារ។

ក្នុងឱកាសនោះ លោកវេជ្ជ. បាននាំនូវព្រះរាជបណ្តាំ ហ្លួងម៉ែ នរោត្តម  មុនិនាថ  សីហនុ  ព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត  ប៊ុន រ៉ានី  ហ៊ុនសែន  ប្រធាន ដែលផ្តាំផ្ញើសាកសួរសុខទុក្ខ  ដោយក្តីនឹករលឹក ការគិតគូរពីសុខទុក្ខ  និងជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ ដោយក្តីនឹករលឹកយ៉ាងជ្រាលជ្រៅជាទីបំផុត។ ទន្ទឹមនេះ លោក បាននាំនូវសារអំពាវនាវពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត  ប៊ុន  រ៉ានី  ហ៊ុនសែន  ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលមកចូលរួមទាំងអស់ សូមថែទាំសុខភាពឱ្យបានល្អ ជាពិសេសទៅលើការប្រែប្រួលអាកាសធាតុពីក្តៅទៅត្រជាក់ រួមជាមួយមេឃភ្លៀង ដែលអាចបណ្តាលឱ្យកើតមានជម្ងឺផ្សេងៗ និងសូមបន្តយកចិត្តទុកដាក់ទប់ស្កាត់ជំងឺកូវីដ-១៩ បំប្លែងថ្មី ថ្វីបើមិនទាន់មានករណីឆ្លងនៅកម្ពុជាក៏ដោយ ហើយដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ មានតែការរក្សាអនាម័យឱ្យបានល្អ និងអញ្ជើញទៅទទួលយកការចាក់វ៉ាក់សាំងដូសជំរុញឱ្យបានគ្រប់ៗគ្នា។ មួយវិញទៀតត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះមហន្តរាយផ្សេងៗ គ្រោះរាំងស្ងួត ខ្យល់កន្ត្រាក់ គ្រោះអគ្គីភ័យដែលអាចបណ្តាលឱ្យមានការឆាបឆេះទ្រព្យសម្បត្តិ និងអាយុជីវិតជាយថាហេតុ។

បន្ថែមលើនេះទៀត លោកវេជ្ជ. បានគូសបញ្ជាក់ថា« ថ្ងៃទិវាមហាជ័យជំនះ ៧មករា ជាថ្ងៃកំណើតទី២ របស់ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស ដែលក្នុងនោះសន្តិភាពរយៈពេល៤៤ឆ្នាំកន្លងមកនេះ គឺពិតជាមានសារៈសំខាន់ក្នុងការចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ ម្យ៉ាងទៀតបើគ្មានសុខសន្តិភាពទេ ក៏ក្រុមការងាដូច្នេះហើយសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវថែរក្សាសន្តិភាពមួយនេះឱ្យបានទោះក្នុងតម្លៃណាក៏ដោយ។ ខណៈនោះដែរបន្ទាប់ពីការចែកនៅទីតាំងនីមួយៗរួចមក ក្រុមការងារបានបន្តចុះសាកសួរសុខទុក្ខ និងនាំយកអំណោយទាំងនោះជូនប្រជាពលរដ្ឋចំនួនបីគ្រួសារទៀតនៅតាមខ្នងផ្ទះ ដែលពួកគាត់មិនអាចធ្វើដំណើរមកបាន រួមទាំងបាននាំយកនូវទេយ្យវត្ថុរួមមានអង្ករ១០០គីឡូក្រាម មី៥កេស ត្រីខ៥យួរ ទឹកត្រី៥យួរ ទឹកស៊ីអ៊ីវ៥យួរ ទឹកបរិសុទ្ធ៥កេស និងថវិកាចំនួន៦០ម៉ឺនរៀល ក្នុងនោះក៏មានថវិកាពីសប្បុរសជនក្នុងខេត្តស្ទឹងត្រែង សម្រាប់ប្រគេនព្រះសង្ឃដែលគង់នៅវត្តអូររៃផងដែរ។

សូមបញ្ជាក់ថា អំណោយមនុស្សធម៌ដែលប្រគល់ជូនក្រុមគ្រួសារនីមួយៗទទួលបាន៖ អង្ករ២៥គីឡូក្រាម,  មី១កេស,  ត្រីខ១០កំប៉ុង ,  ទឹកត្រី១យួរ, សាប៊ូ១ដប និងឃីត (សរុង មុង  ភួយ ក្រមា ) ១កញ្ចប់។ ដោយឡែកជនចាស់ជរាឥតទីពឹងក៏ទទួលបានថវិកាមួយចំនួនបន្ថែមទៀតដែរ៕

ដោយ : សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print